ដោយ ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលខេត្តក្រចេះតាមរយៈសំណើររបស់វិនិយោគឯកជនគ្រោងប្រែក្លាយតំបន់ធម្មជាតិមួយកន្លែងដែលមានដីទំហំ ១២ ហិកតា និងមានសក្តានុពលធម្មជាតិមួយចំនួនដូចជា អូរ ព្រៃឈើ សត្វព្រៃ ដំណាំចំការ និងធនធានធម្មជាតិផ្សេងទៀតនៅឃុំអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ ទៅជាតំបន់អេកូទេសចរណ៍ ។
លោក ជួប រតនា ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១ ខែឧសភា ឆ្នាំ ២០២០ នេះ ថា តាមការស្នើសុំរបស់វិស័យឯកជន អភិបាលខេត្តក្រចេះ បានដឹកនាំមន្ត្រី ពាក់ព័ន្ធចុះពិនិត្យមើលទីតាំងជាក់ស្តែង និងសិក្សាឱ្យបានច្បាស់លាស់មុននឹងសម្រេចថា គួរឱ្យវិនិយោគបែបណាដើម្បីបានត្រឹមត្រូវក្បួនខ្នាតនៃវិស័យទេសចរណ៍។
លោកបន្តថា “តាមគម្រោង គឺយើងនឹងរៀបចំតំបន់នេះ ជាអេកូទេសចរណ៍ ដែលមានកន្លែងលេងកម្សាន្តផ្សេងៗ ដូចជាមានកន្លែងលេងទឹក កន្លែងចិញ្ចឹមសត្វ ផ្ទះសំណាក់ និងកន្លែងហូមចុកផ្សេងៗ ដើម្បីតម្រូវការភ្ញៀវទេសចរ”។
តែយ៉ាងណាក៏ដោយ លោក ប្រធានមន្ទីរទេសចរណ៍រូបនេះ មិនទាន់ហ៊ានប្រាប់ពីទំហំទឹកប្រាក់ដែលវិស័យឯកជនបណ្តាក់ទុនវិនិយោគនៅឡើយទេ ព្រោះខាងមន្ត្រីជំនាញខេត្តកំពុងធ្វើការសិក្សា និងវាយតម្លៃផលប៉ះពាល់នៅក្នុងតំបន់នេះ។
លោក ជួប រតនា បន្ថែមថា វិស័យឯកជនដែលនឹងចូលរួមវិនិយោគតំបន់អេកូទេសចរណ៍នេះបានស្នើសុំបីទីតាំងនៅក្នុងខេត្តក្រចេះ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកលេងកាន់តែច្រើនបន្ថែមទៀត តែ ការសម្រេចយ៉ាងណានោះ មិនទាន់ដឹងនៅឡើយទេ ព្រោះទាំងរដ្ឋបាលខេត្ត និងវិស័យឯកជនកំពុងធ្វើការសិក្សាលម្អិតចំពោះគម្រោងនេះ។
លោកស្រី ខាំ សុភាព អភិបាលរងខេត្តក្រចេះកាលពី ថ្ងៃ២៩ ខែមេសា ឆ្នាំ២០២០កន្លងមកនេះ បានដឹកនាំក្រុមការងារចម្រុះចុះពិនិត្យទីតាំងសុំសិទ្ធិវិនិយោគជាតំបន់អេកូទេសចរណ៍នេះ ដែលតាមរយៈការវិនិយោគមួយនេះនឹងអាចប្រែក្លាយតំបន់នេះទៅជាតំបន់ទេសចរណ៍តាមរយៈការអភិវឌ្ឍសម្បទាទេសចរណ៍ផ្សេងៗ ដែលអាចជួយការពារនូវធនធានធម្មជាតិ និងជួយបង្កើតមុខរបរឲ្យប្រជាពលរដ្ឋមូលដ្ឋានតាមរយៈវិស័យទេសចរណ៍អេកូទេសចរណ៍ផងដែរ។
យោងតាមរបាយការណ៍របស់រដ្ឋបាលខេត្តក្រចេះ បង្ហាញថា រហូតមកដល់ពេលនេះ ខេត្តក្រចេះ មានតំបន់អេកូទេសចរណ៍ចំនួន ៣កន្លែងរួមមានសហគមន៍អេកូទេសចរណ៍កោះសាមសិប សហគមន៍អូកូទេសចរណ៍កោះផ្តៅ និងសហគមន៍អេកូទេសចរណ៍ធម្មជាតិកោះទ្រង់ និងមានរមណីយដ្ឋានទេសចរណ៍ចំនួន ១៦ កន្លែងរួមមាន ក្នុងនោះមានតែ ៤ ទៅ ៥ កន្លែងប៉ុណ្ណោះដែលពេញនិយមសម្រាប់ភ្ញៀវទេសចរទៅលេងកម្សាន្ត៕