ដោយ ៖ រ៉ាណេត
ភ្នំពេញ ៖ ពហុកីឡដ្ឋានជាតិមរតកតេជោ នឹងបើកចំហរអនុញ្ញាតឱ្យសាធារណៈជនទូទៅ ក៏ដូចជាសិស្ស និស្សិត និងទេសចរនានាបានចូលទស្សនា និងស្វែងយល់យ៉ាងទូលាយបន្ទាប់ពីការសាងសង់ត្រូវបានបញ្ចប់ជាស្ថាពរនៅត្រឹមចុងខែធ្នូ ឆ្នាំ២០២ឆាប់ៗខាងមុខនេះ។
អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន មានប្រសាសន៍កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ថា ក្រោយបញ្ចប់ការសាងសង់នាដំណាច់ឆ្នាំ២០២០ ពហុកីឡដ្ឋានជាតិមរតកតេជោនឹងត្រូវបានបើកចំហរទស្សនកិច្ចស្វែងយល់ដោយទទួលស្វាគមន៍គ្រប់មជ្ឈដ្ឋានទាំងអស់។
លោកបានបញ្ជាក់ថា “ការបើកទទួលនេះ ដើម្បីផ្តល់ឱកាសទូលាយជូនដល់សិស្ស និស្សិត យុវជន មគ្គុទេសក៍ទេសចរណ៍ ក៏ដូចជាប្រជាពលរដ្ឋទូទៅ សម្រាប់កិច្ច ការស្រាវស្រាវស្វែងយល់ កម្សាន្ត ទេសចរណ៍ ដើម្បីធ្វើឱ្យពហុកីឡដ្ឋានជាតិមរតកតេជោក្លាយជាតំបន់ទេសចរណ៍ថ្មីមួយ ការសិក្សាថ្មីមួយ កន្លែងអប់រំថ្មីមួយ ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យពួកគាត់ស្រឡាញ់កីឡា ហេដ្ឋារចនាសម្ព័ន្ធកីឡា សម្រាប់គ្រប់គ្រឹះស្ថានសិក្សា គ្រប់ក្រសួងស្ថាប័ន ដែលចង់ទៅធ្វើធ្វើទស្សនកិច្ចស្វែងយល់ពីភាពលេចធ្លោ ភាពអស្ចារ្យប៉ុណ្ណា ដើម្បីផ្សព្វផ្សាយពីកេរតំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត។
លោកបានបន្ថែមទៀតថា “សមិទ្ធផលដ៏អស្ចារ្យថ្មីមួយនេះនឹងបង្ហាញរូបរាងជាស្ថាពរនៅដើមឆ្នាំ២០២១ ហើយយើងនឹងធ្វើកម្មវិធីនានាឱ្យបានល្អប្រសើរ ដើម្បីបញ្ជ្រាបការយល់ដឹងទៅដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ក្នុងគោលបំណងឱ្យគាំទ្រដល់ដំណើរការឆ្ពោះទៅទទួលរៀបចំម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា ដែលនេះគឺជាសារដ៏សំខាន់ ដែលយើងខ្ញុំនឹងត្រៀមទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុតសម្រាប់ប្រជាពលរដ្ឋខ្មែរ” ។
ចាប់ពីឆ្នាំ២០២១ទៅ គណៈកម្មាធិការជាតិអូរឡាំពិកមានផែនការច្បាស់លាស់ ដូចជាបង្កើតព្រឹត្តិការណ៍ប្រកួតប្រជែងស្នាដៃគូររូបដោយដៃនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដើម្បីយកស្នាដៃទាំងនោះ ទៅដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នាពេលស៊ីហ្គេម ឆ្នាំ២០២៣ ។ នេះជាគំនិតបំផុសស្មារតីឱ្យកូនខ្មែរចូលរួមចំណែកក្នុងគោលដៅស៊ីហ្គេម ២០២៣ ។ ក្រៅពីនេះនៅមានកម្មវិធីជាច្រើនទៀត ដើម្បីសម្រួចគោលដៅឱ្យគ្រប់ផ្នែកទាំងអស់ទទួលបានជោគជ័យជាប្រវត្តិសាស្ត្រនៃស៊ីហ្គេម ជាលើកដំបូងរបស់កម្ពុជា ក្រោយពីប្រជាពលរដ្ឋខ្មែរទទួលបាននូវមរតកនៃហេដ្ឋារចនាសម្ព័ន្ធដ៏មហាសាលនេះ៕