ដោយ ៖ រ៉ាណេត
តាខ្មៅ ៖ ជាមោទនភាពចំពោះក្រុងតាខ្មៅ ក៏ដូចជាប្រជាពលរដ្ឋ រួមជាមួយនឹងអជ្ញាធរ ដែលទីក្រុងមួយនេះត្រូវបានជាប់ជាបេក្ខភាពជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ដែលនឹងត្រូវទទួលពាននៅប្រទេសព្រុយណេ នៅខែមករា ឆ្នាំ២០២០ខាងមុខនេះ។
បន្ទាប់ពីបានឆ្លង់កាត់នូវការត្រួតពិនិត្យ ពីគណកម្មាធិការជាតិជំនាញវាតម្លៃទីក្រុងស្អាត កាលពីពេលកន្លងទៅនេះ ក្រុងតាខ្មៅ ខេត្តកណ្តាល បានក្លាយជាបេក្ខភាពជាប់ជ័យលាភីជាទីក្រុងទេសចរណ៍ស្អាតអាស៊ានលើកទី២។ នេះបើយោងតាមសេចក្ដីប្រកាសដែលចេញដោយទីស្ដីការគណរដ្ឋមន្ត្រី ដែលចុះហត្ថលេខាដោយរដ្ឋលេខាធិការទីស្ដីការគណរដ្ឋមន្ត្រី លោក ហែម ក្រាញ់តូនី កាលពីពេលថ្មីៗនេះ។
នៅក្នុងលិខិតដដែលបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយល់ព្រមឱ្យបញ្ជូនបេក្ខភាពទីក្រុងឆ្នើមចំនួន៣របស់កម្ពុជា រួមមានខណ្ឌដូនពេញ ក្រុងកំពត និងក្រុងតាខ្មៅ ដើម្បីទទួលជ័យលាភីទីក្រុងទេសចរណ៍ស្អាតអាស៊ាន លើកទី២ ដែលនឹងប្រគល់នៅក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២០នៅទីក្រុងបានដាស៊េរី បេហ្គាវ៉ាន់ ប្រទេសព្រុយណេ នៅខែមករា ឆ្នាំ២០២០ ខាងមុខនេះ ៕