អភិបាលខេត្ត៖ កែបជាខេត្តទេសចរណ៍មួយដ៏ល្បីល្បាញ និងបានទទួលជ័យលាភីជាច្រើនលើឆាកអន្តរជាតិ

0

ដោយវុត្ថា

កែប៖ អភិបាលខេត្តកែប បានឱ្យដឹងថា កែបជាខេត្តទេសចរណ៍មួយដ៏ល្បីល្បាញ និងបានទទួលជ័យលាភីជាច្រើនលើឆាកអន្តរជាតិ និងនៅក្នុងតំបន់ដែលធ្វើអោយមហាជនទូទៅស្គាល់ និងចង់មកសម្រាកកម្សាន្ត។

លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប នៅក្នុងពិធីសម្អាតអនាម័យបរិស្ថាន តាមបណ្តោយឆ្នេរសមុទ្រ និងតំបន់រមណីយដ្ឋានក្នុងខេត្តកែបកាលពីល្ងាចម្សិលមិញនេះឱ្យដឹងថា ដោយខេត្តមានសក្តានុពលបែបនេះហើយបានជំរុញភ្ញៀវជាតិនិងអន្តរជាតិមកកម្សាន្តនៅខេត្តកែប មានចំនួនជាង៤ម៉ឺននាក់ក្នុង១ថ្ងៃ។

លោកបន្តថា ជាមួយនឹងការកើនឡើងនូវចំនួនភ្ញៀវ សម្រាមជាបញ្ហាមួយដ៏សំខាន់ដែលយើងត្រូវយកចិត្តទុកដាក់ដើម្បីរក្សាអនាម័យជូនភ្ញៀវទេសចរអោយមានការពេញចិត្តពេញថ្លើម។

លោកបន្តថា ចំពោះអាជីវករទាំងអស់ត្រូវមានទឹកអាល់កុល សាប៊ូ សម្រាប់ភ្ញៀវលាងសម្អាតដៃ និងត្រូវរៀបចំធុងសំរាមអោយបានល្អ និងមានរបៀបរៀបរយ។ ចំពោះភ្ញៀវទេសចរគួរតែមានម៉ាស់ អាល់កុលឬជែលតាមខ្លួន ដើម្បីការពារជំងឺឆ្លងកូវីដ១៩ ។

លោកបន្ថែមថា តំបន់ឆ្នេរកំសាន្តខេត្តកែបបានរៀបចំយ៉ាងស្អាត ប្រកបដោយអនាម័យ មានសុវត្តិភាព ដោយអនុវត្តន៍តាមប្រសាសន៍សម្តេចតេជោ និងតាមការណែនាំរបស់ក្រសួងសុខាភិបាលអំពីការពារជំងឺកូវីដ១៩ ។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកែបបាននិងកំពុងជំរុញ ផែនការទីផ្សារទេសចរណ៍ខេត្តកែប ២០២០-២០២៤ ដើម្បីរួមចំណែកប្រែក្លាយខេត្តកែបឱ្យទៅជា “គោលដៅទេសចរណ៍លម្ហែរកាយកម្រិតខ្ពស់”ដ៏ទាក់ទាញមួយនៅកម្ពុជា ។

ផែនការទីផ្សារទេសចរណ៍ខេត្តកែបនេះ នឹងដើរតួជាផែនទីបង្ហាញផ្លូវ សម្រាប់ការធ្វើទីផ្សារទេសចរណ៍ ក្នុងរយៈពេល៥ឆ្នាំខាងមុខ ប្រកបដោយទស្សនៈវែងឆ្ងាយ ដើម្បីចង្អុលបង្ហាញ និងរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីទាក់ទាញ “ទីផ្សារទេសចរណ៍មានគុណភាព” តាមរយៈការទាក់ទាញចំណែកទីផ្សារសក្តានុពលដូចជា “ទេសចរលំដាប់ខ្ពស់” “ទេសចរវ័យចំណាស់ ចូលនិវត្តន៍” និង “ ទេសចរធ្វើដំណើរជាមួយគ្រួសារ”។

រដ្ឋាភិបាលតាមរយៈក្រសួងទេសចរណ៍បាន និងកំពុងរៀបចំផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ដើម្បីក្លាយជាគោលដៅទេសចរណ៍ធម្មជាតិ ស្ងប់ស្ងាត់ ប្រណីតកម្រិតខ្ពស់ ប្រកបដោយភាពទាក់ទាញ និងភាពប្រកួតប្រជែងនៅក្នុងតំបន់និងពិភពលោក៕

LEAVE A REPLY

Please enter your comment!
Please enter your name here