ដោយៈ រ៉ាណេត
កំពតៈ ការប្រារព្វពិធីបុណ្យសមុទ្រប្រចាំឆ្នាំលើកទី៨ ជុំទី២នៃខេត្តកំពត ដែលនឹងធ្វើឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២០-២២ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ នឹងធ្វើឡើងក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង” ជាមួយនឹងក្ដីរំពឹងទុកយ៉ាងជឿជាក់ថា អាចទទួលបានកំណើនភ្ញៀវទេសចរចូលរួមច្រើន និងបានផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍នៅកម្ពុជាយ៉ាងទូលាយ។
យោងតាមសេចក្ដីប្រកាសរបស់ក្រសួងទេសចរណ៍បានបង្ហាញថា ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២ ដែលខេត្តកំពតធ្វើជាម្ចាស់ផ្ទះ នឹងប្រារព្ធធ្វើក្រោមប្រធានបទ “ទីក្រុងស្អាត ឆ្នេរល្អ ទេសចរណ៍រុងរឿង” គឺក្នុងគោលបំណងអបអរសាទរឆ្នេរសមុទ្រកម្ពុជាជា សមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតជាងគេលើសាកលលោក ក៏ដូចជាជំរុញលើកតំលៃ និងផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ពិសេសអេកូទេសចរណ៍នៅតំបន់ឆ្នេរសមុទ្រកម្ពុជា។
លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍កាលពីពេលថ្មីៗនេះថា គិតមកដល់ពេលនេះ ក្រោមការខិតខំពីសំណាក់មន្ត្រីជំនាញ និងគណៈកម្មការពាក់ព័ន្ធ ជាពិសេស រដ្ឋបាលខេត្ត ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការរៀបចំតុបតែងលម្អរនៅក្នុងក្រុង និងទីធ្លាសម្រាប់ការប្រារព្វកម្មវិធី គឺយើងសម្រេចបានប្រមាណ៨០ភាគរយហើយ។
លោកបន្តទៀតថា បន្ទាប់បានរៀបចំពិធីបុណ្យសមុទ្រលើកទី១កាលពិពេលកន្លងទៅ ខេត្តកំពតទទួលបានភ្ញៀវទេសចរជាច្រើន រាប់ទាំងភ្ញៀវជាតិ និងភ្ញៀវអន្តរជាតិផងដែរ ដោយសារតែក្រៅពីមានភាពទាក់ទាញទៅលើធនធានធម្មជាតិ ជាពិសេសតំបន់សមុទ្រ គឺថ្នាក់ខេត្តបានរក្សានូវហេដ្ឋារចនាសម្ព័ន្ធ ដែលបានបន្សល់ទុកកាលពីជុំទី១ រួមផ្សំនឹងការបង្កើតផលិតផលទេសចរណ៍ថ្មីៗ។
លោកថោង ខុនបានបន្តថា “ខេត្តកំពតឆ្នាំនេះមានកន្លែងកម្សាន្តជាច្រើន ដែលក្រៅពីតំបន់តំបន់ឆ្នេរ តំបន់បូកគោ តំបន់ទឹកឈូ និងតំបន់ធម្មជាតិជាច្រើនទៀតនោះ គឺមានតំបន់ទេសចរណ៍ធម្មជាតិកែច្នៃ ជាច្រើនកន្លែងទៀត ដូចជាតំបន់ដូងទេ តំបន់ស្រែអំបិល តំបន់កំពង់ក្របៅ និងតំបន់ចំការម្រេចផងដែរ ដែលសុទ្ធតែជាគោលដៅទេសចរណ៍ទាំងអស់។
លោកបានបន្ថែមទៀតថា “ពិធីបុណ្យសមុទ្រឆ្នាំនេះ កាន់តែមានភាពកុះករជាងមុន ដោយសារតែក្រៅពីការរៀបចំកម្មវិធីកម្សាន្តជាច្រើន ដែលជាការរៀបចំរបស់ក្រសួង និងថ្នាក់ជាតិ ក៏មានការចូលរួមសម្ដែង និងកម្សាន្តពីសំណាក់អ្នកសិល្បៈមកពីប្រទេសជាមិត្តផងដែរ ដូចជាប្រទេសចិន វៀតណាម ថៃ ឥណ្ឌូនេស៊ី និងប្រទេសឥណ្ឌាជាដើម”។
ពិធីបុណ្យសមុទ្រលើកទី៨ ជុំទី២នៅខេត្តកំពត ឆ្នាំ២០១៩នេះ នឹងត្រូវបែងចែកជា៣សកម្មភាពសំខាន់ៗដូចជា ទី១ ការផ្សាយបន្តផ្ទាល់នូវការសម្តែងទស្សទីយភាពសិល្បៈ ការប្រគុំតន្ត្រី ដោយមានការចូលរួមពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀងជាតិ និងអន្តរជាតិ និងការបាញ់កាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី៨ ឆ្នាំ២០១៩។
ទី២ មហោស្រពម្ហូបអាហារខ្មែរ និងអន្តរជាតិ ស្រា និងភេសជ្ជៈ ព្រមទាំងការបង្ហាញផលិតផលទេសចរណ៍ និងគម្រោងអភិវឌ្ឍន៍ទេសចរណ៍របស់ខេត្តតាមតំបន់ឆ្នេរ និងការតាំងពិព័រណ៍ផលិតផលកសិទេសចរណ៍ និងផលិតផលក្នុងស្រុក និងទី៣ សកម្មភាពកីឡាលើទឹក និងកីឡាលើឆ្នេរខ្សាច់ និងមានការសម្តែងពីសំណាក់ក្រុមសិល្បករ សិល្បការិនី តារាចំរៀង និងកីឡាករ កីឡាការិនីជាតិ អន្តរជាតិ និងក្រុមហ៊ុនជាច្រើន៕