ដោយ ៖ វុត្ថា
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពតបានដាក់ចេញផែនការអភិវឌ្ឍឆ្នេរស្អាតថ្មីមួយស្ថិតនៅក្នុងតំបន់កែបថ្មី ដើម្បីបង្កើនផលិតផលទេសចរណ៍ឲ្យកាន់តែសម្បូរបែបសម្រាប់ឱ្យភ្ញៀវទេសចរ អាចទស្សនាកំសាន្ត និងស្នាក់នៅយូរជាងមុន ខណៈកន្លងមក ខេត្តជាប់មាត់សមុទ្រមួយនេះ មិនមានតំបន់ឆ្នេរសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តកំពតនៅ ព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២០នេះឱ្យដឹងថា រដ្ឋបាលខេត្តកំពតនឹងបន្តអភិវឌ្ឍន៍ឆ្នេរថ្មីស្អាតដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយចិរភាព និងគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តច្រើនក្នុងខេត្ត។
លោកឱ្យដឹងបន្តថា “ខេត្តកំពត គឺជាខេត្តស្ថិតនៅក្នុងតំបន់ឆ្នេរ ប៉ុន្តែពុំមានឆ្នេរខ្សាច់សម្រាប់បំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅឡើយ ដូច្នេះ រដ្ឋបាលខេត្តកំពត បានធ្វើការសិក្សារៀបចំបង្កើតនូវរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់កែបថ្មី នៅខាងលិចខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តកំពត។
លោកបន្ថែមថា “រដ្ឋបាលខេត្ត កំពុងសិក្សាកន្លងមកប្រសិទ្ធិនាមឈ្មោះអ្វីនៅឆ្នេរនោះ ? ហើយកន្លងមកនេះរដ្ឋបាលខេត្តមានមហិច្ឆតាថា ធ្វើឲ្យបើកដំណើរការបានខ្លះបណ្តើរៗ មុនពេលចូលឆ្នាំ ប៉ុន្តែដោយសារយើងមានបញ្ហាជំងឺ Covid-19 ទៅ យើងក៏ពន្យារពេលទៅ” ។
លោកប្រធានមន្ទីរទេសចរណ៍ខេត្តរូបនេះ បន្ថែមថា ក្នុងរយៈពេល ៥ ឆ្នាំ ចុងក្រោយ ភ្ញៀវទេសចរបានកើនឡើងជាបន្តបន្ទាប់ គ្រាន់តែឆ្នាំ ២០១៩ កន្លងមកនេះ ខេត្តកំពត ទទួលបានភ្ញៀវទេសចរ ១លាន៦សែននាក់ ក្នុងនោះភ្ញៀវអន្តរជាតិជាង១០ភាគរយ ខណៈបច្ចុប្បន្ននេះ ខេត្តមានតំបន់ទេសចរណ៍ចំនួន ១៧ កន្លែង សហគមន៍ទេសចរណ៍ចំនួន ៤ កន្លែង និងគោលដៅទាក់ទាញចំនួន ៤ កន្លែង (ចម្ការម្រេច ស្រែអំបិល សំណង់បិតិកភ័ណ្ឌ និងសក្តានុពលទេសភាពដងព្រែក) ។
លោកបញ្ជាក់ថា បន្ថែមពីនេះ ខេត្តកំពតមានកំពងផែទឹកជ្រៅ ដែលអាចផ្តល់លទ្ធភាព ដល់ការចូលចតរបស់នាវាទេសចរណ៍ធំៗ ។ ស្របគ្នានេះដែរ ខេត្តកំពតជួបបញ្ហាប្រឈម នៃកន្លែងស្នាក់នៅ និងភោជនីយដ្ឋាន កម្រិតមធ្យម និងលើមធ្យម និងមជ្ឈមណ្ឌលសេវាកម្មជាច្រើនផ្សេងទៀត។
លោក ភូ លិ អភិបាលរងខេត្តកំពត បានឱ្យដឹងដែរថា បច្ចុប្បន្ន រមណីយដ្ឋានឋានសួគ៌បូគោ នៅតែជាគោលដៅទាក់ទាញទេសចរណ៍ជាទីបំផុត សម្រាប់ភ្ញៀវជាតិ-អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ក្នុងចំណោមរមណីយដ្ឋានផ្សេងៗរបស់ខេត្ត។ ជាមួយគ្នានេះផងដែរ ការកើនឡើងជាបន្តបន្ទាប់នូវសេវាកម្មផ្ទះសំណាក់ បឹងកាឡូ សណ្ឋាគារ អាហារដ្ឋាន ភោជនីយដ្ឋាន សុទ្ធតែបានលើកស្ទួយកម្រិតជីវភាព របស់ប្រជាពលរដ្ឋឲ្យមានភាពល្អប្រសើរខ្លាំង។
លោកបន្តថា ចំពោះហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដទៃទៀត ត្រូវបាន និងកំពុងសាងសង់ កែលំអរជាបន្តបន្ទាប់ សំដៅប្រែក្លាយទឹកដីខេត្តកំពត ជាទឹកដីទាក់ទាញភ្ញៀវទេសចរ ប្រកបដោយភាពស្រស់បំព្រង និងផាសុកភាព ស័ក្តិសមជាខេត្តដែលត្រូវទទួលបានជ័យលាភី ផ្ការំដួល៣ទង។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ បានបង្ហាញថា វិស័យទេសចរណ៍កម្ពុជានៅមានសក្តានុពលច្រើនក្នុងការជំរុញការអភិវឌ្ឍសង្គម និងការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវគោលដៅភ្ញៀវទេសចរចំនួន១៥ លាននាក់ ជាមួយចំណូលប្រមាណ១០ពាន់លានដុល្លារអាមេរិក និងការបង្កើតការងារបានប្រមាណ ២លាននាក់ នៅឆ្នាំ២០៣០ ៕