ដោយ ប៊ី
ភ្នំពេញ៖ គម្រោងវិនិយោគនៅក្នុងវិស័យសំណង់ដែលបានអនុម័តដោយរដ្ឋាភិបាល ១.៩៩ ពាន់លានដុល្លារក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំនេះ បានកើនឡើងយ៉ាងខ្លាំង ៤៧ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈភាគច្រើនត្រូវបានជំរុញដោយវិស័យអភិវឌ្ឍន៍លំនៅដ្ឋាន។ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានចេញលិខិតអនុញ្ញាតសាងសង់ដល់ ៧២៨ គម្រោងក្នុងរយៈពេលពីរខែដំបូង កើនឡើង ២៨,១ ភាគរយពី ៥៦៨ ក្នុងរយៈពេលមួយឆ្នាំកន្លងមកដែលគ្របដណ្តប់លើផ្ទៃដីសរុប ៤,២ លានម៉ែត្រការ៉េកើនឡើង ៣៤ ភាគរយ ធៀបនឹងឆ្នាំមុន។
អគ្គនាយករដ្ឋបាល និងជាអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត បានមានប្រសាសនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្ដីការគណៈរដ្ឋមន្ត្រី កាលដើមខែមុនថា នៅក្នុងរយៈពេលជាង២ខែ (ជាង៧០ថ្ងៃ) នៃដើមឆ្នាំ២០២០ កន្លងមកនេះ វិស័យសំណង់នៅកម្ពុជា នៅតែអាចមានសកម្មភាពអភិវឌ្ឍន៍ និងរក្សាបានភាពល្អប្រសើរដដែល។
លោកបានមានប្រសាសន៍បន្តទៀតថា “នៅក្នុងដំណាក់នៃការរាតត្បាតនៃបញ្ហា Covid-19 ត្រូវបានអ្នកវិភាគសេដ្ឋកិច្ចជាច្រើនធ្វើការព្យាករណ៍ថា ព្រឹត្តិការណ៍ជាសាកលដែលកំពុងតែប្រឈមមួយនេះអាចនឹងធ្វើឱ្យកំណើនសេដ្ឋកិច្ចពិភពលោកជួបឱនភាពរហូតដល់ប្រមាណ៥០ភាគរយនៅក្នុងឆ្នាំ២០២០នេះ។ ប៉ុន្តែងាកមកចាប់អារម្មណ៍ជាមួយនឹងការអភិវឌ្ឍវិស័យសំណង់នៅកម្ពុជា តាមរយៈការដាក់ពាក្យស្នើសុំសាងសង់គម្រោង គិតត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ យើងសង្កេតឃើញថានៅមិនទាន់មានការថមថយចុះនោះទេ ហើយផ្ទុយទៅវិញ ការស្នើសុំសាងសង់ជាចំនួនគម្រោងមានការកើនឡើង”។
លោក សេង ឡូត បានបន្តថា “គិតត្រឹមដំណាច់ខែកុម្ភៈ ដើមឆ្នាំ២០២០ មាន ៥២៣ គម្រោង បើធៀបទៅនឹងឆ្នាំ២០១៩ ក្នុងរយៈពេលដូចគ្នាមានត្រឹមតែជាង៣០០គម្រោងតែប៉ុណ្ណោះ ហើយនៅក្នុងរយៈពេល ៣-៤ ខែបន្តទៅមុខ យើងនៅតែបន្តសិក្សា និងតាមដានពីស្ថានការណ៍ និងការវិវឌ្ឍវិស័យនេះទៀត ថាតើនៅតែអាចរក្សាបានលំនឹងដដែល ឬអាចជួបឱនភាពក្នុងកម្រិតណាប្រសិនបើបញ្ហានៃព្រឹត្តិការណ៍វិបត្តិសាកលមួយនេះនៅតែបន្តកើតមាន”។
ភាពរីកចម្រើន និងការអភិវឌ្ឍលើវិស័យសំណង់នៅកម្ពុជា ភាគច្រើនគឺជាការចូលរួមវិនិយោគ និងអភិវឌ្ឍន៍របស់ក្រុមហ៊ុនអចលនទ្រព្យអន្តរជាតិមកពីបណ្តាប្រទេសផ្សេងៗចំនួន១៨ ដែលក្នុងនោះ ការវិនិយោគមកពីប្រទេសចិន ដែលឈរនៅលំដាប់ថ្នាក់លេខ១ ហើយប្រទេសកូរ៉េឈរនៅលំដាប់ថ្នាក់លេខ២ ខណៈដែលប្រទេសជប៉ុនស្ថិតលំដាប់ថ្នាក់លេខ៣ ហើយក្នុងអ្នកវិនិយោគក្នុងស្រុកក៏បានបណ្តាក់ទុនយ៉ាងច្រើនផងដែរ ដោយភាគច្រើនផ្តោតសំខាន់លើគម្រោងអភិវឌ្ឍន៍វិស័យលំនៅដ្ឋាន៕