ដោយ ៖ ហ្សូលី
សៀងហៃ ៖ ក្រុមហ៊ុន Walt Disney សកលលោក បានលើកឡើងថា ទឹកប្រាក់ប្រមាណជាជិត ១៤០០លានដុល្លារ បានខាតបង់ដោយសារតែការរាតត្បាតនៃជំងឺ Covid-19 ប៉ុន្តែ Disneyland នៅទីក្រុងសៀងហៃនឹងបើកដំណើរការឡើងវិញនៅសប្តាហ៍ក្រោយនេះ ដោយកំណត់ចំនួនភ្ញៀវចូលកម្សាន្ត។
នាយកប្រតិបត្តិក្រុម Disney បានឱ្យដឹងថា មិនទាន់ច្បាស់នោះទេថា Disneyland នៅតំបន់អាស៊ីចំនួនប៉ុន្មានដែលនឹងត្រូវចាប់បើកដំណើរការឡើងវិញនោះ ខណៈដែលអាមេរិក និងបារាំងនឹងត្រឡប់មកបន្តស្វាគមន៍ភ្ញៀវ ប្រសិនបើស្ថានការណ៍ធូរស្បើយ ហើយហាងលក់ទំនិញ និងទូកកម្សាន្តក៏នឹងត្រឡប់បើកអាជីវកម្មដូចគ្នា។
លោក Bob Chapek ប្រធានប្រតិបត្តិក្រុមហ៊ុន Disney បានឱ្យដឹងថា ជំងឺកូរ៉ូណាបានសាយភាយនៅពាសពេញសាកលលោក លើកលែងតែ Disneyland នៅទីក្រុងសៀងហៃនឹងបើកដំណើរការនៅថ្ងៃចន្ទ ខែឧសភា សប្តាហ៍ក្រោយនេះ។
លោកបន្ថែមថា រដ្ឋាភិបាលចិនបានកំណត់ថា ចំនួនអ្នកចូលកម្សាន្តអនុញ្ញាតឱ្យផ្ទុកត្រឹម ២៤០០០នាក់តែប៉ុណ្ណោះ ដែលនេះគឺជាចំនួន ៣០ភាគរយ នៃសមត្ថភាពផ្ទុករបស់ Disneyland។ ការចូលកម្សាន្តនេះនឹងត្រូវមានការការពាររឹតបន្តឹងខ្លាំងដូចជា ការរក្សាគម្លាត ការពាក់ម៉ាស និងវាស់កម្តៅថែមទៀតផង។
ថ្វីត្បិតតែលឿនបន្តិចក្នុងការចាប់ផ្តើមប្រតិបត្តិការ ប៉ុន្តែក្រុមការងារនឹងធ្វើការវាយតម្លៃទៅលើសេណារីយ៉ូមួយចំនួន ដើម្បីប្រាកដថាគ្រប់គ្នាមានការប្រុងប្រយ័ត្នមុននឹងចាប់បើកកន្លែងកម្សាន្តនេះ។
ប្រាក់ចំណូលរបស់ក្រុមហ៊ុន Disney គិតចាប់ពីខែមករាដល់ខែមីនា ឆ្នាំ ២០២០នេះ បានធ្លាក់ចុះប្រមាណជាង ៦០ ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្នកវិភាគបានព្យាករណ៍ថា Disneyland នឹងអាចរកចំណូលបាន ១៧,៨ ពាន់លានដុល្លារនៅឆ្នាំ ២០២០នេះ ៕ REUTERS