ដោយ ៖ គង់ ម៉ាលីន
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានស្នើ និងធ្វើការណែនាំដល់បណ្តាក្រសួង ស្ថាប័នរដ្ឋទាំងអស់ត្រូវព្យាយាមកាត់បន្ថយការចំណាយនានាឱ្យបានកាន់តែច្រើននៅក្នុងឆ្នាំ២០២១ ខាងមុខនេះ ពោលគឺឱ្យនៅសល់ត្រឹមពាក់កណ្តាលធៀបទៅនឹងឆ្នាំកន្លងទៅ។
រដ្ឋលេខាធិការប្រចាំការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក វង្សី វិស្សុត បានមានប្រសាសន៍ថា សម្រាប់ការគ្រប់គ្រងថវិការបស់រដ្ឋសភានៅក្នុងឆ្នាំ២០២១ខាងមុខនេះ គឺមានភាពប្រែប្រួលខុសគ្នាកាលពីឆ្នាំកន្លងទៅ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាល ក៏បានធ្វើការណែនាំដល់ក្រសួង និងស្ថាប័នរដ្ឋទាំងអស់ ត្រូវធ្វើការកាត់បន្ថយការចំណាយរបស់ខ្លួនឱ្យនៅត្រឹមពាក់កណ្តាលធៀបនឹងឆ្នាំកន្លងទៅ។
ការលើកឡើងខាងលើនេះត្រូវបានធ្វើឡើងនៅក្នុងប្រជុំពិភាក្សាគ្នានាពេលថ្មីៗកន្លងមកអំពីការគ្រប់គ្រងថវិការបស់រដ្ឋសភាសម្រាប់ឆ្នាំ២០២១ របស់គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ដឹកនាំដោយលោកកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការ និងមន្ត្រីជំនាញនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាដឹកនាំដោយ លោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា។
លោក វង្សី វិស្សុត បានបញ្ជាក់ថា “មូលហេតុដែលតម្រូវឱ្យមានការកាត់បន្ថយការចំណាយនេះ គឺដោយសារការឆ្លងរីករាលដាល នៃជំងឺ Covid-19 បានធ្វើឱ្យ សេដ្ឋកិច្ចកម្ពុជារងផលប៉ះពាល់យ៉ាងខ្លាំងលើការប្រមូលចំណូលចូលថវិកាជាតិ ដូច្នេះរាជរដ្ឋាភិបាល ក៏បានធ្វើការកាត់បន្ថយថវិកាចំណាយតាមបណ្តាក្រសួងស្ថាប័នរដ្ឋនូវការចំណាយមួយចំនួនដែលមិនចាំបាច់ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចជាតិ”៕