អាជ្ញាធរជាតិអប្សរានឹងចាប់ផ្តើមស្ថាបនាផ្លូវវាងមុខប្រាសាទសួរព្រ័តនៅខែកុម្ភៈនេះ

0

ដោយវុត្ថា

សៀមរាប៖ អាជ្ញាធរជាតិអប្សរានឹងស្ថាបនាផ្លូវកៅស៊ូថ្មី លើគន្លងផ្លូវដី ក្រហមចាស់ៗ ដែលចេញពីប្រាសាទបាយ័នកាត់តាមមុខបរិវេណ ប្រាសាទសួរព្រ័ត ជំនួសផ្លូវកៅស៊ូមុខព្រះលានជល់ដំរី ដែលរងការខូចខាត និងដែលបង្កហានិភ័យដល់ ប្រាសាទដោយសារការបើកបរយានយន្តកៀកខ្លាំងនឹងប្រាសាទ។

លោក យិត ចាន់ដារដ្ឋ អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅថ្ងៃទី ៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា គម្រោងស្ថាបនាផ្លូវនេះ នឹងចាប់ផ្តើមពីខែកុម្ភៈ ឆ្នាំ២០២០នេះ និងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២០ខាងមុខ។ ក្រោយពីសាងសង់ផ្លូវនេះរួច យើងនឹងរៀបចំកែ លម្អផ្លូវកៅស៊ូសព្វថ្ងៃដែលជាប់មុខព្រះលានជល់ដំរីឱ្យមានភាពបៃតង ដោយកាយកៅ ស៊ូចេញ ហើយដាំស្មៅ និងដើមឈើ ដើម្បីលើកតម្លៃរមណីយដ្ឋានអង្គរ។

លោកបន្តថា ផ្លូវថ្មីនេះគឺសង់លើផ្លូវដីក្រហមដែលកំពុងចរាចរសព្វថ្ងៃ ចាប់ពីប្រាសាទបាយ័ន កាត់តាមបរិវេណប្រាសាទសួរព្រ័ត មុនដល់ប្រាសាទ ព្រះពិធូរបត់ឆ្វេងឆ្ពោះទៅភ្ជាប់ទៅផ្លូវកៅស៊ូឆ្ពោះទៅខ្លោងទ្វារដីឆ្នាំង ដែលមានចម្ងាយ១.៤២៧ ម៉ែត្រ ទទឹង៦ម៉ែត្រ។

យោងតាមការស្រាវជ្រាវលើឯកសារប្រវត្តិសាស្រ្តបានបង្ហាញថា នាឆ្នាំ១៩០៩ បរិវេណព្រះលានជល់ដំរីមិនទាន់មានការស្ថាបនាផ្លូវទេ ទើបតែនៅឆ្នាំ១៩១១ មានការគិតគូរដល់ការសាងសង់ផ្លូវក្នុងតំបន់អង្គរធំ រីឯផ្លូវដីក្រហមនៅមុខប្រាសាទ សួរព្រ័តនេះ កសាងក្នុងឆ្នាំ១៩១២ មុនផ្លូវកៅស៊ូដែលយើងកំពុងប្រើប្រាស់មុខព្រះលាន ជល់ដំរីដែលឃើញមាននៅពេលក្រោយក្នុងឆ្នាំ១៩២៨៕

LEAVE A REPLY

Please enter your comment!
Please enter your name here