រដ្ឋាភិបាលកម្ពុជានឹងបង្កើតឧទ្យានដ៏ធំមួយនៅខេត្តព្រះវិហារ ដើម្បីទាក់ទាញភ្ញៀវទេសចរ

0

ដោយ ៖ រ៉ាណេត

ព្រះវិហារ ៖ នៅត្រឹមពេលដ៏ខ្លីឆាប់ៗខាងមុខនេះ រាជបណ្ឌិត្យសភាកម្ពុជា និងធ្វើការអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ទៅជាឧទ្យានទេសចរណ៍វប្បធម៌ ប្រវត្តិសាស្ត្រ និងជាកន្លែងបង្កើតផលិតផលដ៏ធំមួយប្រចាំនៅប្រទេសកម្ពុជា ដែលចូលរួមក្នុងការបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិត សុខ ទូច បានមានប្រសាសន៍នៅក្នុងឱកាសចូលរួមពិធីដាំកូនឈើនៅក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ក្រោមប្រធានបទ «ដាំដើមឈើម្នាក់មួយដើម បន្តដង្ហើមផែនដី» នៅដើមសប្ដាហ៍នេះថា រាជបណ្ឌិត្យសភាកម្ពុជាមិនត្រឹមតែជាទីកន្លែងបណ្តុះបណ្តាលលើទ្រឹស្តីប៉ុណ្ណោះទេ ស្ថាប័ននេះ គឺជាទីកន្លែងសិក្សាស្រាវជ្រាវ និងបង្ហាញសមិទ្ធផលស្នាដៃការងារជាក់ស្តែងដោយចងភ្ជាប់ជាមួយនឹងក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន។

លោកបានបញ្ជាក់ថា ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប បាន និងកំពុងអនុវត្តគម្រោងមួយចំនួនក្នុងនោះ រួមមានដូចជា គម្រោងចិញ្ចឹមគោទឹកដោះ, គម្រោងបណ្ដុះ និងដាំកូនឈើក្នុងឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប, គម្រោងចិញ្ចឹមពពែ និងគម្រោងស្រាវជ្រាវ គាំពារ និងអភិរក្សធនធានធម្មជាតិនៅឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដើម្បីស្តារគម្របព្រៃឈើរួមចំណែកទប់ស្កាត់បម្រែបម្រួលអាកាសធាតុ។

នៅថ្ងៃអនាគត រាជបណ្ឌិត្យសភាកម្ពុជានឹងអភិរក្ស និងអភិវឌ្ឍប្រែក្លាយឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សី ទៅជាទីកន្លែងចំនួន៤ រួមមាន៖ ១. ជាទីកន្លែងទេសចរណ៍វប្បធម៌ប្រវត្តិសាស្រ្ត និងធម្មជាតិ ២. ជាទីកន្លែងអភិរក្សព្រៃឈើបរិស្ថានធម្មជាតិ ៣. ជាកន្លែងជំរកសត្វគ្រប់ប្រភេទ ៤. ជាកន្លែងផលិតផលិតផលមួយនៅកម្ពុជា និង៥. ជាកន្លែងបណ្តុះបណ្តាលវិជ្ជាជីវៈជូនប្រជាជន ពិសេសគឺប្រជាជនដែលរស់នៅក្នុងស្រុកឆែប ខេត្តព្រះវិហារ។

ឧទ្យានរាជបណ្ឌិត្យសភាបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខ នស/រកត/០៤១៤/៤៣៦ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៤ មានផ្ទៃដីសរុបចំនួន ១១៤.៣៥គីឡូម៉ែតការ៉េ មានទីតាំងស្ថិតក្នុង ឃុំឆែប១ និងឃុំឆែប២ ស្រុកឆែប ខេត្តព្រះវិហារ។ ឧទ្យាននេះមានតំបន់ជីវចម្រុះ និងមានសក្តានុពលជាច្រើន រួមមាន៖ ធនធានព្រៃឈើ សត្វព្រៃ កេរដំណែលប្រវត្តិសាស្រ្ត បុរាណវត្ថុ (ឡស្លដែកបុរាណ) និងជាតិពិន្ធុ ដែលអាចបម្រើឱ្យមុខងារក្នុងវិស័យបិស្ថាន ព្រៃឈើ វប្បធម៌ប្រវត្តិសាស្ត្រ និងទេសចរណ៍ច្រើនយ៉ាង៕

LEAVE A REPLY

Please enter your comment!
Please enter your name here