ដោយៈ រ៉ាណេត
កំពង់ចាមៈ ជាការត្រៀមខ្លួននៅក្នុងឱកាសអបអរសាទរ នៃពិធីបុណ្យឆ្លងឆ្នាំសកល២០១៩-២០២០ ដែលនឹងឈានចូលមកដល់នៅក្នុងពេលដ៏ខ្លីខាងមុខនេះ ក្រុងកំពង់ចាម នៅឆ្នេរខ្សាចតំបន់កោះប៉ែន បានរៀបចំយ៉ាងអស្ចារ្យ ពោរពេញដោយភាពទាក់ទាញ ជាពិសេសពន្លឺភ្លើងពណ៌នៅពេលរាត្រី ដែលក្លាយជាផលិតផលទេសចរណ៍ថ្មីមួយទៀតសម្រាប់ក្រុងកំពង់ចាម។
តំបន់ឆ្នេរកោះប៉ែន ត្រូវបានសាយភាយកេរ្តិ៍ឈ្មោះល្បាញរួចទៅហើយ តាមរយៈស្ពានឫស្សីដ៏អស្ចារ្យ ដែលខេត្តដទៃទៀតមិនអាចធ្វើបាន។ ដោយឡែកនៅក្នុងឱកាសនៃការចូលរួមអបអរសាទរនៃបុណ្យឆ្លងឆ្នាំសកល ២០១៩-២០២០ នេះ តំបន់ឆ្នេរកោះប៉ែនបានបង្កើនភាពទាក់ទាញកាន់តែខ្លាំង ជាមួយនឹងការរៀបចំតុបតែងលម្អរ ដោយពន្លឺភ្លើងពណ៌ចំរុះព្រោងព្រាតពេញតំបន់ឆ្នេរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ចាម លោកស៊ាន សុគុនបានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៩ នេះថា ស្ទើរតែទូទាំងក្រុងកំពង់ចាម សុទ្ធតែត្រូវបានរៀបចំតុបតែងលម្អរ យ៉ាងយកចិត្តទុកដាក់ឱ្យស័ក្ដិសម ទៅនឹងទីក្រុងទេសចរណ៍ដែលមានភាពស្រស់ស្អាត និងគួរជាទីទាក់ទាញ ជាពិសេសនៅតាមតំបន់កម្សាន្ត សួនសាធារណៈ ជាមួយនឹងការបំពាក់នូវពន្លឺភ្លើងពណ៌ ព្រោងព្រាតគួរឲ្យចង់ទស្សនា។
លោកបានមានប្រសាសន៍បន្តទៀតថា “ក្រោមការចង្អុលបង្ហាញពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្ត មន្ទីរទេសចរណ៍បានយកចិត្តទុកដាករៀបចំធ្វើយ៉ាងណាឱ្យក្រុងកំពង់ចាមក្លាយជាទីក្រុងទេសចរណ៍ដ៏ទាក់ទាញ និងពេញនិយមបំផុត”។ លោកបន្តថា “សម្រាប់តំបន់ឆ្នេរខ្សាច់កោះប៉ែន គឺខេត្តបានសម្រេចវិនិយោគឱ្យទៅវិស័យឯកជនក្នុងការរៀបចំបន្ត ដែលធ្វើយ៉ាងណាបង្កភាពងាយស្រួល និងមានសោភ័ណភាព ប្រកបដោយភាពទាក់ទាញ”។
ចាប់តាំងពីថ្ងៃទី៤-៧ ខែមករា ឆ្នាំ២០២០ខាងមុខនេះ រដ្ឋបាលខេត្តកំពង់ចាម តាមរយៈមន្ទីរទេសចរណ៍ខេត្ត នឹងមានការរៀបចំពិព័រណ៍ពីសមិទ្ធផល និងផលិតផលនានាក្នុងខេត្តចំនួនជាង២០០ស្តង់ ដើម្បីបង្ហាញពីផលិតភាពនៅទូទាំងខេត្ត រួមជាមួយនឹងគម្រោងប្រែក្លាយតំបន់ឆ្នេរខ្សាច់កោះប៉ែន ឱ្យទៅជាសហគមន៍ទេសចរណ៍ ដោយសិក្សាយកចំណុចល្អៗពីតំបន់កោះទ្រង់ខេត្តក្រចេះ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា លោកស្រីឆាយ ស៊ីវលីន បានបង្ហាញពីការគាំទ្រទៅលើការរៀបចំ ដែលប្រែក្លាយតំបន់ឆ្នេរខ្សាច់កោះប៉ែន ឱ្យទៅជាផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាកទាញ។
លោកស្រីបានបន្តថា “វិស័យទេសចរណ៍អាចរីកចម្រើនទៅបាន ទាល់តែមានការចូលរួមពីវិស័យឯកជនជាចាំបាច់ ដែលរាល់សកម្មភាពនានាស្របទៅនឹងគោលដៅដែលបានកំណត់ដោយក្រសួង”។
លោកស្រីបានលើកឡើងថា “នៅពេលដែលយើងអាចបង្កើត នូវផលិតផលទេសចរណ៍ថ្មីប្រកបដោយភាពទាក់ទាញ នឹងជួយទប់ស្កាត់ទេសចរក្នុងស្រុកចាកចេញទៅក្រៅប្រទេស ហើយរឹតតែប្រសើរបំផុតនោះ គឺប្រតិបត្តិករអាចចាត់បញ្ចូលទៅក្នុងកញ្ចប់ ដើម្បីលក់ចេញទៅក្រៅប្រទេស ដើម្បីទាក់ទាញទេសចរអន្តរជាតិនានា មកកាន់កម្ពុជាបន្ថែមទៀត ដែលអាចជួយបង្កើនចំណូលដល់សេដ្ឋកិច្ចជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងតំបន់ផងដែរ”៕