ដោយ វុត្ថា
ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតគុយបាប្រចាំកម្ពុជា បានសន្យាជំរុញឱ្យមានទេសចរ និងវិនិយោគិនមកកម្ពុជាបន្ថែមទៀត ក្រោយបញ្ចប់វិបត្តិជំងឺ Covid-19 ដែលបាននឹងកំពុងរីករាលដាលជាសកល និង បានបង្ហាញពីការវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរបស់កម្ពុជា ក្នុងនោះវិស័យទេសចរណ៍នៅតែបន្តការរីកចម្រើននិងចូលរួមជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាយ៉ាងខ្លាំង។
លោកស្រី Liurka Rodriguez Barrios ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅកម្ពុជា នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០ ម្សិលមិញនេះបានឱ្យដឹង ដោយសារការរីករាលដាលជំងឺ Covid-19 បានធ្វើឱ្យពិភពលោកជួបនូវវិបត្តិធ្ងន់ធ្ងរ ពិសេសវិស័យទេសចរណ៍ក៏រងនូវផលប៉ះពាល់យ៉ាងខ្លាំង។
លោកស្រីបន្តថា មិនខុសពីសភាពការណ៍ទូទៅក្នុងពិភពលោកប៉ុន្មានដែរ ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និងអ្នកវិនិយោគរបស់គុយបា បានចាកចេញពីប្រទេសកម្ពុជាស្ទើរតែទាំងអស់ ដោយសារតែអ្នកខ្លះក៏ត្រូវផុតទិដ្ឋការ អ្នកខ្លះក៏ចង់ត្រលប់ទៅមាតុភូមិវិញ ស្របពេលនឹងការភ័យខ្លាចការឆ្លងជំងឺ Covid-19 ។
លោកបានសន្យាថា ចាំដល់ពេលវិបត្តិជំងឺ Covid-19 រសាយផុតចេញពីពិភពលោក សាធារណរដ្ឋគុយបានឹងបន្តជំរុញឱ្យភ្ញៀវទេសចរ និងអ្នកវិនិយោគមកកម្ពុជាបន្ថែមទៀត ខណៈវត្តមានភ្ញៀវទេសចរ និងវិនិយោគិនគុយបាក៏មាននៅកម្ពុជាដែរ។
លោកស្រីបញ្ជាក់ទៀតថា ភាគីគុយបានៅតែបន្តគាំទ្រ និងពង្រឹងទំនាក់ទំនងល្អជាមួយកម្ពុជា ខណៈឯកឧត្ដមរដ្ឋមន្ត្រី ថោង ខុន ក៏បានបង្ហាញការពេញចិត្តចំពោះទំនាកទំនងមិត្តភាព ដែលប្រទេសទាំងពីរសម្រេចបានកន្លងមក។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៦ បានស្នើដល់ឯកអគ្គរដ្ឋទូតគុយបា ធ្វើយ៉ាងណាជួយសហការឱ្យមានការបណ្ដុះបណ្ដាលមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអេស្ប៉ាញរបស់កម្ពុជាឱ្យបានច្រើនបន្ថែមទៀត ពីព្រោះប្រជាពលរដ្ឋគុយបា និងប្រជាពលរដ្ឋនៅប្រទេសនានាក្នុងទ្វីបអាមេរិកខាងត្បូង (លើកលែងតែប្រេស៊ីល) ភាគច្រើនគឺនិយាយភាសាអេស្ប៉ាញ។
លោករដ្ឋមន្ត្រីបន្តថា កម្ពុជាក៏ទទួលបានភ្ញៀវទេសចរនិយាយភាសាអេស្ប៉ាញយ៉ាងច្រើនផងដែរ ក្នុងចំណោមភ្ញៀវទេសចរអន្តរជាតិ ៦.៦លាននាក់ ដែលកម្ពុជាទទួលបាននៅឆ្នាំ២០១៩ កន្លងទៅ។កម្ពុជា និងគុយបាបានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នារយៈពេល ៦០ ឆ្នាំមកហើយ ខណៈប្រទេសមិត្តទាំងពីរក៏គ្រោងប្រារព្ធទិវារំឭកខួបអនុស្សាវរីយ៍លើកទី ៦០ នៃទំនាក់ទំនងការទូតរួមគ្នាផងដែរ ប៉ុន្តែត្រូវចាំដល់ស្ថានការណ៍ Covid-19 ធូរស្បើយសិន៕