ដោយ វុត្ថា
ភ្នំពេញៈ នៅក្នុងឆ្នាំ២០២០នេះ ខេត្តនៅជាប់ឆ្នេរសមុទ្រកម្ពុជាចំនួន ៣រួមមាន ខេត្តកំពត កែប និងព្រះសីហនុ បាននឹងកំពុងប្រកួតប្រជែងគ្នា ក្នុងការដាក់ផែនការរៀបចំឆ្នេរថ្មី ដើម្បីស្រូបយកភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ។
ការកែលំអរនិងរៀបចំឆ្នេរនេះ ធ្វើឡើងស្របតាមតាមការណែនាំរបស់លោក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និង ជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ឆ.ក)។
១) ឆ្នេរនៅតំបន់កែបថ្មី នៃខេត្តកំពត
រដ្ឋបាលខេត្តកំពត បានដាក់ចេញផែនការអភិវឌ្ឍឆ្នេរស្អាតថ្មីមួយ ស្ថិតនៅក្នុងតំបន់កែបថ្មី ជាប់មាត់សមុទ្រប្រមាណ៨០ហិកតា ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដើម្បីបង្កើនផលិតផលទេសចរណ៍ ឲ្យកាន់តែសម្បូរបែបសម្រាប់ឱ្យភ្ញៀវទេសចរ អាចទស្សនាកំសាន្ត និងស្នាក់នៅយូរជាងមុន ខណៈកន្លងមក ខេត្តជាប់មាត់សមុទ្រមួយនេះ មិនមានតំបន់ឆ្នេរសម្រាប់ទទួលភ្ញៀវទេសចរនោះទេ។
លោកសយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ឲ្យដឹងថា រដ្ឋបាលខេត្តកំពតនឹងបន្តអភិវឌ្ឍន៍ឆ្នេរថ្មីស្អាត ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ ប្រកបដោយចិរភាព និងគុណភាព ដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យចូលមកទស្សនាកម្សាន្តច្រើនក្នុងខេត្ត។
លោកឱ្យដឹងបន្តថា “ខេត្តកំពត ជាខេត្តស្ថិតនៅក្នុងតំបន់ឆ្នេរ ប៉ុន្តែពុំមានឆ្នេរខ្សាច់សម្រាប់បំរើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅឡើយ ដូច្នេះរដ្ឋបាលខេត្តកំពត បានធ្វើការសិក្សារៀបចំបង្កើត នូវរមណីយដ្ឋានឆ្នេរខ្សាច់ថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់កែបថ្មី នៅខាងលិចខេត្តកំពត ដើម្បីទាក់ទាញភ្ញៀវទេសចរចូលមកទស្សនាក្នុងខេត្តកំពត” ។
២) ខេត្តកែបគ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងថ្មីបន្ថែមទៀត
រដ្ឋបាលខេត្តកែប គ្រោងពង្រីកឆ្នេរកម្សាន្ត២កន្លែងថ្មីបន្ថែមទៀត ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិ ឱ្យមកលេងកម្សាន្តកាន់តែច្រើនថែមទៀត ខណៈខេត្តជាប់មាត់សមុទ្រមួយនេះ មានការអភិវឌ្ឍខ្លាំងលើវិស័យទេសចរណ៍ ហើយមានភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាលេងកំសាន្តយ៉ាងច្រើនកុះករ។
លោកកែន សត្ថា អភិបាលខេត្តកែប បានឱ្យដឹងថា បច្ចុប្បន្ននេះ ស្ថានភាពភ្ញៀវទេសចរមកកាន់ខេត្តកែប កាន់កើនឡើងពីមួយឆ្នាំទៅមួយឆ្នា អាជ្ញាធរកំពុងសិក្សាបង្កើតតំបន់ឆ្នរ ២កន្លែងបន្ថែមទៀត ដើម្បីបង្វែរភ្ញៀវទេសចរ ទៅលេងកម្សាន្តកន្លែងថ្មីៗទាំងនោះផងដែរ ។
លោកបន្តថា ខេត្តកែបច្ចុប្បន្ននេះ មានឆ្នេរកម្សាន្តប្រវែង៣៥០ម៉ែត្រ ដែលធ្វើឱ្យមានការកកណែន ដូច្នេះ រដ្ឋបាលខេត្តកំពុងតែខិតខំពង្រីក រៀបចំឆ្នេរ២កន្លែងទៀត គឺឆ្នេរខ្សាច់កម្សាន្តជាសារធារណៈ ដែលមានប្រវែងប្រហែលជា៣គីឡូម៉ែត្រ គឺជាឆ្នេរខ្សាច់ធម្មជាតិ។
៣) ខេត្តកំពង់សោមកំពុងរៀបចំឆ្នេរអូត្រេះ២ និងឆ្នេរជំទាវម៉ៅ
រដ្ឋបាលខេត្តព្រះសីហនុ បាននឹងកំពុងរៀបចំសួនកម្សាន្ត ឆ្នេរអូរត្រេះ២ប្រវែង១,៧៤៦ម៉ែត្រ និង ឈូសឆាយរៀបចំឆ្នេរសមុទ្រថ្មីដែលត្រូវបានប្រសិទ្ធិនាម « ឆ្នេរជំទាវម៉ៅ » ប្រវែងប្រមាណ២៧០០ម៉ែត្រ ជាតំបន់ទេសចរណ៍ដ៏ទាក់ទាញមួយទៀត សម្រាប់បម្រើដល់វិស័យទេសចរណ៍ និងសារធារណៈ។
សម្រាប់ទីតាំងឆ្នេរនឹងត្រូវរៀបចំថ្មី ដែលមានទីតាំងស្របនឹងផ្លូវជំទាវម៉ៅ ដែលទើបតែស្ថាបនាថ្មី (ផ្លូវដែលមានដើមឈើនៅចំកណ្តាល ដើមឈើចាំស្នេហ៍) ស្ថិតក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ «ឆ្នេរជំទាវម៉ៅ » នឹងបង្ហាញសម្រស់ សោភ័ណភាពស្រស់បំព្រង និងជាឆ្នេរសាធារណៈ បម្រើជូនភ្ញៀវជាតិ អន្ដរជាតិ ទស្សនាកម្សាន្ត និងលេងកម្សាន្តដោយសេរី ។
ចំណែកសួនកម្សាន្តឆ្នេរអូរត្រេះ២ ប្រវែង១,៧៤៦ម៉ែត្រនឹងត្រូវរៀបចំដូចជា ក្រាលការ៉ូឡាកន្លែងចតរថយន្ត រៀបចំកែលំអរសួនច្បារ និងដាំដើមឈើឡើងវិញ ក្រាលការ៉ូឡាសំរាប់ផ្លូវថ្មើជើង តំឡើងបង់អង្គុយលេង សាងសង់បន្ទប់ទឹកថ្មី រៀបចំកន្លែងលេងកីឡានៅលើឆ្នេខ្សាច់ រៀបចំកន្លែងហាត់ប្រាណបែបធម្មជាតិ រៀបចំសួនកុមារ និងឡានម្ហូបចល័តដែលមានស្តង់ដារអន្តរជាតិ។
លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុនឱ្យបន្តសិក្សាឆ្នេរសមុទ្រ ចាប់ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ រហូតដល់ចុងឆ្នេរជំទាវម៉ៅ មានប្រវែងប្រមាណ១៥គីឡូម៉ែត្រ ដើម្បីកែលម្អឆ្នេរសមុទ្រ ជាលំហរសាធារណ:បម្រើឱ្យសាធារណ:ជន កាលណាបាត់បង់ឆ្នេរ នោះនឹងបាត់បង់ភ្ញៀវទេសចរ៕