ដោយវុត្ថា
ភ្នំពេញ៖ ប្រទេសកម្ពុជា បាននឹងកំពុងអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម (CBD) កាន់តែច្រើននៅក្នុងប្រទេស ដែលជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និងអចលនទ្រព្យកាន់តែច្រើន និងមានភាពល្អប្រសើរ ជាពិសេសនៅក្នុងរាជធានីខេត្តដែលជាប៉ូលសេដ្ឋកិច្ច។
លោក ឡុង គឺមសួគ៌ អគ្គនាយកក្រុមហ៊ុន Century21 Advance បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ការអភិវឌ្ឍន៍ឱ្យមានតំបន់ពាណិជ្ជកម្មនៅក្នុងប្រទេសកម្ពុជា ជាសញ្ញាវិជ្ជមានក្នុងការទាក់ទាញវិនិយោគិនជាតិ និងអន្តរជាតិ និងទេសចរណ៍ ជាពិសេសទាក់ទាញគម្រោងវិនិយោគលើវិស័យសំណង់ និងអចលនទ្រព្យ។
លោកបន្តថា “នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ មិនទាន់មានតំបន់ពាណិជ្ជកម្ម (CBD) ច្រើននោះទេ បើធៀបជាមួយនឹងបណ្តាប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ាន ហើយការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនេះ នឹងជួយជំរុញឱ្យមានការអភិវឌ្ឍន៍លើវិស័យអចលនទ្រព្យកាន់តែច្រើនបន្ថែមទៀត” ។
លោកបន្ថែមថា “នៅពេលមានការអភិវឌ្ឍន៍ តម្រូវការលើវិស័យអចលនទ្រព្យកាន់មានភាពរស់រវើក ដែលប្រមូលប្តុំទៅដោយមនុស្ស សម្ភារៈប្រើប្រើសទំនើបៗ និង ទាន់សម័យសម័យ និងជាពិសេសទាក់ទាញទេសចរណ៍ទាំងជាតិ និងអន្តរជាតិ”។
លោកបញ្ជាក់ទៀតថា “ម្យ៉ាងទៀត នៅពេលមានការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនេះ ក៏ជំរុញឱ្យរដ្ឋាភិបាលបង្កើតច្បាប់កាន់តែច្រើនផងដែរ ដើម្បីការពារអ្នកវិនិយោគ និងប្រជាពលរដ្ឋផងដែរ ខណៈដែលវិនិយោគ គិតគូពីចំណូល និងមុខមាត់ចំពោះជំនួញរបស់ខ្លួន”។
លោកស្រី អាន សុធិតា នាយិការក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងដែរថា ជាការពិត ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្មនៅក្នុងប្រទេសនឹងជួយជំរុញឱ្យមានការអភិវឌ្ឍវិស័យសំណង់ និង អចលនទ្រព្យ តែយ៉ាងណាបើមានការអភិវឌ្ឍនតំបន់ពាណិជ្ជកម្មកាន់តែច្រើន ក៏ជំរុញឱ្យមានការផ្គត់ផ្គង់ហួសបរិមាណផងដែរ។
លោកស្រីបន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍តំបន់ពាណិជ្ជកម្ម នៅមានកម្រិតនៅឡើយបើធៀបជាមួយបណ្តាប្រទេសនៅក្នុងតំបន់អាស៊ាន ដែលទាមទាឱ្យមានការអភិវឌ្ឍន៍កាន់តែច្រើនថែមទៀត តែនៅក្នុងអំឡុងពេលនេះ (ជំងឺកូវីដ ១៩ ) ហាក់មានការលំបាកបន្តិច” ៕