ដោយ ប៊ី
សៀមរាប៖ កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ២២២,៥៦១នាក់ ដែលបានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ បានចំណូលចូលថវិកាជាតិចំនួន ១០.៥៤ ដុល្លារអាមេរិកនៅខែមករា ឆ្នាំ២០២០។ នេះបើយោងតាមរយបាយការណ៍ចុងក្រោយរបស់គ្រឹះស្ថានអង្គរ។
ចំនួនភ្ញៀវទេសចរបរទេស ដែលបានទិញប័ណ្ណចូលទស្សនារមណីយដ្ឋានអង្គរប្រចាំសម្រាប់ខែ មករា ឆ្នាំ២០២០ មានការថយចុះ ១៧.៨៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ២០១៩។ សម្រាប់ចំណូលក៏មានការថយចុះ ១៤.៨១%។ នេះបើតាមសេចក្ដីប្រកាស់ព័ត៌មានរបស់គ្រឹះស្ថានអង្គរ។
នៅឆ្នាំ២០១៩ មានភ្ញៀវទេសចរបរទេស២,២០៥,៦៩៧នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ចំនួននេះបានថមថយជិត១៥ភាគរយបើធៀបនឹងឆ្នាំ២០១៨។ តាមរយៈការលក់បណ្ណជូនភ្ញៀវអន្តរជាតិជាង២លាននាក់នេះ រាជរដ្ឋាភិបាលទទួលបានចំណូល សរុប៩៩,០៨៨,៨៩៤ដុល្លារអាមេរិក។
កាលពីឆ្នាំ ២០១៨ គេហទំព័រទេសចរណ៍ដ៏ល្បីបំផុតនៅលើពិភពលោក Trip advisor បានចាត់ចំណាត់ថ្នាក់ប្រាសាទអង្គរវត្ត ជាគោលទេសចរណ៍ជាប់ចំណាត់ថ្នាក់លេខ១ នៅលើពិភពលោក។
យោងតាមគេហទំព័រនេះ ដែលបានចេញផ្សាយរបាយការណ៍របស់ខ្លួនកាលពីម្សិលម៉ិញបានឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតជាងបួនម៉ឺននាក់ ដែលបានចូលបោះឆ្នោតក្នុងគេហទំព័រនេះ បានជ្រើសរើសរមណីយដ្ឋានអង្គរ ជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញជាងគេនៅក្នុងឆ្នាំនេះ ក្នុងចំណោមរមណីដ្ឋានទេសចរណ៍នៅលើពិភពលោកដទៃទៀត។
គេហំទំព័រនេះបានជ្រើសរើសប្រាសាទមួយ នៅប្រទេសអ៊ីតាលីជាប់ចំណាត់ថ្នាក់លេខ២ និងប្រាសាទតាច ម៉ាហាល់ក្នុងប្រទេសឥណ្ឌា ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងនាមជាគោលដៅទេសចរណ៍ទាក់ទាញក្នុងពិភពលោកផងដែរ៕