ដោយវុត្ថា
ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា បានប្រកាសណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍និងព្រលានយន្តហោះទាំង៣ ព្រមទាំងក្រុមហ៊ុនគ្រប់គ្រងលើព្រលានយន្តហោះ ហាមដឹក និងមិនអនុញ្ញាតឱ្យជនបរទេសមកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជាដើម្បី ការការពារទប់ស្កាត់នូវការចម្លងនាំចូលជំងឺ Covid-19 ។
លោក ជា អូន រដ្ឋលេខាធិការប្រចាំការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី ១៤ ខែមីនា ឆ្នាំ ២០២០ នេះ បានឱ្យដឹងថា លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានណែនាំដល់គ្រប់ក្រុមហ៊ុនអាកាសចរណ៍ ដែលហោះចូលកម្ពុជាមិនឱ្យមានការដឹក ជនបរទេសមកពីអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលកម្ពុជាឡើយ បន្ទាប់ពីទទួលបានលិខិតរបស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ បានសម្រេចដាក់បម្រាមមិនឲ្យជនបរទេសមកពីប្រទេសចំនួន៥ ប្រទេសអ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ អនុវត្តន៍ចាប់ពីថ្ងៃទី១៧ ខែមីនាតទៅ ដែលនេះជាវិធានការការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលជំងឺ Covid-19។
សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានសរសេរថា “ថ្មីៗនេះព្រះរាជាណាចក្រកម្ពុជា បានរកឃើញជាបន្ទាប់នូវវីរុសកូវីដ១៩ លើជនបរទេសមានសញ្ជាតិផ្សេងៗ ដែលតម្រូវឲ្យមានវិធានការ ការពារទប់ស្កាត់ជាបន្ទាន់ នូវការចម្លងនាំចូលវីរុសកូវីដ១៩ មកក្នុងកម្ពុជា។ ដូច្នេះក្រសួងសុខាភិបាល សូមចាត់វិធានការដាក់បម្រាមផ្អាកមិនឲ្យជនបរទេស ដែលមកពីប្រទេសអ៊ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង និងអាមេរិក ចូលក្នុងប្រទេសកម្ពុជា រយៈពេល៣០ថ្ងៃ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះតទៅ”។
រហូតដល់ពេលនេះគិតត្រឹមថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកផ្ទុកជំងឺកូវីដ១៩ ចំនួន៧ករណីហើយ ដោយក្នុងនោះមានបុរសជនជាតិចិន១ រូប បុរសជនជាតិខ្មែរ ១រូប ស្ត្រី និងបុរសអង់គ្លេស៣ រូប បុរសជនជាតិកាណាដា១រូប និង ជនជាតិប៊ែលហ្សិក១រូប៕