ដោយ ហ្សូលី
ភ្នំពេញៈតំបន់ធម្មជាតិចំនួន៥នៅកម្ពុជា ត្រូវបានកិច្ចប្រជុំអន្តរក្រសួងស្តីពីការកំណត់តំបន់ធម្មជឫតិនៅកម្ពុជាមានតម្លៃជាសកល ត្រៀមស្នើដើម្បីដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌធម្មជាតិពិភពលោករបស់អង្គការយូណេស្កូ (UNESCO)។
កិច្ចប្រជុំអន្តរក្រសួងនេះ បានប្រព្រឹត្តឡើងកាលពិចុងសប្តាហ៍មុន នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការចូលរួមពីរដ្ឋលេខាធិការក្រសួងបរិស្ថាន ថ្នាក់ដឹកនាំ តំណាងអង្គការនានាដែលជាស្ថាប័នពាក់ព័ន្ធ។
តំបន់ការពារធម្មជាតិចំនួន ៥ ដែលត្រៀមដាក់ស្នើធ្វើជាបេតិកភណ្ឌធម្មជាតិនេះមានដូចជា ភ្នំត្បែង តំបន់គ្រប់គ្រង និងការពារជម្រកសត្វផ្សោតមេគង្គព្រែកកាំពី ថ្មភ្នំណាមលៀរ ក្នុងក្នុងដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃព្រែកប្រសព្វ និងឧទ្យានជាតិក្រវាញខាងត្បូង។
តំបន់ធម្មជាតិទាំងអស់ដូចបានរៀបរាប់ គឺជាតំបន់ដែលស្ថិតនៅក្នុងខេត្តកោះកុង ព្រះវិហារ រតនៈគិរី ក្រចេះនិងមណ្ឌលគិរី។
រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លៃងប្រាប់សារព័ត៌មានក្នុងស្រុកថា “អត្ថប្រយោជន៍នៃការចុះបញ្ជីនេះ គឺដើម្បីការពារឱ្យបានល្អ និងមានការទទួលស្គាល់ជាអន្តរជាតិ ពីភាពសម្បូរបែបប្រព័ន្ធអេកូឡូស៊ី តម្លៃវប្បធម៌ និងតម្លៃប្រវត្តិសាស្រ្តនៅតំបន់ការពារធម្មជាតិទាំងនោហដើម្បីរួមគ្នាក្នុងការអភិរក្សឱ្យបានគង់រង្ស”។
គោលបំណងនៃកិច្ចប្រជុំ ដើម្បីបង្ហាញពីលក្ខណៈពិសេសនៃតំបន់ធម្មជាតិ ត្រៀមដាក់ស្នើសុំចុះបញ្ជីជាបេតិកភណ្ឌធម្មជាតិ ដែលមានការសហការពី ប្រធានអង្គការយូណេស្គូប្រចាំកម្ពុជា អគ្គលេខាធិការគណៈកម្មការជាតិយូណេស្កូកម្ពុជា ប្រធានក្រុមការងារបច្ចេកទេសចុះសិក្សាស្រាវជ្រាវនិងកំណត់ជ្រើសរើសទីតាំង ព្រមទាំងដៃគូអភិវឌ្ឍន៍សំខាន់ៗរួមមាន អង្គការ Wildlife Alliance, WWF, WCS, CI សរុបចំនួន ៧០នាក់។
កម្ពុជាមានតំបន់រមណីយដ្ឋានមួយចំនួន ដែលបានចុះបញ្ជីបេតិកភណ្ឌ ដោយក្នុងនោះមានតំបន់រមណីយដ្ឋានអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌពិភពលោកកាលពីឆ្នាំ ១៩៩២ និងមួយទៀតតំបន់ប្រាសាទសំបូរព្រៃគុក ត្រូវបានចុះបញ្ជីកាលពីឆ្នាំ ២០១៧។ ការវត្តមាននៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកនេះ មានអត្ថប្រយោជន៍ជួយទាក់ទាញភ្ញៀវទេសចរឱ្យស្គាល់ពីរមណីយដ្ឋាន និងតំបន់ទេសចរណ៍ក្នុងកម្ពុជា ដែលនេះជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋនិងសេដ្ឋកិច្ចជាតិ៕