ដោយ វុត្ថា
ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា-គូវ៉ែត បានជំរុញឱ្យមានការចាប់ផ្តើមតភ្ជាប់ជើងហោះ Connection Flight រវាងប្រទេសទាំងពីរ ដើម្បីឆ្លើយតបទៅនឹងកំនើននៃការដឹកជញ្ជូន សេដ្ឋកិច្ច និងពាណិជ្ជកម្ម។
លោក ហ៊ុន ហាន ឯកអគ្គរាជទូតកម្ពុជាប្រចាំរដ្ឋគូវ៉ែត នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Sheikh Salman Sabah Al Salem Al Hamoud Al Sabah ប្រធានអាកាសចរស៊ីវិលគូវ៉ែត កាលពីពេលថ្មីៗនេះបានឱ្យដឹងថា ភាគីទាំងងពីរបានបើកកិច្ចព្រមព្រៀង និង MoU ដែលភាគីទាំងពីរបានចុះហត្ថលេខារួមគ្នា ក្នុងអំឡុងទស្សនកិច្ចផ្លូវការ នៃនាយករដ្ឋមន្ត្រីទាំងពីរនៅកម្ពុជា និងគូវ៉ែតឡើងវិញ។
លោកបន្តថា “ភាគីទាំងពីរក៏នឹងខិតខំ និងរកវិធីដើម្បីជម្រុញ ឲ្យមានការចាប់ផ្តើម Connection Flight ពីគូវ៉ែតទៅកម្ពុជា ដើម្បីសម្រួលដល់ការដឹកជញ្ជូន អ្នកដំណើរទេសចរ និងទំនិញផ្សេងៗ”។
លោកបន្ថែមថា កម្ពុជាមានទីកន្លែងសម្រាប់ទាក់ទាញអ្នកទេសចរណ៍ ជាច្រើនកន្លែង (ប្រាសាទល្បីៗ ទេសចរតាមបែបធម្មជាតិ និងឆ្នេរសមុទ្រដ៏ស្រស់ស្អាត) ពីបណ្តាប្រទេសនៅក្នុងប្លុកអារ៉ាប់ទាំងអស់។
ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក លោក ធួន ស៊ីណាន ធ្លាប់បានប្រាប់គេហទំព័រ Propertyarea.asia ថា ការតភ្ជាប់អោយមានជើងហោះពីបណ្តានានា មកពីតំបន់ និងមកពីពិភពលោកមកកាន់កាន់កម្ពុជា ពិតជាមានសារៈសំខាន់ ក្នុងការបង្កើនទេសចរណ៍ ពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគនៅក្នុងប្រទេសឱ្យមានការរីកចំរើនបន្ថែមទៀត។
លោកបន្តថា “ការតភ្ជាប់ត្រង់នាពេលខាងមុខនេះ មិនត្រឹមតែជំរុញអោយមានភ្ញៀវទេសចរចិនមកកម្ពុជា មានការកើនឡើងនោះទេ វាថែមទាំងនាំមកពាណិជ្ជនិងការវិនិយោគបន្ថែមមកកម្ពុជាផងដែរ”។
លោកបន្តថា “ការហោះហើរត្រង់ពីប្រទេសគូវ៉ែតនេះនឹង ផ្ដល់ផលចំណេញជាច្រើនដល់កម្ពុជា ជាពិសេសការចំណាយរបស់ភ្ញៀវទេសចរ ដោយពួកគេមិនបានចំណាយថវិកានៅប្រទេសណាមួយនៅពេលមានការឈប់ចតនោះទេ ដោយថវិការទាំងអស់នឹងត្រូវចំណាយ នៅប្រទេសកម្ពុជាទាំងអស់”។
គណៈប្រតិភូនៃរដ្ឋគូវ៉ែតកាលពីកន្លងមក បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ដែលមន្ត្រីកម្ពុជាបានចាត់ទុកថា បាននាំមកនូវកាលានុវត្តភាពថ្មី នៃការបន្តរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-គូវ៉ែត ដែលមានជាង២០ឆ្នាំមកនេះ ឲ្យកាន់តែរឹងមាំថែមទៀត ។
កន្លងមករដ្ឋសភាកម្ពុជា ក៏បានអនុម័តច្បាប់ស្តីពីការអនុម័ត យល់ព្រមលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការផ្លាស់ប្តូរហត្ថពលកម្ម រវាងព្រះរាជាណាចក្រកម្ពុជា និងរដ្ឋគូវ៉ែត ក្នុងការផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រោះថារដ្ឋគូវ៉ែតត្រូវការកំលាំង ពលកម្ម ហើយពលករកម្ពុជាក៏ត្រូវការប្រាក់ចំណូល ដើម្បីរួមចំណែកអភិវឌ្ឍន៍ទាំងអស់គ្នា។
នៅឆ្នាំ២០១៩នេះ កម្ពុជានឹងបញ្ជូនពលករទៅធ្វើការ នៅប្រទេសគូវ៉ែត និងបានសន្យាថា នៅពេលត្រឡប់ទៅកាន់ប្រទេសវិញ លោកជំទាវនឹងបង្កើតក្រុម ការងារមួយ ដើម្បីជួយសម្រួល និងដោះស្រាយបញ្ហាពលករកម្ពុជានៅគូវ៉ែត ជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា៕