ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញ អះអាងថា វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចនៅក្នុងប្រទេសហាក់មានសញ្ញាវិជ្ជមានឡើងវិញ បន្ទាប់ពីមើឃើញប្រជាពលរដ្ឋខ្មែរក្នុងរយៈពេលកន្លងមកនេះចេញធ្វើសកម្មភាពទេសចរណ៍នៅតាមបណ្តាគោលដៅទេសចរណ៍នានា និងក្រោយCovid-19 មានភាពធូរស្រាល។
លោក ស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ប្រជាពលរដ្ឋកម្ពុជាមានការត្រេកអរចំពោះការធូរស្រាលនៃស្ថានភាពនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេស ហើយបានធ្វើដំណើរទេសចរណ៍ស្ទើរតែគ្រប់គោលដៅទេសចរណ៍នៅក្នុងប្រទេសរៀងរាល់ចុងសប្តាហ៍។
លោកស្រីបន្តថា នេះ ជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចរបស់កម្ពុជា ស្របពេលដែលរាជរដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាននឹងកំពុងលើកកម្ពស់ និងជំរុញចលនាទេសចរណ៍នៅក្នុងស្រុក។
លោកស្រីបន្ថែមថា បើសិនជាមានការអូសបន្លាយក្នុងរយៈពេលយូនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅក្នុងប្រទេស តែយ៉ាងណាក៏ដោយក៏នៅមានហានីភ័យចំពោះប្រជាពលរដ្ឋដែលពុំបានការពារខ្លួននៅពេលធ្វើដំណើរទេសចរណ៍ខ្លះដែរ ខណៈដែលជំងឺនេះនៅតែបន្តមានវត្តមាននៅលើសកលលោក។
លោកស្រីបញ្ជាក់ថា នៅពេលឃើញមានប្រជាពលរដ្ឋកម្សាន្តច្រើនបែបនេះ វាជួយជំរុញឱ្យវិស័យបដិសណ្ឋារកិច្ច និងសេវាកម្មនានាងើបឡើងវិញ ហើយអាចឈរជើងបានតែ មិនទាន់ផលចំណេញនោះទេ។
អគ្គលេខាធិការសម្ព័ន្ធទេសចរណ៏ជាតិកម្ពុជា លោក ហូ វណ្ឌី បានអះអាងស្រដៀងគ្នាដែរថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ ឃើញមានប្រជាពលរដ្ឋខ្មែរមានសកម្មភាពទេសចរណ៍នៅក្នុងស្រុក ដែលនេះ គឺជាសញ្ញវិជ្ជមានថ្មីមួយសម្រាប់វិស័យនេះ ស្របពេលដែលរាជរដ្ឋាភិបាល ជាពិសេសស្ថាប័នជំនាញបានប្រកាសពីស្ថានភាពធូស្រាលនៃជំងឺកូវីដ ១៩នៅក្នុងប្រទេស តែយ៉ាងណាក៏ត្រូវមានការគិតគូដល់ការការពារពីជំងឺនេះផងដែរខណៈជំងឺនេះ មិនទាន់ផុតរលត់នៅឡើយទេ។
លោកថ្លែងបន្តថា សញ្ញាវិជ្ជមាននេះ នឹងធ្វើឱ្យសេវាកម្មទាំងបីរបស់កម្ពុជានឹងដំណើរការឡើងវិញ គឺសេវាកម្មម្ហូបអាហារ សេវាកម្មដឹកជញ្ជូន និងសេវាកម្មស្នាក់នៅ ហើយក្រៅពីនេះ ក៏អាចរស់រានមានជីវិញផងដែរ តែយ៉ាងណាក៏ដោយវាមិនទាន់មានស្ថានភាពល្អប្រសើរនៅឡើយទេ ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីកន្លងមកនេះ បានដាក់ចេញផែនការជំរុញចលនាទេសចរណ៍ក្នុងប្រទេស ឱ្យដំណើរការនៅតាមខេត្តគោលដៅ និងជាវិធានការមួយដ៏សំខាន់ដែលអង្គការទេសចរណ៍ពិភពលោកទទួលស្គាល់ ក្នុងពេលដែលវិស័យទេសចរណ៍ត្រូវទទួលរងនូវផលប៉ពាល់ពីជំងឺឆ្លង ឬវិបត្តិសេដ្ឋកិច្ចសកល។
លោកបន្តថា ការធ្វើដំណើរបស់ទេសចរក្នុងស្រុក នឹងចូលរួមចំណែកទ្រទ្រង់យ៉ាងសំខាន់ ដល់មូលដ្ឋានអាជីវកម្មទេសចរណ៍ នៅពេលដែលការធ្វើដំណើររបស់ទេសចរអន្តរជាតិមានការធ្លាក់ចុះ៕