ដោយៈ វុត្ថា
ភ្នំពេញៈ គិតត្រឹមអំឡុងខែឧសភា ឆ្នាំ២០២០ មានអាជីវកម្មទេសចរណ៍ជាច្រើនប្រភេទ បាននិងបិទបណ្ដោះអាសន្នសរុប ២៩៥៦ទីតាំង និងមានបុគ្គលិកបម្រើការងារផ្ទាល់សរុប ៤៥,៤០៥នាក់ទទួលរងនូវផលប៉ះពាល់ពីវិស័យនេះ។
យោងតាមរបាយការណ៍ក្រសួងទេសចរណ៍ ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ឱ្យដឹងថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរ ពិតជាបានបង្កផលប៉ះពាល់ជាច្រើនដល់ប្រតិបត្តិករទេសចរណ៍ តែយ៉ាងណាមិញគេសង្កេតឃើញថា គោលដៅរាជធានីភ្នំពេញ មិនសូវទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំង ដូចគោលដៅទេសចរណ៍ធំៗផ្សេងទៀតឡើយ។
របាយការណ៍ដដែលបន្តថា ចំនួនអាជីវកម្មបានបិទ និងផ្អាកបណ្តោះអាសន្នដោយសារបញ្ហាវិបត្តិកូវីដ-១៩ មានតែ១២៤ទីតាំង ស្មើនឹងប្រមាណ១០.៤៣% នៃចំនួនសរុបទូទាំងប្រទេស និងប៉ះពាល់ការងារផ្ទាល់ ក្នុងវិស័យសរុបចំនួន១,៩៦០នាក់ ស្មើនឹង ៩.៣៣% នៃចំនួនបុគ្គលិកក្នុងវិស័យទេសចរណ៍សរុបទូទាំងប្រទេស (តួលេខនេះមិនគិតបញ្ចូលសេវាកម្មកម្សាន្ត ទេសចរណ៍មនុស្សពេញវ័យ និងសេវាកម្មស្ប៉ា និងម៉ាស្សាដែលត្រូវបានសម្រេចឱ្យផ្អាកដោយរាជរដ្ឋាភិបាល)។
របាយការណ៍ដដែលបន្ថែមថា “ការបាត់បង់ការងារនេះ បានធ្វើឱ្យមានការជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសេដ្ឋកិច្ច និងសង្គមជារួមតាមរយៈឥទ្ធិពល ដែលលើសពីឥទ្ធិពលអវិជ្ជមាននៅក្នុងវិស័យធ្វើដំណើរ និងទេសចរណ៍ជាសកល” ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានដឹងដែរថា ជាមួយនឹងការបិទទីតាំងអាជីវកម្មទេសចរណ៍នេះ ចលនាទេសចរណ៍ក្នុងស្រុកនឹងមានកំណើន លឿនជាងការត្រឡប់មកវិញនូវភ្ញៀវទេសចរអន្តរជាតិ ដរាបណាវិធានការរឹតបណ្តឹង ដែលពាក់ព័ន្ធនឹងការធ្វើដំណើរនៅតែបន្ត។
លោកបន្តថា “បច្ចុប្បន្ននេះយើងបានទទួលព័ត៌មាន អំពីគោលបំណងបើកឱ្យមានការធ្វើដំណើរឆ្លងកាត់ឡើងវិញ នៅតាមបណ្តាប្រទេសមួយចំនួន។ រីឯប្រទេសខ្លះក៏បានសម្រេចឱ្យបើករួចទៅហើយ តែក៏បានសម្រេចឱ្យបិទទៅវិញភ្លាមៗ បន្ទាប់ពីមានការចម្លងថ្មីកើតឡើងវិញ” ។
គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩បានកំណត់ថា អ្នកដំណើរជាជនបរទេសទាំងអស់ តម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់សុខភាព ចេញដោយអាជ្ញាធរសុខាភិបាល ដែលទទួលស្គាល់ដោយរដ្ឋាភិបាល នៃប្រទេសសាម៉ីបញ្ជាក់ថា គ្មានមេរោគកូវីដ១៩ ក្នុងរយៈពេល៧២ម៉ោង។
ជនបរទេសត្រូវមានឯកសារធានារ៉ាប់រងសុខភាព ក្នុងចំនួនទឹកប្រាក់យ៉ាងតិច៥ម៉ឺនដុល្លាអាមេរិក ក្នុងអំឡុងពេលស្នាក់នៅកម្ពុជា និងវិធានផ្សេងៗទៀតដែលកំណត់ដោយរាជរដ្ឋាភិបាលកម្ពុជា (តម្រូវការនេះមិនសម្រាប់មន្ត្រីនៃស្ថានតំណាងបរទេស និងអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូតប្រភេទA និងទិដ្ឋាការផ្លូវការប្រភេទB របស់កម្ពុជាឡើយ។ អ្នកដំណើរទាំងអស់ ទាំងជនជាតិខ្មែរ និងជនជាតិបរទេស ដែលធ្វើដំណើរចូលមកកម្ពុជា ត្រូវបញ្ជូនទៅមណ្ឌលរង់ចាំ ដើម្បីធ្វើតេស្តបញ្ជាក់រកមេរោគកូវីដ១៩ និងរង់ចាំលទ្ធផលពីមន្ទីរពិសោធន៍ប៉ាស្ទ័រ។
មួយវិញទៀតក្នុងករណីមានអ្នកដំណើរណាម្នាក់ ឬច្រើននាក់ មានកូវីដ១៩ វិជ្ជមាន រាល់អ្នកដំណើររួមជាមួយផ្សេងទៀតទាំងអស់ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅទីតាំង ដែលកំណត់ដោយគណៈកម្មការអន្តរក្រសួង ដើម្បប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេក្នុងករណីអ្នកដំណើរទាំងអស់ មានលទ្ធផលបញ្ជាក់ពីមន្ទីរពិសោធន៍ថា កូវីដ១៩ អវិជ្ជមាន នោះពួកគាត់ត្រូវបានអនុញ្ញាតឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅតាមផ្ទះរៀងៗខ្លួន ក្រោមការត្រួតពិនិត្យពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសុខាភិបាលដោយតម្រូវឱ្យធ្វើតេស្តបញ្ជាក់ម្តងទៀតនៅថ្ងៃទី១៣ នៃការធ្វើចត្តាឡីស័ក៕