ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញតំបន់ប្រាសាទអង្គរកំពុងពន្លឿនការស្ថាបនាឡើងវិញ

0

ដោយ ៖ រ៉ាណេត

សៀមរាប ៖ បណ្តាញហេដ្ឋារចនាសម្ព័ន្ធនានានៅជុំវិញតំបន់ប្រាសាទអង្គរសៀមរាប ត្រូវបានអាជ្ញារជាតិអប្សរាយកចិត្តទុកដាក់ខ្ពស់ក្នុងការសាងសង់ និងកែលម្អរស្របតាមកម្រិតស្ដង់ដារបច្ចេកទេសគុណភាពខ្ពស់ ដោយអ៊ុតបេតុងកៅស៊ូ AC និងគ្រោងបញ្ចប់ជាស្ថាពរនៅក្នុងពេលឆាប់ៗខាងមុខនេះ។

មន្ត្រីអាជ្ញាធរជាតិអប្សរា បានអះអាងបញ្ជាក់ប្រាប់កាលពីរសៀលថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា ចាប់តាំងពីដើមខែឧសភា ឆ្នាំ២០២០ នេះទៅ នាយកដ្ឋានទ្រទ្រង់បច្ចេកទេស និងអន្តរវិស័យ នៃអាជ្ញាធរជាតិអប្សរា នឹងបន្តអនុវត្តគម្រោងជួសជុលកែលម្អផ្លូវចំនួនពីរកំណាត់ រួមមានគឺផ្លូវព័ទ្ធជុំវិញប្រាសាទបាយ័ន និងផ្លូវភ្ជាប់ខាងជើងប្រាសាទបាយ័ន។

មន្ត្រីដដែលបានបន្តឱ្យដឹងទៀតថា កំណាត់ផ្លូវទាំងពីរនេះ ត្រូវធ្វើឡើងដោយយកចិត្តទុកដាក់ទៅលើគុណភាព ស្របតាមបច្ចេកទេសដោយអ៊ុតបេតុងកៅស៊ូ AC ពណ៌ដីក្រហម ស្រទាប់ក្រោមខ្មៅស្រទាប់លើក្រហមចាស់ កម្រាស់ ៦ សង់ទីម៉ែត្រ បន្ថែមពីលើផ្លូវចាស់ដែលមានស្រាប់ DBST ប្រវែង ១.០២៤ ម៉ែត្រ មានទទឹង៥ម៉ែត្រ ដើម្បីបង្កើនគុណភាព និងលើកសោភ័ណភាពផ្លូវឱ្យកាន់តែល្អប្រសើរ។ កំណាត់ផ្លូវមួយទៀត តភ្ជាប់ពីខាងជើងប្រាសាទបាយ័នទៅដល់ខ្លោងទ្វារដីឆ្នាំង ដោយផ្តើមចេញពីផ្លូវកែងជ្រុងខាងកើតឈៀងខាងជើង នៃប្រាសាទបាយ័ន ឆ្ពោះទៅខ្លោងទ្វារដីឆ្នាំងប្រវែង ១.៤២៧ ម៉ែត្រ មានទទឹង ៦ម៉ែត្រ ដោយអ៊ុតបេតុងកៅស៊ូពណ៌ក្រហមចាស់ ប្រភេទ AC គ្រោងនឹងបញ្ចប់នៅចុងខែឧសភាខាងមុខនេះ ហើយក្រោយពេលសាងសង់ផ្លូវនេះរួចរាល់ អាជ្ញាធរជាតិអប្សរានឹងផ្អាកការប្រើប្រាស់ផ្លូវកៅស៊ូបច្ចុប្បន្នទាំងស្រុង ដែលនៅកៀកនឹងព្រះលានជល់ដំរី ហើយកែលម្អផ្លូវនោះជាសួនដាំស្មៅ ដើមឈើ បង្កើនទេសភាពបរិស្ថានស្រស់ស្អាតនៅមុខព្រះលានជល់ដំរី ក៏ដូចជានៅក្នុងបរិវេណក្រុងអង្គរធំទាំងមូល។

កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដើមសប្ដាហ៍នេះ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការជួសជុលកំណាត់ផ្លូវចាប់ពីរង្វង់មូលព្រះបាទជ័យវរ្ម័នទី៧ កាត់តាមមុខព្រលានយន្តហោះ ដល់ប្រាសាទនាងពៅ បន្តរហូតដល់ផ្លូវបំបែកចំណតរថយន្តមុខប្រាសាទអង្គរវត្ត មានទទឹង១០ម៉ែត្រ ក្រាលបេតុងកៅស៊ូប្រភេទ AC ប្រវែងសរុប ៦ ៧១២ម៉ែត្រ។

គម្រោងជួសជុលនេះចែកចេញជា ៣កំណាត់ ដោយកំណាត់ទី១ ចាប់ពីផ្លូវជាតិលេខ៦ ត្រង់រង្វង់មូលព្រះបាទជ័យវរ្ម័នទី៧មកដល់មុខព្រលានយន្តហោះប្រវែង ២១៨១ម៉ែត្រ ។ កំណាត់ទី២ ចាប់ពីមុខព្រលានយន្តហោះមកដល់មុខប្រាសាទនាងពៅប្រវែង៩៨៥ម៉ែត្រ។ កំណាត់ទី៣ ចាប់ពីប្រាសាទនាងពៅមកដល់មុខប្រាសាទអង្គរវត្ត ប្រវែង៣៥៤៦ម៉ែត្រ។ ផ្លូវនេះផ្តល់នូវសក្តានុពលច្រើនសម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្តសៀមរាប ជួយសម្រួលដល់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងចំណេញពេលវេលា ជាពិសេសភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមកទស្សនានៅក្នុងរមណីយដ្ឋានអង្គរ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here