ដោយវុត្ថា
ភ្នំពេញៈ ផ្លូវជាតិ និងផ្លូវខេត្តសំខាន់ៗចំនួន៤ខ្សែ នៅក្នុងផ្លូវជាតិផ្សេងទៀត នៃមូលដ្ឋានខេត្តកំពុងស្ពឺនាពេលបច្ចុប្បន្ននេះ បាននិងកំពុងទាក់ទាញគម្រោងវិនិយោគលើវិស័យអចលនទ្រព្យយ៉ាងផុលផុស ស្របពេលដែលអាជ្ញាធរ បានកំពុងជំរុញឱ្យរោងចក្រ សហគ្រាស ឃ្លាំង និងតំបន់សេដ្ឋកិច្ចពិសេសទៅបោះទីតាំងនៅទីនោះ។
១) កំណាត់ផ្លូវជាតិលេខ៤
ផ្លូវជាតិលេខ៤នៅតែត្រូវបានចាត់ទុកថាមានសក្តានុពលខ្ពស់ដែលបានភ្ជាប់តំបន់ពាណិជ្ជកម្មរាជធានីភ្នំពេញទៅកាន់កំពង់ផែអន្តរជាតិក្រុងព្រះសីហនុដែលជាកំពង់ផែទឹកជ្រៅ។ផ្លូវជាតិនេះត្រូវបានតភ្ជាប់ពីរាជធានីភ្នំពេញទៅខេត្តកំពង់ស្ពឺនិងខេត្តព្រះសីហនុ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កំណាត់ផ្លូវជាតិលេខ៤ ក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ កំពុងតែមានទាក់ទាញផ្នែកវិនិយោគទាំង គម្រោងដីឡូត៍ គម្រោងលំនៅដ្ឋាន និងបុរី (ទាំងការរស់នៅ និងការប្រកបអាជីវកម្ម) គម្រោងការ៉ាសសាំងម៉ាតផ្សារមន្ទីរពេទ្យអន្តរជាតិនិងក្នុងស្រុកសាលារៀនព្រោងព្រាតនៅតាមដងផ្លូវជាតិមួយនេះ។
២) ផ្លូវជាតិលេខ៤១
តំបន់ដែលស្ថិតតាមបណ្តោយផ្លូវជាតិលេខ៤១ ចាប់ពីចំណុចផ្លូវបំបែកថ្នល់ទទឹង រហូតដល់ផ្លូវជាតិលេខ៣ ភាគច្រើនគឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ លើវិស័យឧស្សាហកម្ម សិប្បកម្ម រោងចក្រ សិប្បកម្ម ឃ្លាំង ដែលស្របតាមការកំណត់ទីតាំងរបស់រដ្ឋាភិបាល ហើយក៏មានគម្រោងអភិវឌ្ឍន៍ វិស័យលំនៅដ្ឋានតម្លៃកម្រិតមធ្យម និងក្រោមមធ្យមផងដែរក៏បានចាប់ផ្តើមនៅតំបន់នេះ។
នៅតំបន់ផ្លូវ៤១ ភាគច្រើនគឺមានគម្រោងពុះដីឡូតិ៍ ច្រើនជាងគម្រោងអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋាន ហើយវិសាលភាពនៃផ្ទៃដីក៏នៅទំនេរច្រើន ជាការពិតតំបន់នេះ ត្រូវបានកំណត់ជាទីតាំងសម្រាប់អនុគ្រោះ និងបម្រើដល់វិស័យឧស្សាហកម្មបន្ទាប់ពីតំបន់ផ្លូវជាតិលេខ៤ ។
៣) ផ្លូវជាតិលេខ ៥១
ផ្លូវជាតិលេខ៥១មានចម្ងាយប្រមាណជាង១៨គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ (គិតពីចោមចៅ ទៅផ្សារថ្នល់ទទឹង) បានក្លាយជាផ្លូវក្រវ៉ាត់ក្រុង ដែលបណ្តុំដោយរោងចក្រ និងសហគ្រាសខ្នាតធំជាច្រើននាំគ្នាទៅវិនិយោគ ដែលជំរុញឱ្យមានសក្តានុពលខ្ពស់លើការវិនិយោគលើវិស័យអចលនទ្រព្យផ្សេងៗ។
ផ្លូវជាតិលេខ៥១នេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹងទៅផ្លូវជាតិលេខ៥ចំណុចផ្សារឧដុង្គ ដែលមានប្រវែង៣៧.៩៥គីឡូម៉ែត្រ ដែលបច្ចុប្បន្នកំពុងបង្ហាញពីសក្ដានុពលអភិវឌ្ឍ និងភាពទាក់ទាញយ៉ាងខ្លាំង ជាមួយនឹងកត្តាប្រជាសាស្រ្ត ភូមិសាស្រ្តរួមទាំងគម្រោងអភិវឌ្ឍន៍នានាជាច្រើន។
៤)ផ្លូវជាតិលេខ៤៤
រដ្ឋបាលខេត្តកំពង់ស្ពឺបាននិងកំពុងជំរុញក្រុមហ៊ុនរោងចក្រសហគ្រាសទៅបោះទីតាំងនៅតាមបណ្តោយផ្លូជាតិលេខ៤៤ដែលកំណាត់ផ្លូវនេះមានប្រវែង៤៨គីឡូម៉ែត្រពីទីរួមក្រុងកំពង់ស្ពឺឆ្ពោះទៅកាន់ស្រុកឱរ៉ាល់ដែលមូលដ្ឋានជំរុញឱ្យមានការវិនិយោគលើវិស័យអចលនទ្រព្យកាន់តែមានសន្ទុះបន្ថែម។
ផ្លូវជាតិលេខ៤៤ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៦ ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ផ្លូវជាតិលេខ៤៤ ចាប់ផ្តើមត្រង់គីឡូម៉ែត្រលេខ៤៨ លើផ្លូវជាតិលេខ៤ ឆ្លងកាត់ក្រុងច្បារមន និងស្រុកចំនួន៤ រួមមាន ស្រុងសំរោងទង ស្រុកឱរ៉ាល់ ស្រុកថ្ពង និងស្រុកឧត្តុង្គ តភ្ជាប់ទៅផ្លូវជាតិលេខ៥ ត្រង់គីឡូម៉ែតលេខ៣៩៕