រយៈ ពេល៤ថ្ងៃនៃឱកាសឈប់សម្រាក ទេសចរជាង១លាន១សែននាក់ចេញដើរកម្សាន្តនៅតំបន់រមណីយដ្ឋានទូទាំងប្រទេស

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ នៅក្នុងរយៈពេល៤ថ្ងៃ នៃឱកាសឈប់សម្រាករយៈពេលវែងសងជំនួសពិធីបុណ្យចូលឆ្នាំខ្មែរឆ្នាំ២០២០ មានទេសចរសរុបចំនួនជាង១លាន១សែននាក់ចេញដើរកម្សាន្តនៅទូទាំងប្រទេស ខណៈ ពេលដែលថ្ងៃសម្រាកទី៤ មានទេសចរជាង៣៣ម៉ឺននាក់។

តាមរយៈ របាយការណ៍ ក្រសួងទេសចរណ៍ បានបង្ហាញ ថា ក្នុងថ្ងៃទី៤នាឱកាសឈប់សម្រាកសងថ្ងៃចូលឆ្នាំខ្មែរ ដែលត្រូវនឹងថ្ងៃទៅ២០ ខែសីហា ឆ្នាំ២០២០ម្សិលមិញនេះ មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋចេញដើរទស្សនាកម្សាន្តនៅទូទៅប្រទេសមានចំនួន ៣៣៤,៣៩១នាក់ ធៀបនឹងថ្ងៃទីបី កើនឡើង ២.៨៦ភាគរយ បើធៀបនឹងថ្ងៃទីពីរ គឺកើនឡើង ២០.៦៨ភាគរយ បើធៀបនឹងថ្ងៃទីមួយ កើនឡើង ៤៣.៣១ភាគរយ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ក្នុងចំណោមភ្ញៀវសរុបមានចំនួនសរុប ៣៣៤,៣៩១នាក់នេះ មានភ្ញៀវជាតិមានចំនួន ៣៣១,៨៣៦នាក់ និងភ្ញៀវអន្តរជាតិមានចំនួន ២,៥៥៥នាក់។

លោករដ្ឋមន្ត្រីបានកត់សម្គាល់ឃើញថា គោលដៅទេសចរណ៍សំខាន់ៗមួយចំនួន រួមមាន៖

* ខេត្តសៀមរាប៖ ៤៥,៣០១នាក់
* ខេត្តកែប៖ ៣៧,៦៧២នាក់
* ខេត្តកំពត៖ ៣៥,៣០១នាក់
* ខេត្តបាត់ដំបង៖ ៣៤,៩៩០នាក់
* ខេត្តព្រះសីហនុ៖ ២៧,០២០នាក់
* ខេត្តពោធិ៍សាត់៖ ១៧,០៦១នាក់
* ខេត្តកោះកុង៖ ១៣,៤១១នាក់
* ខេត្តកណ្តាល៖ ១២,៥៥១នាក់
* ខេត្តព្រះវិហារ៖ ១២,៤៤៨នាក់
* ខេត្តកំពង់ឆ្នាំង៖ ១០,៩១៧នាក់
* ខេត្តរតនគិរី៖ ១០,២២៨នាក់។

លោករដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា «សរុបស្ថិតិភ្ញៀវទេសចររយៈពេលបួនថ្ងៃ ចាប់ពីថ្ងៃទី១៧-២០ ខែសីហា គឺមានចំនួន ១,១៦៩,៨២៤នាក់»។

ចំណែកសភាពការណ៍សន្តិសុខ សណ្ដាប់ធ្លាប់នៅតាមកន្លែងមានភ្ញៀវទៅទស្សនានោះ មិនមានបញ្ហាអ្វីធំដុំនោះឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here