ដោយវុត្ថា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរាបានប្រកាសបិទសារមន្ទីរចំនួន ៣ នៅក្នុងខេត្តសៀមរាប ក្នុងគោលដៅបញ្ចៀសការប្រមូលផ្តុំគ្នា ដែលងាយនឹងប្រឈមហានិភ័យនានា ជាពិសេសការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។
សេចក្ដីជូនដំណឹងស្ដីពីការបិទជាបណ្តោះអាសន្ន ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ឱ្យដឹងថា អាជ្ញាធរជាតិអប្សរា នឹងបិទជាបណ្តោះអាសន្ននូវសារមន្ទីរចំនួនបី ដូចជា សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី សារមន្ទីរឡតានី និងសារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ ចាប់ពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០នេះតទៅបន្ទាប់ពី សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីបញ្ជៀសការឆ្លងជំងឺកូវីដ ១៩ (Covid 19) ។
អាជ្ញាធរជាតិអប្សរាបញ្ជាក់ថា នឹងអនុញ្ញាតឱ្យភ្ញៀវជាតិ- អន្តរជាតិ និងសាធារណជន ចូលទស្សនាសារមន្ទីរទាំងបីខាងលើឡើងវិញ រហូតដល់ស្ថានភាពជំងឺកូវីដ១៩ បានធូរស្រាលនិងរហូតដល់មានការណែនាំថ្មីរបស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងស្ថាប័នពាក់ព័ន្ធ។
រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ (COVID-19) ដឹកនាំដោយ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជាអនុប្រធាន ដែលមានសមាសភាព ចូលរួម ២៥រូប មកពីក្រសួង-ស្ថាប័ន- អភិបាលខេត្តរាជធានី ខេត្ត ព្រមទាំង ភាគីពាក់ព័ន្ធជាច្រើនរូបទៀត។
រាជរដ្ឋាភិបាល បន្ដថា គណៈកម្មការជាតិប្រយុទ្ធនឹងជំងឺកូវីដ-១៩ មានភារកិច្ច ដូចជា ៖ កំណត់គោលនយោបាយ និងយុទ្ធសាស្ដ្រជាតិពាក់ព័ន្ធការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដឹកនាំអនុវត្តផែនការយុទ្ធសាស្ដ្រ ក្នុងការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ គ្រប់គ្រងផលប៉ះពាល់ លើទិដ្ឋភាពនយោបាយ សេដ្ឋកិច្ច និងសង្គម ទាំងកម្រិតជាតិ និងអន្ដរជាតិ ដឹកនាំ និងសម្របសម្រួលការអនុវត្តវិធានការជាអន្ដរវិស័យ អន្ដរស្ថាប័ន ទាំងនៅរដ្ឋបាលថ្នាក់ជាតិ និងរដ្ឋបាលថ្នាក់ក្រោម។
ក្រសួងសុខាភិបាលបានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ ករណីវិជ្ជមានវីរុសកូវីដ១៩ សរុបទាំងអស់មានដែលកម្ពុជារកឃើញមានចំនួន៣៧នាក់ ស្រី២ នាក់ និង ប្រុស ៣៥នាក់ ដែលក្នុងនោះមានជនជាតិចិនម្នាក់ នៅខេត្តព្រះស៊ីហនុបានជាសះស្បើយ អង់គ្លេស៣នាក់ កាណាដា ១នាក់ ប៊ែលហ្ស៊ិក ១នាក់ បារាំង ២នាក់ ក្នុងនោះមានកូនប្រុសបង្កើតអាយុ ៤ខែ ម៉ាឡេស៊ី ៥នាក់ ខ្មែរ ២៤នាក់ ក្នុងនោះមានអ្នកដែលវិលត្រឡប់មកពី(ចូលរួម)ពិធីសាសនានៅប្រទេសម៉ាឡេស៊ី ២១នាក់៕