ដោយ វុត្ថា
ភ្នំពេញៈ គម្រោងស្ពានថ្មើរជើង១ ក្នុងចំណោម២ (ស្ពានថ្មើរជើងផ្សារដើមគរ) ដែលរដ្ឋបាលរាជធានីភ្នំពេញ កំពុងសាងសង់យ៉ាងមមាញឹក ដែលរហូតមដល់ពេលពនេះ សម្រេចបាន៩៥ភាគរយហើយ ដោយតាមគម្រោងផែនការ នឹងត្រូវដាក់ឱ្យដំណើរការនាពេលខាងមុខឆាប់ៗនេះ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០កន្លងមកបានចុះពិនិត្យដំណើរការសាងសង់ស្ពាថ្មើជើងថ្មីនេះ។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញធ្លាប់បានឱ្យដឹងកន្លងមកនេះថា រដ្ឋបាលរាជធានីភ្នំពេញ បានធ្វើពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានអាកាសថ្មើរជើងនៅ មុខផ្សារដើមគរនេះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៩ កន្លងមកនេះ។
លោកបន្តថា “ការសាងសង់ស្ពានអាកាសថ្មើរជើង នៅតំបន់ផ្សារដើមគរ ដើម្បីជួយសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋបានឆ្លងកាត់ផ្លូវ ប្រកបដោយសុវត្ថិភាព មិនប្រឈមទៅ នឹងបញ្ហាគ្រោះ ថ្នាក់ចរាចរណ៍ណាមួយកើតឡើងជាយថាហេតុ” ។
គម្រោងស្ថាបនាស្ពានអាកាសថ្មើរជើង នៅតំបន់មុខផ្សារដើមគរ ត្រូវសាងសង់ ឡើងកាត់ទទឹងផ្លូវម៉ៅសេទុងខាងលិច ជាប់នឹងផ្សារដើមគរ។ ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញក៏បាន និងកំពុងសាងសង់ស្ពានអាកាសថ្មើរជើងមួយទៀត នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក នៅលើចំណុច ផ្លូវប្រសព្វទាំង៤ទិស ដោយកាត់ទទឹងផ្លូវម៉ៅសេទុងចំនួន២ខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម២ខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួល ដល់សិស្សានុសិស្ស បានឆ្លងកាត់ផ្លូវនេះដោយសុវត្ថិភាព។
មកដល់ពេលនេះរាជធានីភ្នំពេញ មានស្ពានអាកាសថ្មើរជើងចំនួន៣កន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្តខណ្ឌពោធិ៍សែនជ័យមានចំនួន២កន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួន១កន្លែង ហើយបើតាមគម្រោង រដ្ឋបាលរាជធានីភ្នំពេញ និងមានគម្រោងស្ថាបនាអាកាសថ្មើជើងនេះ ឱ្យបានច្រើនកន្លែងបន្ថែមទៀត ដើម្បីឆ្លើយតបទៅ នឹងប្រទេសជាតិមានការអភិវឌ្ឍ និងទីក្រុងមានភាពស៊ីវិល័យ និងបង្ក លក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋឆ្លងកាត់ផ្លូវប្រកបដោយសុវត្ថិភាព៕