ខេត្តកោះកុងនឹងមានវិថីម្ហូបអាហារនាពេលដ៏ខ្លីខាងមុខនេះ

0

ដោយ ៖ វុត្ថា

កោះកុង ៖ រដ្ឋបាលខេត្តកោះកុង គ្រោងរៀបចំវិថីម្ហូបអាហារ នៅសួនច្បារមុខមន្ទីរទេសចរណ៍ ដោយរៀបចំជាតូប បន្ទប់អនាម័យស្តង់ដារសាធារណៈ និងចំណតរថយន្តត្រឹមត្រូវ ដោយរក្សាបាននូវសោភ័ណភាព អនាម័យ និងអាចឱ្យអាជីវករអាចលក់ដូរបានពេញ១ថ្ងៃ។

លោក អ៊ុក ភ័ក្ត្រា អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០នេះ បានជំរុញឱ្យមន្ទីរទេសចរណ៍ និងតំណាងអ្នកស្នើសុំវិនិយោគឱ្យបានលឿន និងមានភាពល្អប្រសើរតាមស្តង់ដារសូចនាករទីក្រុងស្អាត និងការលើកកម្ពស់គុណភាព នៃការផ្តល់សេវាកម្មទេសចរណ៍ក្នុងក្រុងខេមរភូមិន្ទនៃខេត្តកោះកុង។

លោក សុខ ចាន់គ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងថា ការររៀបចំឱ្យមានវិថីម្ហូបអាហារនេះ ស្ថិតនៅក្នុងការពិភាក្សាដំណាក់កាលច្រើនថែមទៀត ដូចជាពិភាក្សាជាមួយអាជីវករ ដែលនឹងមកលក់ដូរនៅក្នុងតូបជាដើម មុននឹងចាប់ផ្តើមសាងសង់តូប។

លោកថ្លែងថា “ជារួមគម្រោងនេះ គឺស្ថិតនៅក្នុងដំណាក់កាលនៃការពិភាក្សាគ្នានៅឡើយ ដោយសារយើងត្រូវមានការពិភាក្សាច្រើនទៀត ។ ជាមួយគ្នានេះ យើងក៏នឹងពិនិត្យមើលទីតាំងជាក់ស្តែង និងសាងសង់ចំនួនតូបសម្រាប់លក់ដូរ”។

ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាតកាលពីកន្លងមកនេះ បានជំរុញឱ្យតាមបណ្តាខេត្តមានការរៀបចំវិថីម្ហូបអាហារ (Food Street) និងស្ដង់ដារតូបលក់ម្ហូបអាហារ ដើម្បីដាក់ចូលទៅក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាត ដើម្បីលើកកម្ពស់អនាម័យម្ហូបអាហារនៅកម្ពុជា ដែលជាសក្ដានុពលដ៏សំខាន់មួយ ក្នុងការទាក់ទាញភ្ញៀវទេសចរ។

វិថីម្ហូបអាហារនេះ នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការចូលរួមលើកកម្ពស់គោលដៅទេសចរណ៍កម្ពុជា ក៏ដូចជាលើកកម្ពស់សេវាកម្មម្ហូបអាហារផង និងលើកកម្ពស់សុវត្ថិភាព អនាម័យម្ហូបអាហារជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរផងដែរ។

ក្រៅពីនេះ វិថីម្ហូបអាហារនេះ ក៏នឹងចូលរួមលើកកម្ពស់សោភ័ណភាពទីក្រុង លើកកម្ពស់ភាពស្អាត និងបៃតងនៅតាមក្រុង-ស្រុក និងទីប្រជុំជននានា នៃរាជធានី-ខេត្តគោលដៅទេសចរណ៍ទៀតផង៕

ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដែលបានទទួលទានអាហារ ដែលឆ្លងកាត់ការរៀបចំស្ដង់ដារវិថីម្ហូបអាហារនេះ នឹងទទួលបាននូវភាពកក់ក្ដៅជឿទុកចិត្តបាន។ លើសពីនេះ វិថីម្ហូបអាហារ នឹងលើកកម្ពស់ជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជំរុញអាជីវកម្មខ្នាតតូចបែបគ្រួសារ ឱ្យមានការរីកលូតលាស់ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here