ដោយវុត្ថា
ភ្នំពេញៈ អភិបាលខេត្តត្បូងឃ្មុំបានឱ្យដឹងថា ខេត្តត្បូងឃ្មុំ មានសក្តានុពលក្នុងការអភិវឌ្ឍ និងវិនិយោគលើវិស័យទេសចរណ៍ ជាអាទិភាពលើរមណីយដ្ឋានធម្មជាតិ វប្បធម៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានកែច្នៃ។
លោកជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ នៅក្នុងសន្និសីទសារព័ត៌មានស្តីពី “វឌ្ឍនភាព និងទិសដៅការងារបន្តរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ”នាថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការអភិវឌ្ឍនេះ សំដៅលើកកម្ពស់គុណភាពវិស័យ ទេសចរណ៍ ក្នុងន័យរួមចំណែក ការអភិរក្សធនធានធម្មជាតិ ការអភិវឌ្ឍប្រកបដោយនិរន្តភាព និងការទទួលខុសត្រូវខ្ពស់។
លោកបន្តថា “ការអភិវឌ្ឍវិស័យទេសចរណ៍ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ផ្តល់ឱកាសការងារ បង្កើតប្រាក់ចំណូល កាត់បន្ថយចំណាកស្រុក និងជួយចូលរួមកាត់បន្ថយការបម្រែបំរួលអាកាសធាតុផងដែរ”។
លោកបន្ថែមថា ខេត្តត្បូងឃ្មុំមានរមណីយដ្ឋានដូចជា រមណីយដ្ឋានព្រះធាតុបាស្រី រមណីយដ្ឋានហ្លួងព្រះស្តេចកន ចំការកៅស៊ូ រមណីយដ្ឋានទឹកធ្លាក់ហោង រមណីយដ្ឋានភូមិអភិវឌ្ឍអន្លង់ជ្រៃ រមណីយដ្ឋានអូរក្តុង រមណីយដ្ឋានតាសែដូងក្រអូប រមណីយដ្ឋានចំការឈូករ័ត្ន សារមន្ទីរមេមត់ សហគមន៍ទេសចរណ៍ ថ្នាក់បណ្តុះបណ្តាលមូលដ្ឋាន OBT និងមានគោលដៅទេសចរណ៍ជាច្រើនកន្លែងផងដែរ សម្រាប់លំហែរកាយ និងសម្រាកកម្សាន្តក្នុងឱកាសបុណ្យជាតិ និងថ្ងៃឈប់សម្រាកផ្សេងៗ។
លោកបញ្ជាក់ថា ខេត្តសណ្ឋាគារចំនួន៦កន្លែង ស្មើនឹង២៤១បន្ទប់ ផ្ទះសំណាក់ចំនួន៥៤កន្លែង ស្មើនឹង៧៩២បន្ទប់ ភោជនីយដ្ឋាន និងអាហារដ្ឋាន៣៣កន្លែង និងកាស៊ីណូតាមតំបន់ព្រំដែន១កន្លែង។
លោកអភិបាលខេត្តបន្ថែមថា កាលពីឆ្នាំមុនខេត្តទទួលបានភ្ញៀវទេសចរមកស្នាក់នៅ និងកម្សាន្តនៅក្នុងខេត្តមានចំនួន៣៦៧,៨៨៧នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៨ មានចំនួន១៨៩ ៥៥៦នាក់ មានការកើនឡើងចំនួន ទេសចរជាតិចំនួន៣២២ ១២២នាក់ និងភ្ញៀវទេសចរអន្តរជាតិ ៤៥ ៧៦៥នាក់។ ម្យ៉ាងទៀតសម្រាប់ខេត្តត្បូងឃ្មុំមានក្រុងសួង ដែលបានទទួលជ័យលាភី ជាទីក្រុងស្អាតផ្ការំដួល១ទង និងទទួលបានស្នាមញញឹម២ ក្នុងការផ្តល់សេវាសាធារណៈ និងបដិសណ្ឋារកិច្ចល្អ ២០១៨-២០២១៕