ក្រុមហ៊ុន​ទេសចរណ៍​ជាច្រើន​ត្រៀម​លក់​កញ្ចប់​ទេស​ចរណ៍​របស់ខ្លួន​នៅ​ថ្ងៃឈប់សំរាក​ខាងមុខនេះ

0

ដោយ ​វុត្ថា

ភ្នំពេញៈ ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន បាន​នឹង​កំពុង​ផ្សព្វផ្សាយ និង​ត្រៀម​លក់​កញ្ចប់​ទេសចរ​ណ៍​របស់ខ្លួន ទៅកាន់​ភ្ញៀវទេសចរ​ក្នុងស្រុក អំឡុង​ពេលដែល​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​អនុញ្ញាតឱ្យ​ឈប់សំរាក់​រយៈពេល៥ថ្ងៃ នៅក្នុង​ខែសីហា ឆ្នាំ ២០២០ខាងមុខនេះ ជំនួស​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​កន្លងមកនេះ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ១៥ ខែកក្កដា​ឆ្នាំ ២០២០កន្លងមក​ថា រៀងរាល់​ចុង​សប្តាហ៍​មាន​ប្រជាពលរដ្ឋ​ខ្មែរ បាន​ចេញទៅ​ដើរលេង​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កាលពីពេលថ្មីៗ រាជរដ្ឋាភិបាល​បានប្រកាស​ឱ្យមាន​ការឈប់​សំរាក​ក្នុង​ខែសីហា​នា​ខាងមុខនេះ ជា​ឱកាស​មួយ​សម្រាប់​ក្រុមហ៊ុន​ប្រតិបត្តិ​ករ​ទេសចរណ៍​ជាច្រើន​ត្រៀម​ផ្សព្វផ្សាយ និង​លក់​កញ្ចប់​ទេសចរណ៍រ​បស់​ខ្លួន។

លោកស្រី​បន្តថា“ថ្ងៃ​ឈប់សំរាក់​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​ឱ្យ​ឈប់​នៅក្នុង​ខែសីហា ខាងមុខនេះ  ខាង​ក្រុមហ៊ុន​ទេសចរណ៍ និង​ភា្ន​ក់​ងារ​ទេសចរណ៍​ជាច្រើន​បាន​នឹង​កំពុង​ត្រៀម​នៅក្នុង​ការផ្សព្វផ្សាយ ដើម្បី​ផ្តល់​សេវាកម្ម​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​ដែល​ឈប់សំរាក​នេះ​បាន​ដើរ​កំសាន្ត” ។

លោកស្រី​បន្ថែមថា “កន្លងមកនេះ បើទោះបី​មានការ​រៀបចំ​កញ្ចប់​ទេស​ចរណ៍ តែ​ប្រជាពលរដ្ឋ​ខ្មែរ យើង​មិនមាន​ពេលវេលា​ច្រើន​ដូចជា​ពេល​លើក​នេះ​នោះទេ ហើយ​ភាគច្រើន​ពួកគាត់​ដើរលេង​ដោយ​ខ្លួនឯង” ។

ក្រុមហ៊ុន​ទេសចរណ៍​បាន​សិក្សា​ពី​តម្លៃ និង​គោលដៅ​ទេសចរណ៍ និង​សកម្មភាព​កម្សាន្តផ្សេងៗ ដើម្បីឱ្យ​ភ្ញៀវ​ទេសចរណ៍​កាន់តែ​ទាក់ទាញ និង​មានតម្លៃ​ធូ​ថ្លៃ​ជាង។

លោកស្រី​ឆាវ ស៊ីវ​លីន​បាន​បន្តថា កញ្ចប់​ទេសចរណ៍​ដែល​ក្រុមហ៊ុន​បាន​នឹង​កំពុង​ផ្សព្វផ្សាយ​ដាក់លក់​នៅពេលនេះ គឺ​នៅតាម​តំបន់ភ្នំ (តំបន់​ឦសាន​ប្រទេស) ខណៈដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ធម្មជាតិ និង​ការដើរ​ឡើង​ភ្នំ​ជាដើម ក្រៅពីនេះ ក៏មាន​តំបន់ឆ្នេរ និង​កោះផ្សេងៗ ផងដែរ។

ពាក់ព័ន្ធ​នឹង​កំណើនសេដ្ឋកិច្ច​ទេសចរណ៍​វិញ លោកស្រី​រំពឹងថា នឹងមាន​ការកើនឡើង ដោយសារ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកនេះ មាន​ទេសចរណ៍​ក្នុងស្រុក​ជាច្រើន បាន​ទាក់ទង​មក​ក្រុមហ៊ុន ដើម្បី​ចង់ដឹង​ពី​គោលដៅ​ទេសចរណ៍​នានា នៅក្នុង​ប្រទេស ហើយ​និង​ជួយ​ជំរុញឱ្យមាន​កំណើន​នូវ​សេវាកម្មផ្សេងៗ ក្នុង​វិស័យ​ទេសចរណ៍​ផងដែរ។

លោក​ហូ វណ្ឌី  សហប្រធាន​ក្រុមការងារ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន​បានឱ្យដឹងថា ការអនុញ្ញាតឱ្យ​មានកា​រ​ឈប់សំរាក របស់​រដ្ឋាភិបាល​នាពេល​ខាងមុខនេះ ឆ្លុះបញ្ចាំង​ពី​មិនមាន​ការភ័យខ្លាច ចំពោះ​ការមិន​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ Covid-19  នៅក្នុង​សហគមន៍។

លោក​បន្តថា “ការឈប់​សំរាក​នេះ នឹងធ្វើ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​សង្គម តាមរយៈ​ការចាយវាយ​របស់​ពល​រដ្ឋ​ទៅលើ​ប្រេង​ឥន្ទ​នៈ (ដឹកជញ្ជូន)ពិសារ​អាហារ(ចំណីអាហារ) និង​សេវាកម្ម​ស្នាក់នៅ ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់” ។លោក​បន្តថា “បន្ថែម​ពីនេះ ក៏មាន​ចំណូល​ចូលដល់​រមណីយដ្ឋាន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកទទួលផល​ដោយ​ប្រយោល​ជាដើម” ។

លោក​ហូ វណ្ឌី​បាន​បញ្ជាក់ថា ប្រជាពលរដ្ឋ​ខ្មែរ​យើង​ភាគច្រើន ដើរ​ទៅលេង​កម្សាន្ត នៅតាម​សហគមន៍​ទេសចរណ៍​មានដូចជា​តំបន់ឆ្នេរ និង​ភូមិភាគ​ឦសាន​ប្រទេស ប៉ុន្តែ​យ៉ាងណា​យើង​សង្ឃឹមថា ពួកគាត់​នឹង​ត្រឡប់​ទៅលេង​កម្សាន្ត នៅ​ខេត្ត​សៀម​រាម​វិញ ដើម្បី​ផ្តល់​ចំណូល​ដល់​ពលរដ្ឋ​នៅក្នុង​តំបន់​នេះ​ឡើងវិញ។

រាជរដ្ឋាភិបាល​បានកំណត់​យក​ថ្ងៃ​ឈប់សម្រាក ជំនួស​ឱ្យ​ថ្ងៃបុណ្យ​ចូលឆ្នាំថ្មី​ប្រណី​ខ្មែរ​រយៈពេល៥ចាប់ពី​ថ្ងៃទី ១៧ ដល់២១ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ  ដែល​នឹង​អនុញ្ញាតឱ្យ​ប្រជាជន​ចូលរួម ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍​ក្នុងស្រុក តាមរយៈ​ការ ក្នុងអំឡុងពេល​ឈប់សម្រាក​ដាច់ពីគ្នា៕

LEAVE A REPLY

Please enter your comment!
Please enter your name here