ដោយ ៖ រ៉ាណេត
កំពត ៖ គម្រោងអភិវឌ្ឍន៍មណ្ឌលកម្សាន្តនៅតាមតំបន់ឆ្នេរដែលមានទំហំរហូតដល់២០០ហិកតា ក្រោមការបណ្តាក់ទុនវិនិយោគពីសំណាក់ក្រុមហ៊ុនឯកជនក្នុងស្រុក ស្ថិតនៅក្នុងស្រុកទឹកឈូ ខេត្តកំពត បានចាប់ផ្តើមអនុវត្តជាជំហានដំបូងហើយ ខណៈដែលរដ្ឋបាលខេត្តកំពុងរៀបចំបង្កើតសេចក្ដីព្រាងបង្កើតគណៈកម្មការ និងអនុគណៈកម្មកាដើម្បីគ្រប់គ្រងគម្រោងអភិវឌ្ឍន៍នេះ។
តាមរយៈប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានបង្ហើបប្រាប់នៅរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២០នេះ ថា គម្រោងអភិវឌ្ឍន៍បង្កើតមណ្ឌលកម្សាន្តលក្ខណៈធម្មជាតិនៃតំបន់ឆ្នេរ (ឆ្នេរមាស) ដ៏ធំដែលមានទំហំដីសរុបប្រមាណ ២០០ហិកតា នៅភូមិទទឹងថ្ងៃ និងភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ក្រោមការវិនិយោគរបស់ក្រុមហ៊ុន IBG (Cambodia) Co,.Ltd បានចាប់ដំណើរការសាងសង់ក្នុងជំហានដំបូង។
លោក សយ ស៊ីណុល បានបន្តថា “ពេលនេះបើតាមខ្ញុំដឹង ខាងក្រោមហ៊ុនចាប់ចាប់ផ្តើមដំណើរការសាងសង់ក្នុងដំណាក់ដំបូង ដោយធ្វើការឈូសឆាយពង្រីកផ្លូវសម្រាប់ជួយសម្រួលដល់ការដឹកជញ្ជូនដីទៅចាក់បំពេញ និងឈូសឆាយដីវាលពង្រាបជាដើម ដើម្បីបង្កើតជាមណ្ឌលទេសចរណ៍លំដាប់ខ្ពស់ និងមានវិសាលភាពធំធេងប្រចាំនៅក្នុងស្រុកទឹកឈូរហូតដល់ប្រមាណ២០០ហិកតា”។
ជាគ្នានេះផងដែរ លោកបានបង្ហើបប្រាប់ផងដែរថា រហូតមកដល់ពេលបច្ចុប្បន្ននេះ គម្រោងវិនិយោគ និងអភិវឌ្ឍន៍ជាតំបន់ទេសចរធម្មជាតិកម្រិតខ្ពស់ក្រោមការចូលរួមពីសំណាក់ឯកជននៅក្នុងខេត្តកំពតមានចំនួន៨គម្រោងរួចមកហើយ ដែលចំនួននេះមិនបានរាប់បញ្ចូលពីគម្រោងបង្កើតតំបន់លំហែរខ្នាតតូចដែលស្ថិតនៅតាមតំបន់មាត់ព្រែកនោះឡើយ។
ខេត្តកំពតនាពេលបច្ចុប្បន្ននេះ មិនទាន់មានឆ្នេរដូចបណ្តាខេត្តដែលនៅជាប់មាត់សមុទ្រមួយចំនួនរបស់កម្ពុជានោះទេ ហើយទីតំាងឆ្នេរដែលបាននឹងកំពុងរៀបចំនេះ ស្ថិតនៅមិនឆ្ងាយពីទីរួមខេត្ត និងនៅជិតរមណីយដ្ឋានភ្នំបូកគោ ព្រមទាំងនៅមិនឆ្ងាយពីរមណីយដ្ឋានទឹកឈូនោះទេ ពោលគឺមានទីតំាងល្អសម្រាប់ភ្ញៀវទេសចរមកកំសាន្ត។ នៅពេលភ្ញៀវទេសចរមកលេងនៅក្នុងតំបន់ឆ្នេរនេះកាន់តែច្រើន នឹងផ្តល់ចំណូលដល់ពលរដ្ឋមូលដ្ឋានឱ្យមានការរីកចំរើន ហើយម្យ៉ាងវិស័យទេសចរណ៍ បានចូលរួមនៅក្នុងកំណើនសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ តាមរយៈការផ្តល់ឱកាសការងារជូនពលរដ្ឋ និងសហគមន៍ទេសចរណ៍ នៅក្នុងមូលដ្ឋានបានកាត់តែច្រើន៕