ដោយវុត្ថា
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអះអាងថា កម្ពុជាស្ថិតនៅស្ថានភាពល្អប្រសើរ បើសិនប្រៀបធៀបទៅនឹងប្រទេសដទៃមួយចំនួនលើវិស័យហិរញ្ញវត្ថុ នៅសម័យ Covid-19។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០២០នេះ បានឱ្យដឹងថា នៅក្នុងអំឡុងពេលមានវិបត្តិនេះ កម្ពុជាមិនបានស្នើដល់ម្ចាស់បំណុល ក្នុងកិច្ចពន្យាការបង់ប្រាក់កម្ចី ឬកាតព្វកិច្ចហិរញ្ញវត្ថុអន្តរជាតិនោះទេ។
សម្តេចតេជោបន្តថា កម្ពុជានៅតែមានសកម្មភាពដ៏សកម្មក្នុងកិច្ចបញ្ចេញសាច់ប្រាក់គាំទ្រកម្មវិធីវិនិយោគ ដូចជានៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (កំពង់សោម-សៀមរាប) ជាដើម។
សម្តេចតេជោ បន្ថែមទៀតថា មិនតែប៉ុណ្ណោះ នៅក្នុងវិស័យហិរញ្ញប្បទានក៏មានសកម្មភាពរស់រវើកដូចជាការសង្រ្គោះជនក្រីក្រនិងងាយរងគ្រោះ និងកិច្ចបណ្ដាក់ទុនសាធារណៈ ក្នុងការកសាងផ្លូវថ្នល់ ប្រឡាយទឹក ឬគម្រោងខ្នាតតូចនៅតាមមូលដ្ឋានជាដើមនោះ ទោះបីនៅក្នុងសម្ពាធនៃជំងឺ Covid-19 ។
សម្តេចតេជោ បញ្ជាក់ទៀតថា រីឯការចំណាយចរន្តដូចជាប្រាក់បៀវត្សមន្រ្តីរាជការ នៅតែរក្សាបានប្រក្រតីភាព ក្នុងការទទួលបានបៀរវត្សពីរដងក្នុងមួយខែ៕