តំបន់ឆ្នេរសមុទ្រសំខាន់ៗនៅក្រុងព្រះសីហនុកំពុងត្រូវបានពន្លឿនការស្ថាបនា ផ្លូវតភ្ជាប់គ្នា

0

ដោយ រ៉ាណេត

ព្រះសីហនុៈ ស្ថិតនៅក្នុងគម្រោងនៃការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្តព្រះសីហនុ បច្ចុប្បន្នសម្រាប់តែតំបន់ឆ្នេរ ដែលជាទីកន្លែងដ៏ទាក់ទាញក្នុងវិស័យទេស​ចរណ៍ និងកម្សាន្តសំខាន់ៗមួយចំនួន ត្រូវបានពន្លឿនការសាងសង់ផ្លូវតភ្ជាប់ ប្រកបដោយគុណភាពកម្រិតស្ដង់ដា បង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាប្រជាជនក្នុងតំបន់។

អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ លោក ឃាង ភារម្យ បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទកាលពីរសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២០នេះថា គិតមកដល់នៅក្នុងចំណោ​ម គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងខេត្តព្រះសីហនុ សម្រាប់តែតំបន់ឆ្នេរបានធ្វើការថែរក្សា និងដោះស្រាយបញ្ហាពាក់ព័ន្ធនានារួចរាល់អស់ហើយ។

លោកបន្តទៀតថា “បច្ចុប្បន្ននៅតាមតំបន់ឆ្នេរសំខាន់ៗនានា នៅក្នុងក្រុងព្រះសីហនុ ត្រូវបានយកចិត្តទុកដាក់លើការថែរក្សា សម្អាតអនាម័យជាប់ជាប្រចាំ ជាពិសេសបានធ្វើការសាងសង់ផ្លូវតភ្ជាប់ពីតំបន់មួយទៅតំបន់ ដូចជាតំបន់ឆ្នេរ អូរត្រេះ១ ឆ្នេរអូរត្រេះ២ ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរពយជំទាវម៉ៅ និងឆ្នេររៀម ដោយផ្លូវទាំងអស់សុទ្ធតែធានាបាននូវគុណភាព ចាក់គ្រឹះបេតុង និងក្រាលកៅស៊ូពីលើ នឹងមានទំហំធំទូលាយងាយស្រួលក្នុងការធ្វើដមណើរទាំងអស់”។

អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់លោក សេង ឡូតបានមានប្រសាសន៍ថា គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិ​វឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដែលមានលោកឧបនាយករដ្ឋមន្ត្រីជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានបានរៀបចំយុទ្ធសាស្ត្រជាច្រើ​នក្នុងការអភិវឌ្ឍតំបន់ឆ្នេរនានា ឱ្យក្លាយទៅជាតំបន់ទេសចរណ៍ ដ៏ទាក់ទាញស័ក្ដិសមទៅនឹងកេរ្តិ៍ឈ្មោះ សមាជិកក្លឹបឆ្នេរសមុទ្រស្អាតជាងគេលើសាកលលោក។

លោកបន្តទៀតថា “គ្រប់ផ្លូវដែលត្រូវបានសាងសង់ឡើងវិញទាំងអស់ នៅទូទាំងខេត្តព្រះសីហនុ ក៏ដូចជាផ្លូវនៅតំបន់ឆ្នេរ ស្ថិតនៅក្នុងគោលដៅរួមតែមួយថា គឺការធ្វើផ្លូវពេលនេះ ធ្វើឱ្យឡានខ្លាចផ្លូវ មិនមែនធ្វើមុខខូចក្រោយទៀតនោះទេ”។

លោកឧបនាយករដ្ឋមន្ត្រី ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ដឹកនាំធ្វើកិច្ចការនេះដោយផ្ទាល់តែម្ដង ទៅតាមបទបញ្ជារបស់សម្ដេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

លោកសេង ឡូតបានបញ្ជាក់ថា ផ្លូវទាំង៣៤ខ្សែរនេះ ជាផ្លូវគំរូ និងលើកកម្ពស់សោភ័ណភាពនៅទូទាំងខេត្ត ដែលសូម្បីតែចិញ្ចើមផ្លូវក៏ជាប្រភេទថ្មក្រានីត ដែលយកពីខេត្តក្រចេះ កំពង់ឆ្នាំង និងខេត្តតាកែវ ដែលនៅពេលបន្តិចទៀតខាងមុខនេះ ខេត្តព្រះសីហនុនឹងប្រែរូបរាងថ្មី បង្ហាញពីការអភិវឌ្ឍ ទាំងវិស័យសំណង់អគារក្នុងនាមជាមជ្ឈ​មណ្ឌ​លពាណិជ្ជកម្ម ក៏ដូចជាតំបន់ទេសចរណ៍ដ៏ទាក់ទាញបំផុត៕

LEAVE A REPLY

Please enter your comment!
Please enter your name here