ដោយវុត្ថា
ភ្នំពេញ៖ អ្នកជំនាញនៅតែមើលឃើញតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញមានសក្តានុពលខ្ពស់លើការវិនិយោគវិស័យដីធ្លី ខណៈតំបន់នេះមានគម្រោងអភិវឌ្ឍនធំៗរបស់រាជរដ្ឋាភិបាល និងឯកជនជាច្រើនបាននិងកំពុងលេចចេញជារូបរាងបណ្តើរៗ។
លោក ឃាង ពុទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានប្រាប់គេហទំព័រ propertyarea.asia នៅថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២០នេះ ឱ្យដឹងថា នៅទិសទាំង ៤ នៃរាជធានីភ្នំពេញ កំពុងមានសក្តានុពលខ្ពស់ចំពោះការវិនិយោគដីធ្លី តែចាប់តាំងពីប្រមុខនៃរាជរដ្ឋាភិបាលចុះទៅពិនិត្យគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅភាគខាងត្បូងនៃរាជធានីភ្នំពេញបានធ្វើឱ្យ វិស័យដីធ្លីនៅតំបន់នេះមានសក្តានុលខ្ពស់។
លោកថ្លែងថា “បើតាមការមើលស្ថានភាពជាក់ស្តែង កាលពីពេលថ្មីៗនេះ សម្តេចតេជោ បានដឹកនាំគណប្រតិភូចុះទៅពិនិត្យមើលគម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ហើយចាប់ពីហ្នឹងមកនេះ វិស័យដីធ្លីហាក់មានកំរើកខ្លាំង”។
លោកបន្តថា “បើនិយាយពីតម្លៃដីធ្លីវិញនៅធូរថ្លៃ បើទិញទុក អាចលក់យកចំណេញបាន តែបើនិយាយពីសក្តានុពលខ្លាំងវិញនៅម្តុំផ្សារទំនើបអ៉ីអន២ ដែលបច្ចុប្បន្ននេះ គេកំពុងធ្វើផ្លូវពីគម្រោងកាំកូស៊ី ទៅគម្រោង ហ្គ្រេនភ្នំពេញ”។
លោកបញ្ជាក់ទៀតថា “អ្នកមួយចំនួនលើកឡើងថា ដីធ្លីនៅម្តុំព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមានសក្តានុពលចំពោះការវិយោគ តែ បើដីនោះមានរូបរាង ឬទ្រង់ទ្រាយមិនល្អ ក៏វាមិនមានតម្លៃថ្លៃផងដែរ”។
ជាមួយនឹងតំបន់ដែលមានសក្តានុពលវិនិយោគលើវិស័យដីធ្លីនេះ លោកព្រមានដែរថា “អ្នកវិនិយោគត្រូវពិនិត្យមើលពីបច្ចេកទេស លក្ខណៈដីធ្លី និងទីតាំងភូមិសាស្ត្រដីធ្លីឱ្យបានម៉ត់ចត់ មុននឹងសម្រេចចិត្តទិញ ហើយលក់ទៅវិញទើបវាលក់ទៅវិញទទួលបានផលចំណេញ”។
លោកបន្ថែមថា “ យើងមិនអាចចេះតែនិយាយឱ្យដីធ្លីមានតម្លៃ និងសក្តានុពលនោះទេ ខណៈដីដែលនៅតំបន់ដែលមានសក្តានុពល ដូចអ៉ីអន២ ឬ ដីនៅបឹងកេងកង ឬ ទួលគោកក៏មានកន្លែងខ្លះ វាមិនល្អផងដែរ” ។
លោកបញ្ជាក់ទៀតថា “តំបន់ភាគខាងត្បូងនេះ ក៏មានគម្រោងវិនិយោគលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវក្រវ៉ាត់ក្រុង) ក៏ជំរុញឱ្យវិស័យដីធ្លីមានសក្តានុពលខ្ពស់ ។ អ្នកវិនិយោគគួរតែគិតគូស្វែងរកដីធ្លីនៅតាមផ្លូវនេះ ដើម្បីទិញទុកលក់យកចំណេញ តែមិនប្រាកដថា វាមានសក្តានុពលខ្ពស់ទាំងអស់ដែរ មុននឹងសម្រេចចិត្តលើការវិនិយោគ ត្រូវពិនិត្យមើលលក្ខណៈទ្រង់ទ្រាយដី ឯកសារពាក់ព័ន្ធផ្សេងៗ និងទីតាំងឱ្យបានច្បាស់លាស់”៕