សម្តេច​តេជោ​៖ ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ក្លាយជា​កន្លែង​ទេសចរណ៍​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​

0

ដោយ​ វុត្ថា

ភ្នំពេញ​៖ សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ក្លាយជា​ទីកន្លែង​ទេសចរណ៍​កកកុញ​ និង​មាន​ប្រជាប្រិយ​ភាព​បំផុត​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ មិន​ដូច​កាល​ពេលមុន​នោះ​ទេ​ ។

សម្តេច​តេជោ​ ហ៊ុន​ សែន​ ថ្លែង​នៅក្នុង​ពិធី​បើក​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​ (Asia​ Pacific​ Summit​ 2019​-Cambodia​) ថ្ងៃទី១៩​ ខែវិច្ឆិកា​ ឆ្នាំ២០១៩នេះ​ បានឱ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​កាលពីមុន​ជា​ប្រទេស​ត្រូវ​ទទួលរង​នូវ​កា​រហុំ​ព័ទ្ធ​ និង​ឯកោ​ទាំង​ខាងនយោបាយ​ និង​សេដ្ឋកិច្ច​ តែ​នា​ពេល​បច្ចុប្បន្ន​នេះ​បាន​ក្លាយជា​ប្រទេស​ដែល​កំពុង​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​ខ្លួន​យ៉ាងសកម្ម​នៅក្នុង​រចនាសម្ព័ន្ធ​ ទាំង​នៅក្នុង​តំបន់​ និង​ពិភពលោក​។

សម្តេច​បន្ថែម​ថា​ ប្រទេស​កម្ពុជា​បាន​នឹង​កំពុង​ដើរតួ​នាទី​យ៉ាងសកម្ម​ ដោយ​ស្មើ​សិទ្ធិ​ និង​ស្មើភាព​ នៅក្នុង​គ្រប់​កិច្ចការ​តំបន់​ និង​ពិភពលោក​ ។

កម្ពុជា​ពីមុន​ដែល​ល្បី​ថា​ជា​វាល​ពិឃាត​ ជា​តំបន់​អសន្តិសុខ​ ​ជា​ចំការ​មីន​ដែលគេ​ភ័យខ្លាច​គ្រប់គ្នា​ តែ​ឥឡូវនេះ​ បាន​ក្លាយ ទៅ​ជា​ប្រទេស​មួយ​ដែល​មាន​សន្តិភាព​ពេញលេញ​ និង​ជា​តំបន់​ទេសចរណ៍​ប្រកបដោយ​ប្រជាប្រិយ​ភាព​នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ទទួលភ្ញៀវ​ទេសចរណ៍​រាប់​លាន​នាក់​។

សម្តេច​បន្ថែម​ទៀត​ បច្ចុប្បន្ន​នេះ​ ផង​ដែរ​ ប្រជាជន​កម្ពុជា​បាន​នឹង​កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​ សុខដុមរមនា​គ្រប់​ជាតិសាសន៍​ មិន​មានការ​រើសអើង​ ​ប្រជាជន​គ្រប់រូប​រស់នៅ​ទទួល​បាន​សិទ្ធិ​ពេញលេញ​ក្នុង​ការគោរព​ គ្រប់​ជំនឿ​សាសនា​ និង​ទំនៀម​ទំ​លាប់​ ប្រពៃណី​ដោយសេរី​និង​ទទួល​បាន​សេវា​សាធារណៈ​ យ៉ាង​ទូលំទូលាយ​ និង​ស្មើភាព​គ្នា​។

ក្នុងរយៈពេល​ពីរ​ទសវត្សរ៍​ចុងក្រោយ​ បន្ទាប់ពី​ទទួល​បាន​សុខ​សន្តិភាព​នៅ​ចុងឆ្នាំ​ ១៩៩៨​ កម្ពុជា​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​គួរ​ជា​ទី​មោទ​នៈ​ ជាមួយនឹង​កំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជាមធ្យម​ក្នុងរង្វង់​ ៧,៧​% ហើយ​សម្រេច​បាន​នូវ​បង្គោល​ចរ​ជា​ប្រវត្តិសាស្ត្រ​គឺ​ការ​ឆ្លង​ពី​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​ទាប​ ទៅជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតទាប​ នៅ​ឆ្នាំ​ ២០១៥​ ។

អត្រា​នៃ​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​ពី៥៣,២​ ក្នុង​ឆ្នាំ​ ២០០៤​ មក​នៅ​ក្រោម​ ១០​%ក្នុង​ឆ្នាំ​ ២០១៩​ ។ បច្ចុប្បន្ន​ កម្ពុជា​កំពុង​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ដើម្បី​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិតខ្ពស់​នៅ​ឆ្នាំ២០៣០​ និង​ជា​ប្រទេស​ដែល​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០តាមរយៈ​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​ប្រជាជន​កម្ពុជា​ទទួល​បាន​ផ្លែផ្កា​ និង​ឱកាស​ការងារ​ជាច្រើន​ ដើម្បី​លើកស្ទួយ​ជីវភាព​គ្រួសារ​ ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

LEAVE A REPLY

Please enter your comment!
Please enter your name here