ដោយ វុត្ថា
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានឱ្យក្រុមការងារសិក្សាអភិវឌ្ឍន៍ឆ្នេរថ្មីចំនួន២ផ្សេងទៀត នៅក្នុងខេត្តកែប ខណៈបច្ចុប្បន្នខេត្តកែបមានឆ្នេរសម្រាប់លេងកម្សាន្តតែមួយដែលមានត្រឹមតែប្រវែង ៣៥០ម៉ែត្រ ធ្វើឱ្យមានការកកស្ទះភ្ញៀវទេសចរ។
នេះបើតាមការឆ្លើយតបទៅនឹងសំនួររបស់អ្នកសារព័ត៌មានរបស់លោក កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែបនៅក្នុងសន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្ដកែប» ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនាព្រឹកថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២០ ។
លោកបន្តថា “ដោយសារឆ្នេរសមុទ្រនៅក្នុងខេត្តកែបដែលភ្ញៀវទេសចរទៅលេងបច្ចុប្បន្ននេះ មានប្រវែងខ្លីពេកធ្វើឱ្យមានការកកស្ទះយ៉ាងខ្លាំង។ ដូច្នេះហើយ យើងបានជំរុញឱ្យមានការរៀបចំឆ្នេរខ្សាច់កម្សាន្តសាធារណៈ២កន្លែងផ្សេងទៀត ដែលមានប្រវែង ៣គីឡូម៉ែត្រ” ។
លោកបន្ថែមថា “នេះគឺជាការគិតគូរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាកំពុងជំរុញឱ្យក្រុមការងារសិក្សា” ។
លោកអភិបាលខេត្តរូបនេះពន្យល់ថា ការអភិវឌ្ឍតំបន់ឆ្នេរ២កន្លែងនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរសម្រុកមកតែមួយកន្លែងដូចបច្ចុប្បន្នដែលធ្វើឱ្យមានកកស្ទះ។ យើងត្រូវបង្វែរទិសរបស់ពួកគាត់ឱ្យទៅតំបន់ឆ្នេរអង្កោល ដែលមានឆ្នេរខ្សាច់ធម្មជាតិ ខណៈបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែស្ថាបនាផ្លូវចូលទៅក្នុងតំបន់នេះ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានឱ្យដឹងថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលដាក់ចេញចក្ខុវិស័យជា “ខេត្តគោលដៅទេសចរណ៍សម្រាកលំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់” ខណៈបច្ចុប្បន្ននេះការសិក្សារៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
លោកថ្លែងថា ក្រសួងទេសចរណ៍មានជំនឿថា ផែនការមេនេះនឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក។
នាយិកាក្រុមហ៊ុនអចលនទ្រព្យ AMATAK Property Service លោកស្រី តាំង ហួរ ធ្លាប់បានប្រាប់គេហទំព័រ propertyarea.asia កន្លងមកថ្មីៗនេះថា ខេត្តកែបជាតំបន់ទេសចរណ៍ដ៏ស្រស់ស្អាត ហើយក៏កំពុងទាមទារឱ្យមានការរៀបចំ និងអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍បន្ថែមទៀត។
លោកស្រីបានបន្តទៀតថា “បើទោះជារាជរដ្ឋាភិបាល សម្រេចមិនឱ្យមានរោងចក្រ និងមណ្ឌលកម្សាន្ត កាស៊ីណូយ៉ាងណាក៏ដោយ ក៏ខេត្តមួយនេះនៅតែមានសក្ដានុពលផ្នែកអចលនទ្រព្យដដែល ដូចជាសណ្ឋាគារ ផ្ទះសំណាក់ និងបឹងហ្គាឡូជាដើម” ។
យោងតាមរបាយការណ៍របស់ខេត្តកែប បង្ហាញថា ខេត្តកែបជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ មានស្ថានភាពផ្ទៃដីចែកចេញតំបន់ភ្នំ ជម្រាលភ្នំ តំបន់មាត់សមុទ្រ សមុទ្រ និងកោះ មានចំងាយប្រមាណ ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ ។
សម្រាប់សក្តានុពលរបស់ខេត្តកែប ពឹងផ្អែកលើវិស័យទេសចរណ៍ ដោយមានឆ្នេរខ្សាច់ ឧទ្យានជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងវិជ្ជាជីវៈចម្រុះ រួមទាំងធនធានជលផលសមុទ្រជាច្រើនប្រភេទផ្សេងទៀត។
ក្នុងឆ្នាំ ២០១៩ កន្លងមកនេះ ខេត្តកែបបានទទួលបានភ្ញៀវទេសចរជិត ២លាននាក់ បើធៀបនឹងឆ្នាំ ២០១៨ កើនឡើងប្រមាណ ៤.២៤ ភាគរយ ភ្ញៀវទេសចរជាតិ កើនឡើង ៣.៥៨ ភាគរយ និងភ្ញៀវទេសចរកើនឡើង ២៥.០១ ភាគរយ និងផ្តល់កម្លាំងពលកម្មជាង ៣០០០នាក់ មានការងារធ្វើ និងបានបង្កើនប្រាក់ចំណូលជួយដល់គ្រួសារ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្ត៕