តំបន់ទេសចរណ៍សំខាន់ចំនួន ៣ រំពឹងថានឹងមានភ្ញៀវទៅលេងច្រើននៅក្នុងថ្ងៃឈប់សំរាកសប្តាហ៍ក្រោយនេះ

0

ដោយវុត្ថា

ភ្នំពេញ៖ តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ ត្រូវបានរំពឹងថា នឹងមានភ្ញៀវទេសចរនៅក្នុងស្រុកធ្វើដំណើរទៅលេងកម្សាន្តច្រើននៅក្នុងឈប់សំរាករយៈពេល ៥ ថ្ងៃនៅសប្តាហ៍ក្រោយនេះ ខណៈដែលអាជ្ញាធរពាក់ព័ន្ធជំរុញឱ្យប្រតិបត្តិករ និងសេវាទេសចរណ៍យកចិត្តទុកដាក់វិធានការការពារជងឺកូវីដ ១៩ របស់ក្រសួងសុខាភិបាល។

លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងនៅថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា តំបន់ទេសចរណ៍សំខាន់ៗចំនួន ៣ របស់កម្ពុជា នឹងទាក់ទាញភ្ញៀវទេសចរទៅលេងកម្សាន្តច្រើន រួមមានតំបន់ឆ្នេរ (កែប កំពត និងព្រះសីហនុ) តំបន់ភូមិឦសាន្ត និងខេត្តសៀមរាប ខណៈពេលនេះ មានភ្ញៀវកក់ផ្ទះសំណាក់ សណ្ឋាគារ និង បឹងហ្គាឡូច្រើន។

លោកស្រីបន្តថា “នៅក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញមានប្រជាពលរដ្ឋយើងកត់ច្រើននៅខាងតំបន់ឆ្នេរ (កែប កំពត និងកំពង់សោម) តំបន់ឦសាន្ត និងខេត្តសៀមរាបក៏មានច្រើនដែរដោយខេត្តមួយនេះ បាននឹងកំពុងរៀបចំព្រឹត្តិការណ៍ ឬកម្មវិធីកំសាន្តសំខាន់ជាច្រើន” ។

លោកស្រីបន្ថែមថា “សម្រាប់ខេត្តសៀមរាបនេះ គឺមានការផ្គត់ផ្គង់ក៏មិនទាន់ពេញដូចខាងតំបន់ឆ្នេរ និងតំនប់ឦសាន្ត នោះទេ ដោយសារតែការផ្គត់នៅក្នុងខេត្តសៀមរាបនេះ មានបរិមាណច្រើន និងផ្គត់ផ្គង់តែសម្រាប់ភ្ញៀវបរទេសនាពេលកន្លងមកនេះ ខណៈបច្ចុប្បន្ននេះមានតែភ្ញៀវនៅក្នុងស្រុក ”។

លោក តុប សុភក្តិ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅថ្ងៃឈប់សំរាកខាងមុខនេះ ក្រសួងទេសចរណ៍មិនទាន់បានកំណត់គោលដៅតំបន់ទេសចរណ៍ខាងណាថាមានប្រជពលរដ្ឋយើងទៅលេងច្រើនោះទេ ខណៈដែលកម្ពុជាមានតំបន់ទេសចរណ៍ច្រើនសម្រាប់បំរើដល់ពួកគាត់។

លោកបន្តថា “ប្រជាពលរដ្ឋយើងអាចទៅលេងកម្សាន្តនៅតាមតំបន់គោលដៅទេសចរណ៍ណាដែលពួកគាត់មានលទ្ធភាពជាក់ស្តែង ដូច្នេះ ហើយក្រសួងមិនទាន់ហ៊ាននិយាយថាពួកគាត់ទៅលេងតំបន់ណានោះទេ តែ ក្នុងរបាយការណ៍ ៧ កន្លងមកនេះ ពលរដ្ឋខ្មែរយើងបានចេញទៅលេងនៅតំបន់ឆ្នេរ និងប៉ែកឦសាន្តប្រទេសច្រើនជាងតំបន់ផ្សេងៗ”។

លោកបន្តថា “ជាមួយគ្នានេះ ក្រសួងទេសចរណ៍ ក៏បានដាក់ចេញនូវវិធានការណ៍មួយចំនួនសម្រាប់ប្រតិបត្តិករទេសចរណ៍ សេវាទេសចរណ៍ និងតំបន់ទេសចរណ៍នៅទូទាំងប្រទេសឱ្យគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ចំពោះការការពារពីការឆ្លងជំងឺកូវីដ ១៩ ផងដែរ”។

ក្រសួងទេសចរណ៍បានជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ពិសេសក្នុងថ្ងៃឈប់សម្រាករយៈពេលវែងខាងមុននេះ ដោយបានដាក់ឲ្យអនុវត្តនូវវិធានសុវត្ថិភាពទេសចរណ៍ចំនួន ៧ប្រភេទសេវាកម្ម សំដៅធានាការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដផង និងផ្តល់សេវាកម្មដល់ទេសចរជាតិ និងទេសចរបរទេស ដែលនឹងទៅទស្សនាកម្សាន្តតាមរមណីយដ្ឋានទេសចរណ៍នានាទូទាំងប្រទេស ប្រកបដោយសុវត្ថិភាព គុណភាព តម្លៃសមរម្យ មានសណ្តាប់ធ្នាប់ អនាម័យ បរិស្ថានល្អ ក្នុងនោះត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងសំអាតដៃ និងរក្សាគម្លាតសង្គម៕

LEAVE A REPLY

Please enter your comment!
Please enter your name here