ដោយវុត្ថា
ភ្នំពេញៈ ក្រសួងទេសចរណ៍ បានសហការជាមួយគណៈមេធាវីកម្ពុជា ដើម្បីពង្រឹងការគ្រប់គ្រង និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ ដើម្បីធានានូវសង្គតិភាព និងសុខដុមនីយកម្មនៃវិធានច្បាប់ ធានានូវនិត្យានុកូលភាព និងការដោះស្រាយសម្របសម្រួលវិវាទទេសចរណ៍ ការពង្រឹង និងបង្កើនល្បឿនអភិបាលកិច្ចល្អ ក្នុងទិសដៅចូលរួមចំណែកពង្រឹងនីតិរដ្ឋ និងលើកកម្ពស់វប្បធម៌នៃការគោរពច្បាប់ និងជំរុញការអនុវត្តច្បាប់។
លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក សួន វិសាល ប្រធានគណៈមេធាវីកម្ពុជានាថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានលើកឡើង អំពីស្ថានភាពភាពទេសចរណ៍សកលលោក តំបន់ និងទេសចរណ៍កម្ពុជា ពិសេសក្នុងដំណាក់កាលនៃវិបត្តិជំងឺCovid-19 ដែលទាំងអស់គ្នាត្រូវរួមសាមគ្គីគ្នា (ដោយគ្មានការរើសអើងចំពោះជនជាតិចិន) ដើម្បីទប់ទល់នឹងវិបត្តិ និងចាត់វិធានការបន្ទាន់នានាដើម្បីជម្រុញសកម្មភាពទេសចរណ៍ និងស្រោចស្រង់ឧស្សាហកម្មទេសចរណ៍។
លោករដ្ឋមន្ត្រីក៏បានលើកឡើង ពីការខិតខំរបស់ក្រសួង ក្នុងការពង្រឹងការគ្រប់គ្រង និងអនុវត្តច្បាប់ស្តីពីទេសចរណ៍ ដែលក្នុងនោះក៏សង្កេតឃើញមានបុគ្គលមួយចំនួនបានប្រព្រឹត្តសកម្មភាពល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍ ដូចជា ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយដល់ទេសចរ និងការផ្សព្វផ្សាយព័តមាន រូបភាព និងខ្លឹមសារអវិជ្ជមានពីទេសចរណ៍កម្ពុជា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដែលខុសការពិត និងជាហេតុធ្វើឲ្យប៉ះពាល់ដល់កិត្យានុភាពជាតិ និងគោលនយោបាយទេសចរណ៍ជាតិក្នុងការទាក់ទាញទេសចរមកទស្សនាកម្ពុជាឲ្យកាន់តែច្រើនថែមទៀត។
លោករដ្ឋមន្ត្រីបានស្នើសុំឲ្យគណៈមេធាវិកម្ពុជា ជួយដល់ក្រសួងលើការងារសំខាន់មួយចំនួន ដូចជា ទី១ ជួយប្រឹក្សាយោបល់ផ្នែកច្បាប់ ដល់ក្រសួងទេសចរណ៍ក្នុងការដោះស្រាយ និងសម្របសម្រួលវិវាទទេសចរណ៍ ទី២ ជួយរៀបចំបង្កើតច្បាប់ស្តីពីមគ្គុទ្ទេសក៍ទេសចរណ៍ ទី៣ ជួយសិក្សាភាពចន្លោះប្រហោងនៃច្បាប់ស្តីពីទេសចរណ៍ និងលិខិតបទដ្ឋានគតិយុត្តទេសចរណ៍។
លោកសួន វិសាល ប្រធានគណៈមេធាវីកម្ពុជា បានឯកភាពទទួលយកនូវសំណើរបស់លោក រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ហើយនឹងបន្តកិច្ចសហការល្អជាមួយក្រសួង ដើម្បីពង្រឹងការគ្រប់គ្រងវិស័យទេសចរណ៍ និងការអនុវត្តច្បាប់ស្តីពីទេសចរណ៍ឲ្យកាន់តែមានប្រសិទ្ធភាព៕