សម្ដេចតេជោ ហ៊ុន សែន សម្រេចលើកពេលពិធីបុណ្យសមុទ្រនៅខេត្តព្រះសីហនុទៅឆ្នាំក្រោយ

0

ដោយ ៖ រ៉ាណេត

ភ្នំពេញ ៖ ពិធីរៀបចំពិធីសមុទ្រលើកទី៩ជុំទី៣នៅខេត្តព្រះសីហនុ ត្រូវបានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចលើកពេលប្រារព្វទៅឆ្នាំក្រោយវិញ ដើម្បីបង្ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរពីជំងឺ Covid-19។

តាមរយៈសេចក្ដីជូនដំណឹងដែលចេញដោយទីស្ដីការគណៈរដ្ឋមន្ត្រីផ្ញើជូនក្រសួងទេសចរណ៍ និងត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះបានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកពេលនៃការរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣នៅខេត្តព្រះសីហនុនាតំបន់អូរត្រេះនៅចុងឆ្នាំ២០២០នេះ នឹងត្រូវធ្វើឡើងនៅក្នុងខែធ្នូ ឆ្នាំ២០២១វិញ។

នៅក្នុងលិខិតដដែលបានបញ្ជាក់ថា ក្រសួងទេសចរណ៍ ដោយទទួលបានការអនុញ្ញាតជាគោលការណ៍ពីរាជរដ្ឋាភិបាល ក្រសួងគ្រោងនឹងរៀបចំពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ នេះ ក្នុងអំលុងខែធ្នូ ឆ្នាំ២០២០។ ប៉ុន្តែដោយពិនិត្យឃើញថា សភាពការណ៍វិវត្តនៃជំងឺ Covid-19 នៅប្រទេសខ្លះក្នុងតំបន់ និងពិភពលោកនៅពុំទាន់បង្ហាញភាពធូរស្រាលនៅឡើយ និងតាមការស្ទាបស្ទង់ បណ្តាប្រទេសជាមិត្តដែលធ្លាប់បានចូលរួមពិធីបុណ្យសមុទ្រនៅកម្ពុជាកន្លងមក គឺពុំទាន់មានភាពច្បាស់លាស់ប្រាកដថា នឹងអាចមកចូលរួមបានផងដែរនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានសម្រេចលើកពេលរៀបចំបុណ្យសមុទ្រនេះទៅឆ្នាំក្រោយវិញ។

ម្យ៉ាងទៀតពិធីបុណ្យសមុទ្រ ដែលកន្លងមកកម្ពុជាតែងបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដោយផ្លាស់ប្តូរវេនគ្នានៅតាមបណ្តាខេត្តទាំងបួនជាប់ឆ្នេរសមុទ្រ គឺជាព្រឹត្តិការណ៍ មានលក្ខណៈជាអន្តរជាតិ មានការចូលរួមពីអង្គការឆ្នេរសមុទ្រអន្តរជាតិ និងប្រទេសមួយចំនួនពីតំបន់អាស៊ាន និងអាស៊ីផងដែរ។

សេចក្ដីដូចបានជម្រាបខាងលើនេះ សូមប្រជាពលរដ្ឋ ទេសចរជាតិ និងអន្តរជាតិ ក៏ដូចជាបណ្តាក្រុមហ៊ុនភ្នាក់ងារសេវាអាជីវកម្មទេសចរណ៍សូមជ្រាបជាព័ត៌មាន។ សេចក្ដីលម្អិតមានបញ្ជាក់នៅក្នុងសេចក្ដីជូនដំណឹងដូចខាងក្រោមនេះ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here