ដោយ វុត្ថា
ភ្នំពេញៈ ក្រុមហ៊ុន IMPERIAL STAR SOLAR (CAMBODIA) CO., LTD បានសម្រេចបោះទុនវិនិយោគប្រមាណ ៧,៩លានដុល្លារអាមេរិក ក្នុងការសាងសាងរោងចក្រផលិត និងផ្គុំដំឡើងបន្ទះសូឡាស្ថិតនៅភូមិចាស់ ឃុំពេជ្រមុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដើម្បីផ្គត់ផ្គងអគ្គិសនីកម្ពុជា។ នេះបើងយោតាមការឱ្យដឹង ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាកាលពីពេលថ្មីនេះ។
របាយការណ៍ដែលបង្ហាញដោយក្រសួងរ៉ែ និងថាមពលបានឱ្យដឹងកន្លងមកនេះថា ការទាញយកថាមពលពីពន្លឺព្រះអាទិត្យនេះ (បន្ទះសូឡា) បានចាប់ផ្តើមតាំងពីគម្រោងមួយ ដែលមានថាមពលត្រឹមតែ១០មេហ្គាវ៉ាត់ ក្នុងឆ្នាំ២០១៨ ហើយឥឡូវនេះសមត្ថភាពផលិតបានកើនឡើងដល់៩០មេហ្កាវ៉ាត់ ។
ក្រសួងរ៉ែ និងថាមពលបានបង្ហាញថា គម្រោងកែច្នៃថាមពលពន្លឺព្រះអាទិត្យ ទៅជាថាមពលអគ្គិសនីនេះ ជាគំរោងចំនួន៧ ផ្សេងទៀត ដែលត្រូវបានអនុម័តហើយរហូតដល់ឆ្នាំ២០២២ ដោយសមត្ថភាពបន្ថែមរហូតដល់ទៅ៤១០មេហ្គាវ៉ាត់ ហើយប្រសិនបើគេប្រៀបធៀបជាមួយនឹងថាមពលអគ្គិសនី ដែលមានកាលពីឆ្នាំ២០១៩ ដែលកម្ពុជាមានអនុភាពថាមពលអគ្គិសនី២.៦៥០មេហ្កាវ៉ាត់ គឺប្រភពថាមពលពីពន្លឺព្រះអាទិត្យ នឹងគ្របដណ្តប់ជិត២០ភាគរយ។
ការស្រូបទាញថាមពលពន្លឺព្រះអាទិត្យ មកធ្វើជាថាមពលអគ្គិសនី ត្រូវបានអនុម័តចាប់តាំងពីរាជរដ្ឋាភិបាលព្យាយាម បំពេញតម្រូវការថាមពលសម្រាប់ប្រជាជន និងការអភិវឌ្ឍថ្មីៗបន្ថែម ទៅលើគម្រោងផែនការដែលមានដូចជា ទំនប់វារីអគ្គីសនី រោងចក្រថាមពលដើរដោយធ្យួងថ្ម។
ដោយឡែក គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន៧ ដែលទទួលបានការអនុម័ត និងកំពុងសាងសង់ រួមមាននៅក្នុងខេត្តកំពង់ឆ្នាំង បាត់ដំបង ស្វាយរៀង ពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ។
បច្ចុប្បន្ននេះ ស្ថានីយស្រូបទាញថាមពលពន្លឺព្រះអាទិត្យ កម្លាំង១០មេហ្គាវ៉ាត់ មាននៅក្រុងបាវិតនិងឧទ្យានសូឡា មានកម្លាំង៨០មេហ្គាវ៉ាត់ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ ហើយក្នុងកំឡុងពេលសាងសង់ ជាការលើកទឹកចិត្តដល់បណ្តាអ្នកវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មិនបានគិតពន្ធលើការនាំចូលវត្ថុធាតុដើម នាំចូលពីក្រៅប្រទេសរយៈពេល៩ឆ្នាំ ជាពិសេសក្នុងគោលបំណងជំរុញ ឱ្យការធ្វើពិពិធកម្មបង្កើនថាមពលអគ្គិសនី បានគ្រប់តាមផែនការដែលមានកម្លាំង ៤១០មេហ្គាវ៉ាត់៕