ដោយ ហ្សូលី
ភ្នំពេញៈ ទោះបីជាកម្ពុជាកំពុងជួបប្រទះ នូវវិបត្តិមេរោគឆ្លងកូវីដ១៩ក៏ដោយ ប៉ុន្តែកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីៗ ទៅលើវិស័យផ្សេងៗគ្នា ដែលមានតម្លៃសរុបប្រមាណ៩០០លានដុល្លារ បើគិតត្រឹមរយៈពេល៣ខែក្នុងឆ្នាំ ២០២០នេះ។
យោងតាមព៌តមានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)បានឱ្យដឹងថា គម្រោងវិនិយោគដែលមានតម្លៃសរុបជាង៩០០លានដុល្លារនោះ មានចំនួន៤០គម្រោង ដែលនេះជាតួលេខគិតត្រូវរយៈពេល៣ខែនៃដើមឆ្នាំ ២០២០នេះតែប៉ុណ្ណោះ។
គម្រោងដែលបានអនុម័តនោះ ត្រូវវិនិយោគលើវិស័យខុសៗគ្នាជាច្រើនមាន ដូចជា ផលិតកម្មសម្លៀកបំពាក់ ទំនិញសម្រាប់ធ្វើដំណើរ គ្រឿងឬសម្ភារៈប្រើប្រាស់នៅក្នុងផ្ទះ គ្រឿងសង្ហារឹម អំពូលភ្លើងអាគុយ ជាដើម។ លើសពីនេះក៏មានការវិនិយោគលើវិស័យសំណង់អគារផ្សេងៗរួមមាន សណ្ឋាគារលំដាប់ផ្កាយ៥ និងផ្សារទំនើបផងដែរ។
សម្រាប់គម្រោងវិនិយោគទាំង៤០ ដែលមានតម្លៃសរុបជាង៩០០លានដុល្លារនេះ គឺជាការវិនិយោគរបស់ក្រុមហ៊ុនខុសៗពីគ្នា និងត្រូវវិនិយោគនៅតាមទីតាំងខុសៗគ្នាផងដែរដូចជា នៅតាមជាយទីក្រុងភ្នំពេញ ខេត្តតាកែវ ខេត្តកណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ត្បូងឃ្មុំ ព្រះសីហនុ និងខេត្តស្វាយរៀង។
ទោះបីជាប្រទេសកម្ពុជា កំពុងប្រឈមនឹងជម្ងឺកូរ៉ូណាឬកូវីដ១៩ ប៉ុន្តែនៅតែទទួលបានគម្រោងវិនិយោគ ពីបណ្តារប្រទេសនានាជាច្រើន ដែលអាចផ្តល់ការងារថ្មីដល់ទៅជាង៣០,០០០ កន្លែង សម្រាប់ប្រជាជនកម្ពុជាដែលរស់នៅក្នុងតំបន់៕