ដោយវុត្ថា
ភ្នំពេញៈ រដ្ឋបាលរាជធានីភ្នំពេញប្រកាសបិទ ការចូលទស្សនាមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី១៩ មីនានេះតទៅ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
យោងតាមលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្ញើទៅកាន់ក្រុមហ៊ុនជេស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី នៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ ម្សិលមិញនេះ ឱ្យដឹងថា ស្ថានភាពរាតត្បាតនៃជំងឺកូវីដ១៩ កំពុងរីករាលដាលជាសកល ហើយថ្មីៗនេះ នៅក្នុងប្រទេសកម្ពុជាបានរកឃើញនូវជំងឺកូវីដ១៩ ជាបន្តបន្ទាប់ រួមទាំងនៅលើជនបរទេសសញ្ជាតិផ្សេងៗផងដែរ។
លិខិតដដែលបញ្ជាក់ទៀតថា ដើម្បីចូលរួមអនុវត្តវិធានការទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ១៩ ដែលជាកិច្ចការអាទិភាពចំពោះមុខ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទមិនឱ្យមានការចូលទស្សនា ឬស្រាវជ្រាវនានានៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ជាបណ្តោះអាសន្នសិនចាប់ពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២០ នេះតទៅ រហូតដល់មានការសម្រេចជាថ្មី។
រដ្ឋបាលរាជធានីភ្នំពេញ បានចុះកិច្ចសន្យាសម្បទានទៅឱ្យក្រុមហ៊ុន ជេស៊ី រ៉ូយ៉ាល់ ខមភេនី អិលធីឌី កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០០៥ ដើម្បី គ្រប់គ្រង លើមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯកនេះ៕