ដោយ ៖ រ៉ាណេត
កែប ៖ រាជរដ្ឋាភិបាលកម្ពុជា បាន និងកំពុងរៀបចំផែនការមេសម្រាប់អភិវឌ្ឍខេត្តកែបឱ្យក្លាយទៅជាគោលដៅទេសចរណ៍ធម្មជាតិដែលមានសក្ដានុពល និងមានលទ្ធភាពខ្ពស់ក្នុងការប្រកួតប្រជែងនៅក្នុងតំបន់ ក៏ដូចជាពិភពលោកទាំងមូលក្នុងនាមជាតំបន់ឆ្នេរដ៏ស្រស់ស្អាត ដោយគ្រោងចាប់អនុវត្តនៅឆ្នាំ២០២១-២០៣៥ ខាងមុខនេះ ។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ លោក ទិត ចន្ថា បានមានប្រសាសន៍នៅក្នុងពិធីផ្សព្វផ្សាយការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ថា ពេលនេះ ការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប បាន និងកំពុងដំណើរការជាបណ្ដើរៗហើយ ដោយក្រសួងទេសចរណ៍ជឿជាក់ថា ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
លោក ទិត ចន្ថា រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍បានមានប្រសាសន៍ថា “ដំណើរការនៃការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍៍ទេសចរណ៍ខេត្តកែបនេះ ត្រូវបានចាប់អនុវត្តតាំងពីខែធ្នូ ឆ្នាំ២០១៩ មកម្ល៉េះ ហើយចាប់ពីពេលនេះតទៅមុខ នឹងមានការចូលរួមផ្ដល់ធាតុចូល និងផ្ដល់ការគាំទ្រពីសំណាក់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញនៅថ្នាក់ខេត្ត ដើម្បីឱ្យការរៀបចំផែនការមេនេះមានភាពគ្រប់ជ្រុងជ្រោយ និងការទទួលខុសត្រូវរួម។
លោកបានបន្តទៀតថា ដោយសារវិស័យទេសចរណ៍ពាក់ព័ន្ធនឹងអន្តរវិស័យ ដូច្នេះការរៀបចំផែនការមេនេះត្រូវគិតគូរជាអន្តរវិស័យ ដូចជាវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បរិស្ថាន គមនាគមន៍ កសិកម្ម ប្រព័ន្ធទឹកស្អាត អគ្គិសនី ការគ្រប់គ្រងសំណល់រឹង-រាវ ការបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដែលចាំបាច់ត្រូវអនុលោមតាមសក្ដានុពល និងធនធានដែលមានជាក់ស្ដែង ដូចជា ធនធានធម្មជាតិ ផ្នែកសាសនា វប្បធម៌ កសិកម្ម និងវិស័យជាច្រើនទៀតដែលមិនទាន់បានកែច្នៃ ធ្វើយ៉ាងណាឱ្យស្របតាមឯកសារបទដ្ឋានគតិយុត្ត និងឯកសារគាំទ្រដទៃទៀត។ ជាមួយគ្នានេះ លោកក៏បានណែនាំដល់ក្រុមការងារដែលចូលរួមសិក្សារៀបចំផែនការមេនេះ ត្រូវរួមគ្នាគិតគូរទាំងភាពវិជ្ជមាន អវិជ្ជមាន និងការគ្រប់គ្រងហានិភ័យទៅលើផ្នែកបរិស្ថាន ប្រព័ន្ធទឹកស្អាត សំណង់ សូរិយោដី សាធារណការ និងផ្នែកពាក់ព័ន្ធដទៃទៀត សំដៅធ្វើឱ្យភ្ញៀវទេសចរដិតជាប់ការចងចាំចំណុចពិសេសៗ ក្រោយបានមកទស្សនាខេត្តនេះ។
ក្រសួងទេសចរណ៍ក៏បានស្នើឱ្យរដ្ឋបាលខេត្តកែបបង្កើតក្រុមការងារជំនាញមួយ ដើម្បីគាំទ្រ និងចូលរួមក្នុងការសិក្សាស្រាវជ្រាវជាមួយក្រុមការងារថ្នាក់ជាតិ ដើម្បីឱ្យការរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែបនេះ សម្រេចបានប្រកបដោយភាពត្រឹមត្រូវ សមភាព តម្លាភាព និងធានាបាននិរន្តរភាព។
អភិបាលខេត្តកែប លោក កែន សត្ថា បានបង្ហាញពីការគាំទ្រចំពោះសំណើរបស់ក្រសួងទេសចរណ៍ និងបានលើកសំណើគម្រោងផែនការមួយចំនួនដាក់បញ្ចូលទៅក្នុងផែនការមេខាងលើ ដូចជាការអភិវឌ្ឍឆ្នេរខ្សាច់ទេសចរណ៍ថ្មី (ចាប់ពីស្ថានីយចម្រោះទឹកកខ្វក់រហូតដល់ព្រៃកោងកាង) និងឆ្នេរខ្សាច់អង្កោល ស្ថិតក្នុងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ក៏ដូចជាការបង្កើតកំពង់ផែទេសចរណ៍ខ្នាតតូចនៅកោះទន្សាយ ការរៀបចំឱ្យមានកន្ត្រកខ្សែរ៉កសម្រាប់ឱ្យទេសចរជិះលេងកម្សាន្តពីគោលដៅទេសចរណ៍មួយទៅគោលដៅទេសចរណ៍ផ្សេងៗទៀតជាច្រើន ដើម្បីធ្វើយ៉ាងណាពង្រីកវិសាលភាពនៃវិស័យទេសចរណ៍ខេត្តកែបឱ្យសម្រេចបានទៅតាមផែនការមេដែលបានដាក់ចេញឱ្យអនុវត្តដោយរាជរដ្ឋាភិបាលកម្ពុជា ៕