ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តរតគិរីស្នើឱ្យស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា ជួយជំរុញអ្នកវិនិយោគអូស្ត្រាលី មកវិនិយោគលើវិស័យនានានៅខេត្ត ពិសេសវិស័យទេសចរណ៍ ខណៈខេត្តប៉ែកឦសាន្តនៃកម្ពុជាមួយនេះ កំពុងមានសក្តានុពលខ្ពស់ទេសចរណ៍។
លោកថង សាវុន អភិបាល នៃគណៈអភិបាលខេត្តរតនគិរី បានស្នើបែបនេះកាលពីល្ងាចថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០ ម្សិលមិញនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក Luke Arnold អនុប្រធានបេសកកម្មរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ដើម្បីអនុវត្តគម្រោងនានាដែលគាំទ្រ ដោយរដ្ឋាភិបាលអូស្ត្រាលី សម្រាប់ខេត្តរតនគិរី។
លោកថង សាវុន បានស្នើបន្ថែមឲ្យរដ្ឋាភិបាលអូស្ត្រាលី ជួយពង្រីកការគាំទ្រគម្រោងឲ្យបានទូលំទូលាយបានច្រើនវិស័យ ព្រមទាំងជួយគាំទ្រហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្ត ដើម្បីធ្វើឲ្យប្រសើរឡើងផ្នែកសុខាភិបាល និងវិស័យអប់រំ។ បន្ថែមពីនេះជួយជំរុញអ្នកវិនិយោគអូស្ត្រាលី ចូលមកវិនិយោគលើវិស័យនានានៅខេត្តរតនគិរី ពិសេសវិស័យទេសចរណ៍។
លោក Luke Arnold អនុប្រធានបេសកកម្មរបស់ស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ឱ្យដឹងថា លោកពិតជាមានក្តីត្រេកអរ ដែលបានមកបំពេញបេសកកម្មនៅខេត្តរតនគិរី ដែលជាខេត្តដ៏ស្រស់ស្អាងមួយនៅភាគឥសាន្ត ហើយតាមរយៈរដ្ឋាភិបាលអូស្ត្រាលី បានផ្តល់ជំនួយលើវិស័យជាច្រើនសម្រាប់ខេត្តរតនគិរី ដែលផ្តោតលើគម្រោងលើកកម្ពស់សមធម៌ សេវាសុខាភិបាល អប់រំ វិស័យកសិកម្ម និងថាមពលជាដើម។
ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្តនៃកម្ពុជា មានចម្ងាយពីរាជធានីភ្នំពេញ៥៨៨ គីឡូម៉ែត្រ ធ្វើដំណើរតាមផ្លូវជាតិលេខ៦A ផ្លូវជាតិលេខ៧ និងផ្លូវជាតិ៧៨ ដែលមានព្រំប្រទល់ខាងលិចទល់នឹងខេត្តស្ទឹងត្រែង ខាងកើតទល់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទូម នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ខាងជើងទល់នឹងខេត្តអត្តពឺ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងខាងត្បូងទល់នឹងខេត្តមណ្ឌលគិរី។
ភូមិសាស្ត្រជាតំបន់ខ្ពង់រាបសម្បូរ ភ្នំ ជ្រោះជ្រលង ដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ២ គឺទន្លេសេសាន និងទន្លេស្រែពក។ ជនជាតិដើមភាគតិចមានប្រមាណជាង៦០% នៃប្រជាពលរដ្ឋទូទាំងខេត្ដ មានជនជាតិដើមភាគតិចចំនួន៨អម្បូរ គឺ ទំពួន គ្រឹង ចារាយ ព្រៅ កាវែត ព្នង កាចក់ និងលន់។
លោកង៉ែត វិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឱ្យដឹងថា ខេត្តរតនគិរីមានសក្តានុពលលើវិស័យទេសចរណ៍ ដែលមានតំបន់ទេសចរណ៍ទាំង១៤កន្លែង ក្នុងនោះតំបន់ទេសចរ៥កន្លែង ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្តច្រើនជាងគេគឺ៖ បឹងយក្សឡោម ទឹកជ្រោះអូរស៊ិនលែរ៍ ទឹកជ្រោះកាចាញ ទឹកជ្រោះចាអ៊ុង និងទឹកជួរតាតតៃ។
បើទោះជាខេត្តរតនគិរីនៅឆ្ងាយយ៉ាងក្តី មានសណ្ឋាគារ១៤ ស្មើ៥៤៨បន្ទប់ និងផ្ទះសំណាក់៣៦ ស្មើ៥៤១បន្ទប់ក្តី ក៏មិនអាចបំពេញបាននូវតម្រូវការជាក់ស្តែង នៅពេលបុណ្យជាតិធំៗ ភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅលេងកម្សាន្តនៅខេត្តរតនគិរីគ្មានកន្លែងស្នាក់នៅ និងជួនកាលសុំផ្ទះប្រជាពលរដ្ឋសម្រាកក៏មានដែរ៕