ការស្ដារប្រព័ន្ធរំដោះទឹកទូទាំងក្រុងព្រះសីហនុ សម្រេចបានជាង៥១ភាគរយ

0

ដោយៈ រ៉ាណេត

ព្រះសីហនុៈ ប្រព័ន្ធរំដោះទឹកចំនួន៥ខ្សែ នៅទូទាំងក្រុងព្រះសីហនុ ត្រូវបានអនុវត្ត និងសម្រេចបានលទ្ធផលប្រវែង១៥២១៦ម៉ែត្រ ស្មើនឹងប្រមាណ៥១,១០ភាគរយ នៃប្រវែងសរុបនៅក្នុងគម្រោង។ នេះបើតាមការឱ្យដឹងពីលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការ និងដឹកជញ្ជូន។

នៅក្នុងគម្រោង និងផែនការមេក្នុងការស្ដារ និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធនៅទូទាំងខេត្តព្រះសីហនុ ឱ្យមានភាពល្អប្រសើរឡើង នៅក្នុងទំហំទឹកចំណាយជាង៣០០លានដុល្លារនោះ សម្រាប់តែផ្នែកប្រព័ន្ធរំដោះទឹកកង្វក់សំខាន់ៗ ដែលមានចំនួន៥ខ្សែ ស្មើនឹងប្រវែង២៩,៧៩១ម៉ែត្រ បច្ចុប្បន្នបានអនុវត្តន៍យ៉ាងសកម្ម។

លោកទេសរដ្ឋមន្ត្រីស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រសាសន៍ នៅឱកាសចុះពិនិត្យមើលពីឌ្ឍនភាព ការងារស្ដារប្រឡាយបង្ហូរទឹកនៅក្នុងក្រុងព្រះសីហនុ កាលពីរសៀលថ្ងៃទី១៤ ខែកុម្ភៈកន្លងមកថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានពន្លឿនការស្ដារអូរសំខាន់ៗ មួយចំនួននៅក្នុងក្រុងព្រះសីហនុ សំដៅការពារ និងទប់ស្កាត់កុំឱ្យមានការជន់លិចលង់ ដោយសារទឹកភ្លៀងនៅរដូវវស្សា ដែលនឹងចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ក៏ដូចជារៀបចំប្រព័ន្ធប្រឡាយទឹកនៅទីក្រុងមួយនេះ ឱ្យមានភាពទាក់ទាញ និងអានាម័យល្អតាមផែនការរបស់ក្រសួង។

លោកបានបញ្ជាក់ថា “អូរទាំងនោះមានចំនួន៥ និងមានប្រវែងសរុបចំនួន២៩ ,៧៩១ ម៉ែត្រ រួមមាន ដូចជា អូរអណ្ដូងអ៊ុនតាក់ អូរស្ពានឆេះ អូរសំអាត អូរអេម៉ារីអូ និងអូរឈើទាល”។ លោកបានបន្តទៀតថា “គិតត្រឹមខែមករា ឆ្នាំ២០២០ជារួម អូរទាំងនេះត្រូវបានស្ដាររួចរាល់ប្រវែង១៥,២១៦ ម៉ែត្រ ស្មើនឹងប្រមាណ៥១,១០ ភាគរយ”។

ចំណែកឯប្រវែងដែលនៅសេសសល់ ក្រសួងនឹងសហការជាមួយអាជ្ញាធរដែនដី ដើម្បីពន្លឿនការងារស្ដារឱ្យបានចប់សព្វគ្រប់ នៅមុនរដូវភ្លៀងធ្លាក់មកដល់៕

LEAVE A REPLY

Please enter your comment!
Please enter your name here