ដោយ ៖ រ៉ាណេត
កំពត ៖ ក្រោមគោលនយោបាយអភិវឌ្ឍន៍ និងប្រែក្លាយតំបន់ឆ្នេរ និងមាត់ព្រែកឱ្យក្លាយទៅជាតំបន់ទេសចរណ៍ដ៏សែនមនោរម្យរបស់គណៈកម្មការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរ ដែលដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋបាលខេត្តកំពត បាន និងកំពុងជំរុញការកែលម្អសោភ័ណភាព និងបង្កើតតំបន់កម្សាន្តក្នុងខេត្តជាច្រើន។
ក្រោមកិច្ចដឹកនាំប្រជុំនៅល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២០ អភិបាលខេត្តកំពត លោក ជាវ តាយ បានលើកឡើងថា រដ្ឋបាលខេត្តត្រូវតែបង្កើតគណៈកម្មការដើម្បីគ្រប់គ្រង ស្ដារ បញ្ចៀសទឹកជំនន់រដូវវស្សា និងរៀបចំកែលំអរ តាមបណ្ដោយមាត់ព្រែកកំពង់បាយខេត្តកំពត ឱ្យក្លាយជាតំបន់ទេសចរណ៍ថ្មីមួយទៀត ដែលប្រកបដោយភាពទាក់ទាញ។
លោកអភិបាលខេត្តកំពត បានបញ្ជាក់ថា “បច្ចុប្បន្ន តាមបណ្ដោយព្រែកកំពតមានទឹកហូរនៅកន្លែងខ្លះ តម្រូវឱ្យមានការរៀបចំឱ្យបានល្អស្អាតឡើងវិញ និងដោយផ្ដើមចេញពីការប្រុងប្រយ័ត្នពីទឹកជំនន់នៅរដូវវស្សាចូលក្រុងកំពត ។ ដូច្នេះកិច្ចប្រជុំពេលនេះរដ្ឋបាលខេត្ត នឹងផ្ដើមរៀបចំគណៈកម្មការមួយ ដើម្បីស្ដារព្រែកកំពង់បាយនេះ ឱ្យបានកាន់តែល្អស្អាតបន្ថែមទៀត ស័ក្ដិសមជាខេត្តគោលដៅទេសចរណ៍ ដើម្បីធ្វើឱ្យខេត្តមានការទាក់ទាញ”។
នៅក្នុងកិច្ចប្រជុំ រដ្ឋបាលខេត្ត បានលើកឡើងពីគម្រោងផែនការស្ដារព្រែកកំពត និងកែលំអរសោភ័ណភាពតាមដងព្រែកឱ្យបានកាន់តែល្អប្រសើរ ប្រកបដោយអនាម័យបរិស្ថាន ធានាបានសុខមាលភាពសាធារណៈ សម្រាប់ភ្ញៀវទេសចរជាតិអន្តរជាតិ មកទស្សនាកំសាន្តនៅខេត្តកំពតឱ្យបានកាន់តែច្រើនឡើងថែមទៀត។
ដោយឡែក អភិបាលខេត្តកំពត លោក ជាវ តាយ ក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលខេត្តកំពតបាន និងខិតខំរៀបចំកែលម្អរសោភ័ណភាពនៅទូទាំងខេត្ត ជាពិសេសតាមតំបន់កម្សាន្តធម្មជាតិនានា ឱ្យបានល្អស្អាតនៅត្រឹមដំណាច់ចុងឆ្នាំ២០២០ខាងមុខនេះ សម្រាប់ការប្រារព្ធពិធីឆ្លងឆ្នាំសាកល ជាពិសេសកែលម្អសោភ័ណភាពតាមបណ្ដោយមាត់ព្រែកកំពតនេះសម្រាប់បម្រើឱ្យភ្ញៀវទេសចរជាតិ អន្តរជាតិ ក៏ដូចជាប្រជាពលរដ្ឋក្នុងខេត្តកំពតមកទស្សនាកំសាន្តផងដែរ៕