ដោយ វុត្ថា
ភ្នំពេញៈ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន និងកំពុងសិក្សាកែលម្អឆ្នេរសមុទ្រកែបជា ឆ្នេរខ្សាច់កម្សាន្តសាធារណៈសម្រាប់សាធារណជន និងភ្ញៀវទេសចរណ៍ប្រវែង២៩៥៩ ម៉ែត្រ ចាប់ពីផ្សារក្តាមរហូតដល់តំបន់សហគមន៍កោងកាង ស្ថិតនៅសង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប។
យោងតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីគ នរូបនីយកម្ម និងសំណង់ដែលបានផ្សព្វផ្សាយកាលពីខែឧសភា ឆ្នាំ ២០២០បានបង្ហាញថា លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា (គអឆក) បានឱ្យក្រុមការងារសិក្សាអភិវឌ្ឍន៍ឆ្នេរថ្មីចំនួន២ផ្សេងទៀត នៅក្នុងខេត្តកែប ខណៈបច្ចុប្បន្នខេត្តកែបមានឆ្នេរសម្រាប់លេងកម្សាន្តតែមួយ ដែលមានត្រឹមតែប្រវែង៣៥០ម៉ែត្រ ធ្វើឱ្យមានការកកស្ទះភ្ញៀវទេសចរ។
លោកកែន សត្ថា អតិតអភិបាលខេត្តកែបឱ្យដឹងកាលពីពេលថ្មីៗនេះថា ការអភិឌ្ឍតំបន់ឆ្នេរ នៅក្នុងភូមិសាស្ត្រខេត្តកែបនេះ គឺដើម្បីកុំឱ្យភ្ញៀវទេសចរសម្រុកមកតែមួយកន្លែង ដូចបច្ចុប្បន្នដែលធ្វើឱ្យមានកកស្ទះ និងដើម្បីបង្វែរទិសរបស់ពួកគេឱ្យទៅតំបន់ឆ្នេរទាំងនេះដែលមានឆ្នេរខ្សាច់ធម្មជាតិ ខណៈបច្ចុប្បន្ននេះ រដ្ឋបាលខេត្តកំពុងតែស្ថាបនាផ្លូវចូលទៅក្នុងតំបន់នេះ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់បានឱ្យដឹងថា ខេត្តកែបត្រូវបានរាជរដ្ឋាភិបាលដាក់ចេញចក្ខុវិស័យជា “ខេត្តគោលដៅទេសចរណ៍ សម្រាកលំហែកម្សាន្ត ប្រណិតកម្រិតខ្ពស់” ខណៈបច្ចុប្បន្ននេះការសិក្សារៀបចំផែនការមេ អភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប គ្រោងនឹងបញ្ចប់នៅដំណាច់ខែកក្កដា ឆ្នាំ២០២០ ហើយអាចនឹងដាក់ឆ្លងកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នាខែសីហា ឆ្នាំ២០២០ ខាងមុខនេះ។
លោកថ្លែងថា “ក្រសួងទេសចរណ៍មានជំនឿថាផែនការមេនេះ នឹងជួយឱ្យខេត្តកែបក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងបស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់ និងពិភពលោក” ។
យោងតាមរបាយការណ៍របស់ខេត្តកែបបង្ហាញថា ខេត្តកែបជាខេត្តទេសចរណ៍ធម្មជាតិតំបន់ឆ្នេរ មានស្ថានភាពផ្ទៃដីចែកចេញតំបន់ភ្នំ ជម្រាលភ្នំ តំបន់មាត់សមុទ្រ សមុទ្រ និងកោះ មានចំងាយប្រមាណ១៧៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ សក្តានុពលរបស់ខេត្តកែប ពឹងផ្អែកលើវិស័យទេសចរណ៍ ដោយមានឆ្នេរខ្សាច់ ឧទ្យានជាតិ ព្រៃកោងកាង ផ្កាថ្ម ស្មៅសមុទ្រ និងវិជ្ជាជីវៈចម្រុះ រួមទាំងធនធានជលផលសមុទ្រជាច្រើន ប្រភេទផ្សេងទៀត។
ក្នុងឆ្នាំ២០១៩ កន្លងមកនេះ ខេត្តកែបបានទទួលបានភ្ញៀវទេសចរជិត២លាននាក់ បើធៀបនឹងឆ្នាំ ២០១៨ កើនឡើងប្រមាណ៤.២៤ ភាគរយ ភ្ញៀវទេសចរជាតិ កើនឡើង ៣.៥៨ ភាគរយ និងភ្ញៀវទេសចរកើនឡើង ២៥.០១ ភាគរយ និងផ្តល់កម្លាំងពលកម្មជាង ៣០០០នាក់ មានការងារធ្វើ និងបានបង្កើនប្រាក់ចំណូលជួយដល់គ្រួសារ និងរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រនៅក្នុងខេត្ត៕