សម្ដេច​តេ​ជោ​បញ្ជា​ឱ្យ​មន្ត្រី​ពាក់ព័ន្ធ​ពិចារណា​លើ​ការដកចេញ​វិធានការ​លើ​ការតម្កល់​ប្រាក់៥ម៉ឺន​ដុល្លារ​ពី​ជនបរទេស​មួយចំនួន

0

ដោយៈ រ៉ា​ណេ​ត

ភ្នំពេញៈ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បញ្ជា​ឱ្យ​គណៈកម្មការ​ប្រយុទ្ធប្រឆាំង​ជំងឺ Covid-19 ជាពិសេស​ក្រសួងសុខាភិបាល ធ្វើការ​ពិភាក្សា និង​ពិចារណា​ទៅលើ​ការដកចេញ​វិធានការណ៍ ដែល​តម្រូវឱ្យ​ជនបរទេស​ចូលមក​ប្រទេស​កម្ពុជា តម្កល់​ប្រាក់​ធានារ៉ាប់រង​សុខភាព​ចំនួន៥ម៉ឺន​ដុល្លារ ដើម្បី​ជៀសវាង​មាន​ភាពអវិជ្ជមាន​ដល់​សេដ្ឋកិច្ច។

តាមរយៈ​សារ​ជា​សម្លេង​ផ្ញើ​ទៅ​កា ន់​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺឆ្លង Covid-19 ដែល​បាន​ចែកចាយ​កាលពី​ល្ងាច​ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ សម្ដេច​តេ​ជោ​បាន​បង្គាប់​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​មន្ត្រី​ពាក់ព័ន្ធ ជាពិសេស​ក្រសួងសុខាភិបាល លើ​ការដក​វិធានការ​តម្រូវឱ្យ​ជនបរទេស​មួយចំនួន ចូលមក​កម្ពុជា​តម្កល់​ប្រាក់​ធានារ៉ាប់រង​សុខភាព ដែលមាន៣០០០ដុល្លារ និង​ចំនួន៥ម៉ឺន​ដុល្លារ​ដើម្បី​ទប់ស្កាត់​ការឆ្លង់​ជំងឺ Covid-19 ។

សម្ដេច​តេ​ជោ​បាន​មានប្រសាសន៍ថា “ចំណុច​នេះ​ខ្ញុំ​គិតថា វា​នឹងមាន​ហានិភ័យ​ខ្ពស់​សម្រាប់​សេដ្ឋកិច្ច​ស្រុក​យើង​តែម្ដង បើ​យើង​ធ្វើ​ចំពោះ​អ្នកវិនិយោគ និង​អ្នក​ដែល​ធ្វើការ​នៅ​ប្រទេស​កម្ពុជា” ។ សម្តេច​បន្តថា “ចឹ​ង​អ្នកវិនិយោគ គឺ​គេ​មិនអាច​វិល​ត្រឡប់មក​ស្រុក​យើង ហើយ​គេ​ក៏​មិន​ចាក​ចេញពី​ស្រុក​យើង ឬក៏​ចាកចេញ​គឺ​ចាក​ចេញទៅ​តែម្ដង ហើយ​អ្នកជំនាញ​ឯកទេស​នានា ដែល​គ្នា​ធ្វើការ​នៅ​នេះ (នៅ​កម្ពុជា) ហើយ​ចេញទៅ​ស្រុក នឹង​ចង់​វិលត្រឡប់​មកវិញ​ក្នុងអំឡុងពេល​កូ​វីដ​នេះ គឺ​មក​មិន​បានទេ ហើយ​ថៅកែ​ក៏​ធានា​មិនបាន​ដែរ​បើ​ទាំងអស់នោះ” ។

សម្ដេច​បាន​បញ្ជាក់ថា “យើង​មាន​កុងត្រា​ធ្វើការ​ជាមួយ​ពួកគេ​ច្រើនណាស់ ដូចជា ជប៉ុន​ធ្វើ​ផ្លូវ ចិន​ក៏​ធ្វើ​ផ្លូវ ធ្វើ​ស្ពាន ពិតមែនតែ​យើង​បានធ្វើ​បណ្តាញ ជាមួយ​ភាគី​ចិន​រួចហើយ​ក៏ដោយ ក៏ប៉ុន្តែ​អនុវត្ត​វា​មិន​បានទេ ចឹ​ង​ទេ ខ្ញុំ​ចង់ឱ្យមាន​ការដកចេញ​នូវ​ការ​តម្រូវឱ្យ​តម្កល់​ប្រាក់៥ម៉ឺន​ដុល្លារ និង៣ពាន់​ដុល្លារ​នេះ ពី​អ្នក​ដែល​វិនិយោគ​នៅក្នុង​ស្រុក​ខ្មែរ និង​អ្នកបច្ចេកទេស ក៏ដូចជា​អ្នក​ដែល​ធ្វើការ​នៅក្នុង​ស្រុក​ខ្មែរ លើកឡែងតែ​ពួក​អ្នកណា​ផ្សេង គឺ​គិត​ដោយឡែក​ទៀ” ។ សម្តេច​បន្តថា “រក​វិធី​បន្ធូរបន្ថយ​យ៉ាងម៉េច….បើ​មិន​ចឹ​ង គឺ​យើង​នៅតែ…យើង​យកបាន​តែមួយ​ទេ តែ​យើង​បាត់បង​ទៅវិញ​ធំ​ជាមួយនឹង​ការងារ ដែលមាន ដោយសារតែ​យើង​ដាក់​វិធានការ​វា​តឹង​ពេក” ។

នៅក្នុង​សារ​សម្លេង​ដែលមាន​រយៈពេល ៧នាទី និង៩វិនាទី សម្ដេច​តេ​ជោ បាន​បង្គាប់​ឱ្យ​លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និ​ជា​ប្រធាន​គណកម្មការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ Covid-19 ដឹកនាំ​អង្គប្រជុំ​ឱ្យបាន​ស្រូត ទៅលើ​ការដកចេញ​វិធានការណ៍ ចំពោះ​ជនបរទេស​ដែលជា​អ្នកវិនិយោគ អ្នកធ្វើការ និង​អ្នកបច្ចេកទេស​ដូចដែល​បានលើកឡើង​ខាងលើ ដើម្បី​ទទួល​បានការ​បន្ធូរ​ប​ន្ធ​យ និង​អាច​រក្សាបាន​នូវ​អ្នកវិនិយោគ​ចាស់ ទាក់ទាញ​អ្នកវិនិយោគ​ថ្មី ដែល​មិន​កើតជា​ឧបសគ្គ​ពី​វិធានការ​តម្រូវឱ្យ​តម្កល់​ប្រាក់​ធានា​នេះ​ទេ។

ជាមួយគ្នានេះ សម្ដេច​ក៏បាន​បញ្ជា​ឱ្យ​មន្ត្រី​ជំនាញ និង​ក្រសួង​ពាក់ព័ន្ធ ពិចារណា​ទៅលើ​វិធានការ​សម្រាប់​អនុវត្តន៍ បន្ទាប់ពី​ការដកចេញ​នូវ​ការតម្រូវ​តម្កល់​ប្រាក់ ដោយ​ជំនួស​មក​នូវ​វិធីសាស្ត្រផ្សេងៗ ដែល​ទទួលខុសត្រូវ​លើ​ការចំណាយ​ចាំបាច់​ផ្ទាល់ខ្លួន របស់​ជនបរទេស​ក្នុងករណី​មាន​ជំងឺ និង​ការ​សម្រាក​ព្យាបាល​នៅ​កម្ពុជា៕

LEAVE A REPLY

Please enter your comment!
Please enter your name here