ដោយ ៖ វុត្ថា
ភ្នំពេញ ៖ គណៈរដ្ឋមន្ត្រីបានអនុម័តជាផ្លូវការលើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ក្រោមអធិបតីភាពរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
យោងតាមខ្លឹមសារដែលត្រូវបានផ្សព្វផ្សាយ នៅកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០នេះឱ្យដឹងថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ ត្រូវបានផ្តួចផ្តើមឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៤ ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងបានបង្កើតក្រុមការងារមួយសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់នេះ ដោយមានការចូលរួម និងដឹកនាំពីថ្នាក់ដឹកនាំក្រសួង និងមានការចូលរួមពីមន្ត្រីជំនាញមកពីអគ្គនាយកដា្ឋនពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មូលដ្ឋានចម្បងសម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បតិ្តរដ្ឋ គឺផ្អែកលើមាត្រា៥៨ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាឆ្នាំ១៩៩៣ ដែលចែងថា ៖ «ទ្រព្យសម្បត្តិរបស់រដ្ឋមានជាអាទី ដីធ្លី ក្រោមដី ភ្នំ សមុទ្រ ក្រោមបាតសមុទ្រ អាកាស កោះ ទន្លេ ព្រែក ស្ទឹង បឹង ព្រៃ ឈើ ធនធានធម្មជាតិ មជ្ឍមណ្ឌលសេដ្ឋកិច្ចវប្បធម៍ មូលដ្ឋានកាពារប្រទេស សំណង់ផ្សេងៗទៀតដែលបានកំណត់ថាជារបស់រដ្ឋ។ ការគ្រប់គ្រង ការប្រើប្រាស់ នឹងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ នឹងត្រូវកំណត់ក្នុងច្បាប់។
សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋនេះ ត្រូវបានរៀបចំតាក់តែងឡើង ក្នុងគោលដៅពង្រឹងក្របខណ្ឌច្បាប់ រចនាសម្ព័ន្ធស្ថាប័ន និងលើកម្ពស់សមត្ថភាពស្ថាប័នក្នុងការគ្រប់គ្រងទ្រព្យសម្បតិ្តរដ្ឋជាអាទិ៍៖ ការកំណត់អំពីប្រភព ប្រភេទទ្រព្យសម្បតិ្តរដ្ឋ របបគតិយុត្តិគ្រប់គ្រង និងចាត់ចែងទ្រព្យសម្បតិ្តរដ្ឋច្បាស់លាស់,ការរៀបចំបញ្ជីសារពើភណ្ឌសម្បត្តិរដ្ឋ ការផ្ទេរសិទ្ធិកាន់កាប់ ការអភិវឌ្ឍ ការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ការធ្វើអធិការកិច្ច និងសវនកម្ម និងការកំណត់អំពីការលើកទឹកចិត្ត និងការដាក់ទណ្ឌកម្មចំពោះអំពីល្មើសច្បាប់ជាដើម។ល។ ព្រមទាំងពង្រឹងអភិបាលកិច្ចល្អក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងការចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋប្រកបដោយប្រសិទ្ធភាព និងចីរភាព។
ទន្ទឹមនឹងការបង្កើនចំណូលពីទ្រព្យសម្បត្តិរដ្ឋ ឲ្យកាន់តែមានភាពច្បាស់លាស់ សំដៅធានាដល់ការគ្រប់គ្រងធនធានសាធារណៈ ការបង្កើនចំណូលជាប្រយោជន៍ដល់ថវិកាជាតិ និងកំណើនសេដ្ឋកិច្ចជាតិសម្រាប់គាំទ្រដល់ការបន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ឲ្យកាន់តែមនាការរីកចម្រើនឈានឡើងក្នុងជំហានស្វាហាប់ប្រកបដោយវិបុលភាព និងចីរភាពក្នុងបរិការណ៍ថ្មីសម្រាប់រយៈពេលមធ្យម និងវែងតទៅមុខទៀត។
សេចក្ដីព្រាងច្បាប់នេះ នឹងក្លាយជាឧបករណ៍គតិយុត្តិគោលមួយចូលរួមចំណែកដល់ការពង្រឹងអភិបាលកិច្ចល្អ ដែលអាចជួយសម្រួលដល់ការបំពេញមុខងារបស់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃក្រសួង ស្ថាប័នរដ្ឋ សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្ដិសិទ្ធិភាព មានគណនេយ្យភាពក្នុងការគ្រប់គ្រង ការប្រើប្រាស់ និងកាចចាត់ចែងលើទ្រព្យសម្បត្តិរដ្ឋ ស្របតាមតថភាពជាក់ស្ដែងនៃកម្ពុជា៕