ក្រសួងទេសចរណ៍​រំពឹងថា​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាច្រើន នឹង​បើក​ដំណើរការ​ឡើងវិញ​នៅក្នុង​ខែសីហា

0

ដោយ វុត្ថា

ភ្នំពេញៈ ក្រសួងទេសចរណ៍​រំពឹងថា សណ្ឋាគារ និង​ផ្ទះសំណាក់​ព្រមទាំង​សេវា​ស្នាក់នៅ នឹង​បន្ត​បើក​ដំណើរការ​អាជីវកម្មរ​បស់​ខ្លួន​ឡើងវិញ កាន់តែច្រើន​បន្ថែមទៀត​នៅ​ទូទាំងប្រទេស ដើម្បី​ស្វាគមន៍​ទទួលភ្ញៀវ​ទេសចរ​នៅក្នុង​ស្រុក ដែល​គ្រោង​ធ្វើដំណើរ​កំសាន្ត​នៅក្នុង​អំឡុងពេល​ឈប់សំរាក រយៈពេល៥ថ្ងៃ​នៅក្នុង​ខែសីហា ឆ្នាំ ២០២០ ខាងមុខនេះ។

អ្នកនាំពាក្យ​ក្រសួងទេសចរណ៍​លោក តុ​ប សុភ័ក បាន​មានប្រសាសន៍ប្រាប់​គេហទំព័រ Propertyarea.asia នៅ​ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២០កន្លងមក​ថា  នៅក្នុង​អំពេ​ល​នៃ​ការ​ផ្ទុះឡើង​នូវ​វិបត្តិ​ជំងឺ Covid-19 បានធ្វើឱ្យ​សណ្ឋាគារ និង​ផ្ទះសំណាក់​ជាច្រើន​បាន​បិត​អាជីវកម្ម​របស់ខ្លួន តែ​នៅក្នុង​អំឡុង​ចុងខែ​មេសា ឧសភា និង​មិថុនា​កន្លងមកនេះ មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​មួយចំនួន​បាន​បើក​ដំណើរ​ឡើងវិញ ជាពិសេស​នៅ​ខេត្ត​កែប កំពត និង​ខេត្ត​មួយចំនួនទៀត​បន្ទាប់​មាន​ភ្ញៀវ​ទេសចរណ៍​ងើបឡើង​វិញ។

លោក​បន្តថា “បើទោះបី​សណ្ឋាគារ និង​ផ្ទះសំណាក់ មិនទាន់​បើក​ដំណើរការបាន ១០០ភាគរយ​ក្តី តែ​ផ្ទះសំណាក់ និង​សណ្ឋាគារ​មួយចំនួន បាន​បើក​ដំណើរការបណ្តើរៗវិញ​ហើយ នៅតាម​ខេត្ត​គោលដៅ​ទេសចរណ៍​នានា ជាពិសេស​ខេត្ត​កែប កំពត និង​កោះកុង​ជាដើម” ។

លោក​រំពឹងថា “នៅក្នុង​អំឡុង​ថ្ងៃ​ឈប់សំរាក​នៅ​ខែ​ក្រោយនេះ យើង​រំពឹងថា នឹងមាន​ភ្ញៀវ​ទេសចរណ៍​ជាច្រើន នឹង​ចេញដំណើរ​ដើរលេង​កំសាន្ត​បន្ថែមទៀត ជាមួយគ្នានេះ សណ្ឋាគារ និង​ផ្ទះសំណាក់​ជាច្រើន ក៏​នឹង​ត្រៀម​បើក​ដំណើរ​ឡើងវិញ​ផងដែរ តែ​ចំនួន​ប៉ុន្មាន​ភាគរយ​នោះ យើង​មិនដឹង​នោះទេ វា​អាស្រ័យទៅលើ​ស្ថានភាព​នៃ​ការវិវត្តន៍​នៃ​ជំងឺ Covid-19 នៅក្នុង​ប្រទេស” ។

លោក​ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បានឱ្យដឹង​ដែរ​ថា ការអនុញ្ញាតឱ្យ​មានកា​រ​ឈប់សំរាក របស់​រដ្ឋាភិបាល​នាពេល​ខាងមុខនេះ ឆ្លុះបញ្ចាំង​ពី​មិនមាន​ការភ័យខ្លាច ចំពោះ​ការមិន​ឆ្លង​រីក​រាលដាល​នូវ​ជំងឺ Covid-19  នៅក្នុង​សហគមន៍។

លោក​បន្តថា “ការឈប់​សំរាក​នេះ នឹងធ្វើ​ឱ្យមាន​កំណើនសេដ្ឋកិច្ច​សង្គម តាមរយៈ​ការចាយវាយ​របស់​ពល​រដ្ឋ​ទៅលើ​ប្រេង​ឥន្ទ​នៈ (ដឹកជញ្ជូន)ពិសារ​អាហារ(ចំណីអាហារ) និង​សេវាកម្ម​ស្នាក់នៅ ទាំង​សណ្ឋាគារ និង​ផ្ទះសំណាក់” ។ លោក​បន្តថា “បន្ថែម​ពីនេះ ក៏មាន​ចំណូល​ចូលដល់​រមណីយដ្ឋាន និង​ប្រជាពលរដ្ឋ​មូលដ្ឋាន និង​អ្នកទទួលផល​ដោយ​ប្រយោល​ជាដើម” ។

លោកស្រី ឆាយ ស៊ីវ​លីន ប្រធាន​សមគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) ឱ្យដឹង​ដែរ​ថា ថ្ងៃ​ឈប់សំរាក​ដែល​សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល បានប្រកាស​ឱ្យ​ឈប់​នៅក្នុង​ខែសីហា ខាងមុខនេះ  ខាង​ក្រុមហ៊ុន​ទេសចរណ៍ និង​ភា្ន​ក់​ងារ​ទេសចរណ៍​ជាច្រើន​បាន​នឹង​កំពុង​ត្រៀម​នៅក្នុង​ការផ្សព្វផ្សាយ ដើម្បី​ផ្តល់​សេវាកម្ម​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ឈប់សំរាក​នេះ​បាន​ដើរ​កំសាន្ត។

លោកស្រី​បន្តថា “កញ្ចប់​ទេសចរណ៍​ដែល​ក្រុមហ៊ុន បាននិងកំពុង​ផ្សព្វផ្សាយ​ដាក់លក់​នៅពេលនេះ គឺ​នៅតាម​តំបន់ភ្នំ (តំបន់​ឦសាន​ប្រទេស) ខណៈដែល​ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ចូលចិត្ត​ធម្មជាតិ និង​ការដើរ​ឡើង​ភ្នំ​ជាដើម ក្រៅពីនេះ​ក៏មាន​តំបន់ឆ្នេរ និង​កោះផ្សេងៗផងដែរ” ។

ដោយឡែក លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប កាលពី​កន្លងមកនេះ បាន​ដឹកនាំ​កិច្ចប្រជុំ​ពិភាក្សា​ជាមួយ​ក្រុម​ប្រតិបត្តិ​ករ ដើម្បី​ត្រៀមលក្ខណៈ​កន្លែង​ស្នាក់នៅ និង​តំបន់​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប សម្រាប់​ទទួលភ្ញៀវ​ទេសច​រម​ក​កំសាន្ត​ក្នុងអំឡុងពេល ដែល​រាជរដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​មន្ត្រី​រាជ និយោជិត កម្មករ​ឈប់សម្រាក​ការងារ​រយៈពេល៥ថ្ងៃ នៅ​ខែសីហា​ខាងមុខនេះ។

ជាមួយនឹង​ការឈប់​សម្រាក​នេះ លោក ទៀ សីហា បានស្នើ​អាជីវករ​ដែលជា​ម្ចាស់​សណ្ឋាគារ ផ្ទះសំណាក់ និង​ភោជនីយដ្ឋាន​នៅក្នុង​ខេត្ត​សៀម​រាម ត្រៀម​ទទួលភ្ញៀវ​ទេ​សរជាតិ ទោះបី​ស្ថានភាព​ភ្ញៀវទេសចរ​អន្តរជាតិ ពុំទាន់​មានការ​កើនឡើង​ក៏ដោយ តែ​ទោះជា​យ៉ាងណា​ត្រូវ​ប្រកាន់​ភ្ជាប់ នូវ​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល ដើម្បី​ចូលរួម​ទប់ស្កាត់​ជំងឺ Covid-19 ៕

LEAVE A REPLY

Please enter your comment!
Please enter your name here