ដោយ ប៊ី
អន្តរជាតិៈ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ (IATA) បានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍ពិភពលោក នឹងខាតបង់ទឹកប្រាក់ចំនួន១១៣ពាន់លានដុល្លារក្នុងការលក់ ប្រសិនបើមេរោគ COVID-19 នេះបន្តរីករាលដាល។
សមាគម IATA បានព្រមានការខាតបង់នេះ មានទំហំប្រហាក់ប្រហែលនឹងឧស្សាហកម្មអាកាសចរណ៍ ក្នុងកំឡុងពេលមានវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ ២០០៨ ខណៈការប៉ាន់ស្មានរបស់ខ្លួន ចំពោះការខូចខាតគឺបណ្តាលមកពីការផ្ទុះឡើងនៃវីរុសនេះ។ សមាគមបានឱ្យដឹងថា ក្រុមហ៊ុនអាកាសចរណ៍អាចបាត់បង់ ១៩% នៃអាជីវកម្មរបស់ពួកគេ ប្រសិនបើវីរុសនេះ មិនអាចគ្រប់គ្រងបានក្នុងពេលឆាប់ៗនេះ។
ទើបតែពីរសប្តាហ៍មុន សមាគម IATA បានរំពឹងថា ការលក់របស់ក្រុមហ៊ុនអាកាសចរណ៍លើពិភពលោក នឹងបាត់បង់ក្នុងទំហំទឹកប្រាក់ចំនួន៣០ពាន់លានដុល្លារ។
លោក Alexandre de Juniac នាយកប្រតិបត្តិនៃសមាគមខាងលើនេះ បានមានប្រសាសន៍ថា “ការផ្លាស់ប្តូរព្រឹត្តិការណ៍ ដែលបណ្តាលមកពីវីរុសនេះ គឺស្ទើរតែមិនមានពីមុនមកទេ។ វាមិនច្បាស់ទេថា តើវីរុសនឹងវិវត្តយ៉ាងដូចម្តេចប៉ុន្តែ … នេះគឺជាវិបត្តិ”។
បើយោងតាម IATA ក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប និងអាស៊ីនឹងទទួលរងនូវការប៉ះពាល់ខ្លាំង។ ក្រុមហ៊ុនដឹកជញ្ជូននៅអាស៊ីប៉ាស៊ីហ្វិក អាចបាត់បង់ការលក់ដែលមានតម្លៃ៥៨ពាន់លានដុល្លារ។
លោកបានបន្ថែមថា “ប្រសិនបើវីរុសនេះ ត្រូវបានគ្រប់គ្រងក្នុងពេលឆាប់ៗនេះ ហើយសេដ្ឋកិច្ចនៅជុំវិញពិភពលោក នឹងងើបឡើងវិញយ៉ាងឆាប់រហ័ស ការខាតបង់ឧស្សាហកម្មអាចត្រូវបានកំណត់ត្រឹម៦៣ពាន់លានដុល្លារ”។
មានករណីឆ្លងវីរុសនេះ ដែលត្រូវបានបញ្ជាក់រួចហើយជាង៩៤ ០០០ ករណីនៅទូទាំងពិភពលោក ហើយមានអ្នកស្លាប់ជិត៣៣០០ នាក់ភាគច្រើននៅប្រទេសចិន។ កូរ៉េខាងត្បូង ជប៉ុន អ៊ីតាលី និងអ៊ីរ៉ង់ក៏ទទួលរងការប៉ះពាល់ខ្លាំងរួចទៅហើយ។
ការរឹតបន្តឹងការធ្វើដំណើរ និងកង្វះតម្រូវការពីអតិថិជន បានជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ធំៗរាប់សិបក្រុមហ៊ុន លុបចោលជើងហោះហើរទៅ និងមកពីចិនដីគោកដោយសារតែមេរោគនេះ។ ជើងហោះហើរឆ្លងទ្វីបអាត្លង់ទិកក៏ ដូចជាផ្លូវនានានៅអឺរ៉ុប និងសហរដ្ឋអាមេរិកក៏ត្រូវបានកាត់បន្ថយផងដែរ៕ CNN៕